ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​វៀតណាម​ជំរុញ​ឱ្យ​ទិញ​ផលិតផល​អា​មេ​រិ​ក​បន្ថែម ដើម្បី​តុល្យភាព​ពាណិជ្ជកម្ម

10 ម៉ោង មុន

ប្រទេស​វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) កាលពី​ថ្ងៃ​ទី​២៩…

ប្រទេស​វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ បាន​ជំរុញ​ថា វៀតណាម​ត្រូវការ​ទិញ​ផលិតផល​សំខាន់​ៗ​របស់​អា​មេ​រិ​ក​បន្ថែម​ទៀត រួម​ទាំង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) យន្តហោះ និង​ឱសថ​ជាដើម ដើម្បី​ជា​ប្រយោជន៍​ដល់​តុល្យភាព​ពាណិជ្ជកម្ម​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress និង VOV បាន​ចេញផ្សាយ ។

នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ កន្លង​ទៅ ដើម្បី​ពិភាក្សា​អំពី​ពន្ធគយ​ទៅ​វិញ​ទៅ​មក​របស់​អា​មេ​រិ​ក នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ថ្លែង​ថា ការ​ចរចា​ពាណិជ្ជកម្ម​របស់​វៀតណាម​កំពុង​ដំណើរការ​ល្អ ប៉ុន្តែ​កិច្ចសន្យា​នាំ​ចូល​ផលិតផល​អា​មេ​រិ​ក​គឺ​ចាំបាច់​ដើម្បី​ធានា​ថា ការ​ចរចា​បន្ត​ទៅ​មុខ​ដោយ​រលូន​។

រដ្ឋបាល​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​សម្រេច​ផ្អាក​រយៈពេល​៩០​ថ្ងៃ ចំពោះ​អត្រាពន្ធគយ​ខ្ពស់​ដែល​បាន​ប្រកាស​លើ​ដៃគូ​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក រួម​ទាំង​ប្រទេស​វៀតណាម​ផង​ដែរ ដោយ​អត្រា​បណ្តោះអាសន្ន​បច្ចុប្បន្ន​គឺ​នៅ​ត្រឹម ១០%​។ ប្រតិភូ​វៀតណាម​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១ ខែឧសភា ខាង​មុខ​នេះ សម្រាប់​ការ​ចរចា​លើ​ពាណិជ្ជកម្ម​ទ្វេភាគី ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ស្វែងរក​ការ​ចរចា ដើម្បី​ធ្វើ​ឱ្យ​ពន្ធ​នាំ​ចូល​របស់​ប្រទេស​ទាំង​ពីរ​មាន​តុល្យភាព និង​អត្រា​ទាប​។

នាយក​រដ្ឋមន្ត្រី​វៀតណាម​ជំរុញ​ឱ្យ​មានការ​បញ្ចប់​ឱ្យ​បាន​ឆាប់​នូវ​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​នៅ​ត្រឹម​ខែឧសភា ឆ្នាំ​២០២៥ សម្រាប់​ផលិតផល​នាំ​ចេញ​សំខាន់​ៗ​របស់​អា​មេ​រិ​ក ដូច​ជា ឧស្ម័ន​ធម្មជាតិ​រាវ យន្តហោះ ឱសថ ឧបករណ៍​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ និង​ផលិតផល​កសិកម្ម សំដៅ​សម្រេច​បាន​តុល្យភាព​ពាណិជ្ជកម្ម​ប្រកបដោយ​និរន្តរភាព​។ លោក​បាន​សង្កត់ធ្ងន់​ថា ត្រូវ​តែ​ផ្តល់​អាទិភាព​ដល់​អធិបតេយ្យភាព​ជាតិ សន្តិសុខ និង​ផលប្រយោជន៍​ជាតិ និង​រក្សា​ការ​ប្តេជ្ញា​ចិត្តជា​អន្តរជាតិ​របស់​វៀតណាម​។

លើស​ពី​នេះ​ទៀត នាយក​រដ្ឋមន្ត្រី​វៀតណាម​ក៏​បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​វៀតណាម​ក្នុង​ការ​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាស៊ាន និង​ដៃគូ​ក្នុង​តំបន់ ដើម្បី​ធានា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក ស្រប​តាម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ