ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រដ្ឋសភា​ជាង​១០០​នាក់​ត្រូវ​ដាក់​ឈ្មោះ​ឱ្យ​ចូល​​និវត្តន៍​និង​លាឈប់​

21 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២០​ខែ​មកនេះ បន្ទាប់​ពី​សភា​ធ្វើ​កំណែទម្រង់ និង​លើ​កម្ពស់​អភិបាលកិច្ច​ល្អ មាន​មន្ត្រី​ជាង​១០០​នាក់​ត្រូវ​បាន​លប់ឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​ការងារ​ដាក់​ឱ្យ​ចូល​និវត្តន៍…

រាជធានី​ភ្នំពេញ ៖ សម្ដេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២០​ខែ​មកនេះ បន្ទាប់​ពី​សភា​ធ្វើ​កំណែទម្រង់ និង​លើ​កម្ពស់​អភិបាលកិច្ច​ល្អ មាន​មន្ត្រី​ជាង​១០០​នាក់​ត្រូវ​បាន​លប់ឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​ការងារ​ដាក់​ឱ្យ​ចូល​និវត្តន៍ ឬ​ស្នើ​លាឈប់​ដោយ​ខ្លួនឯង ។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​ត្រួតពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​ស្ថាប័ន នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ នៅ​សាល​ប្រជុំ​អគារ​រដ្ឋបាល​សភា​ថ្មី សម្ដេច​សភាធិបតី ឃួ​ន សុ​ដា​រី ថា ក្នុង​ចំណោម​មនុស្ស​ជាង​១០០​នាក់​នោះ​មានឈ្មោះ​ខ្មោច​២០​នាក់ និង​ក្រៅពី​នោះ​មាន​មួយ​ចំនួន​រក​ឃើញ​ថា ទៅ​ធ្វើ​ការងារ​ផ្សេង​ពី​ការ​ការងារ​នៅ​អគ្គលេខា​ធិការដ្ឋាន​សភា ។

សម្ដេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា​៖ «​អ្នកខ្លះ​ពេល​ដែល​វិភាគ​មុខងារ​ទៅ​រក​ឃើញ​។​កាល​មុន​ស្រួល​ត្រង់​ថា​មានឈ្មោះ​ក្រប​ខណ្ឌ​ទៅ​តែ​ទៅ​ធ្វើ​ការងារ​ផ្សេង​ទៅ​ដើម្បី​បង្គ្រប់​ចំណាយ ឬអី​ផ្សេង​ទៅ​ខ្ញុំ​អត់​ដឹង​ទេ​តែ​ឥឡូវ​អត់​បាន​។ ដល់​អត់​បាន​ចឹ​ង​ខ្ចិ​ល​គាត់​សុំ​ឈប់​តែ​ម្ដង អ្នកខ្លះ​គាត់​សុំ​ព្យួរការងារ​»​។

ការ​ធ្វើ​បែប​នេះ ត្រូវ​បាន​សម្ដេច​ប្រធាន​រដ្ស​ភា​បាន​បន្ថែម​ថា វិធាន​នេះ​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​សន្សំ​ថវិការ​ជាតិ ពង្រឹង​ប្រសិទ្ធភាព​ការងារ ការ​លើកកម្ពស់​គោលការណ៍​ជ្រើសរើស​មន្ត្រី​ដោយ​ផ្អែក​លើ​ស្នាដៃ​និង​សមត្ថភាព ភាព​យុត្តិធម៌ គណនេយ្យ​ភាព តម្លាភាព ឱកាស​ស្មើគ្នា​ក្នុង​ការ​ទទួល​បានការ​លើកទឹកចិត្ត និង​ជំរុញ​កំណែទម្រង់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​មិន​មានការ​រើសអើង​។

នៅ​ក្នុង​ឱកាស​នេះ​ដែរ សម្តេច​ប្រធានរដ្ឋសភា​បាន​ផ្តល់​គន្លឹះ​ចំនួន​៦ (​ប្រាំមួយ​) ចំណុច សម្រាប់​ពិភាក្សា​ក្នុង​វេទិកា​នា​ថ្ងៃនេះ មាន​ដូច​ខាងក្រោម​៖

ទី​១.​ដំណើរការ​កំណែទម្រង់​របស់​យើង គឺ​ដើម្បី​បង្រួបបង្រួម និង លើកកម្ពស់​សាមគ្គីភាព មិនមែន​ជា​លេស​សម្រាប់​ការ​បំបែកបំបាក់ ឬ ការ​បែងចែក​បក្សពួក​នោះ​ទេ​។ ដូច្នេះ ការ​ប្រកាន់​យក​គោលការណ៍​ច្បាប់ គុណា​ធិ​ប​តេ​យ្យ ភាព​ត្រឹមត្រូវ យុត្តិធម៌ សមធម៌ និង​តម្លាភាព គឺជា មូលដ្ឋាន​គ្រឹះ នៃ​ការ​ធ្វើ​កំណែទម្រង់​ដ៏​ជោគជ័យ និង​ការ​កសាង​បរិយាកាស ការងារ​ពោរពេញ​ដោយ​សាមគ្គីភាព និង​ភាព​សុខដុមរមនា​។ ក្នុង​ន័យ​នេះ អ្នកដឹកនាំ​គ្រប់​ជាន់ថ្នាក់ មាន​កាតព្វកិច្ច​ដ៏​សំខាន់ ក្នុង​ការ​ប្រតិបត្តិ​ការងារ ដោយ​ផ្អែក​លើ​គោលការណ៍​ជា​មូលដ្ឋាន​ជា​និច្ច​។

ទី​២.​ការ​ពង្រឹង​កំណែទម្រង់​សេវា​សាធារណៈ ត្រូវ​ជំរុញ​ការ​លើកកម្ពស់ គុណា​ធិ​ប​តេ​យ្យ យុត្តិធម៌ និង​មាន​ប្រព័ន្ធ​លើកទឹកចិត្ត ផ្អែក​លើ​សមត្ថភាព និង​សមិទ្ធកម្ម​។ គោលដៅ​សំខាន់ គឺ​ធានា​ថា គោលនយោបាយ​លើកទឹកចិត្ត ត្រូវ​បាន​ផ្តល់​ជូន​ដល់​បុគ្គលិក មន្ត្រីរាជការ​ដែល​ខិតខំ​ប្រឹងប្រែង និង​មាន​ស្នាដៃ​ល្អ តាម​រយៈ​ការ​ជំរុញ​ការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ពី​ប្រសិទ្ធភាព​ការងារ ក្នុង​រដ្ឋបាល​សាធារណៈ​ជា​ប្រព័ន្ធ​។ ក្នុង​ន័យ​នេះ មន្ត្រី រាជការ​ត្រូវ​បានការ​ពារ​ដោយ​យុត្តិធម៌ ហើយ​អ្នក​ដែល​មាន​សមត្ថភាព ទទួល​បានការ​ទទួលស្គាល់ និង​មានការ​លើកទឹកចិត្ត​សម​ស្រប​។

ទី​៣.​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​ការងារ ដែល​កាន់តែ​មាន​ភាព ស្មុគស្មាញ និង​ប្រឈម​ខ្លាំង​នា​ពេល​ខាង​មុខ យើង​ត្រូវ​តែ​ជំរុញ​ពិពិធ​ភាព និង​បរិ​យា​បន្ន ក្នុង​ក្រសួង​-​ស្ថាប័ន ទាំង​សមត្ថ​ភាព​ជំនាញ បទ​ពិសោធន៍ និង ទស្សនៈ និង​ធានា​នូវ​បរិយាកាស​ការងារ​មួយ មាន​ថ្នាក់ដឹកនាំ និង​មន្ត្រី មាន​ឆន្ទៈ​ពិតប្រាកដ ចិត្ត​មោះមុត និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​បំពេញ តួនាទី​ភារកិច្ច​របស់​ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ការ​ស្វែងរក និង រក្សា​មន្ត្រី ដែល​មាន​ជំនាញ និង​សមត្ថភាព​ខ្ពស់​ឱ្យ​ចូលរួម​បម្រើសេវា សាធារណៈ គឺជា​អាទិភាព​ចំបង ដោយ​ការ​ធ្វើ​បែប​នេះ ជា​កត្តាចាំបាច់ ដើម្បី​ធានា​ថា វិស័យ​សាធារណៈ​សម្បូរ​ទៅ​ដោយ​ជំនាញ​ចម្រុះ ដែល ដើរតួ​នាទី​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ទី​៤.​ការ​ពង្រឹង​ការ​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​សាធារណៈ ត្រូវធ្វើ ឡើង តាម​រយៈ​ការ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល ដែល​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ ដោយ​ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់ ភាព​ជា​អ្នកដឹកនាំ​ប្រកប ដោយ​ភាព​ផ្លាស់​ប្តូរ (Transformative Leadership) និង​នវានុវត្តន៍ (Innova​tion)​។ ការ​វិនិយោគ​ធនធាន​បន្ថែម​ទៀត លើ​ការ​បណ្តុះបណ្តាល ភាព​ជា​អ្នកដឹកនាំ​សម្រាប់​មន្ត្រីរាជការ គឺជា​កិច្ចការ​ចាំបាច់ ដើម្បី​បណ្តុះ​នូវ ផ្នត់គំនិត​ពង្រឹងសមត្ថភាព​ខ្លួនឯង (​ឆន្ទៈ និង​សមត្ថភាព​ក្នុង​ការ​រៀនសូត្រ​) និង​វប្បធម៌​នៃ​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់ ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ និង​បញ្ហា​ប្រឈម​នានា ព្រមទាំង ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន​ឱ្យ​កាន់តែ​រឹង​មាំ និង​ប្រកបដោយ​ភាព​ធន់​។

ទី​៥.​យើង​ត្រូវ​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​អន្តរ​វិស័យ និង​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​» ឱ្យ​បាន​កាន់តែ​សកម្ម និង​ខ្លាំងក្លា ដើម្បី ជំរុញ​ទំនើប​កម្ម​ស្ថាប័ន​សាធារណៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​សន្ទុះ ខ្លាំង​ថែម​ទៀត​។ តាម​រយៈ​ការ​រួបរួម​គ្នា​ទាំង​ចក្ខុវិស័យ ទស្សនៈ គោលដៅ និង​គុណ​តម្លៃ​រួម ដោយ​ឈរ​លើ​គោលការណ៍​ជា​មូលដ្ឋាន​ច្បាស់លាស់ យើង​ទាំងអស់​គ្នា​អាច​ចូលរួម​ចំណែក ធ្វើ​ឱ្យ​ស្ថាប័ន​សាធារណៈ​មាន ភាព​ធន់ រឹង​មាំ ហើយ​ការ​ផ្តល់​សេវា​សាធារណៈ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។

និង​ទី​៦.​ស្ថាប័ន​នីតិបញ្ញត្តិ​និង​នីតិប្រតិបត្តិ ត្រូវ​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​យុទ្ធសាស្ត្រ និង​គោលនយោបាយ ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ធ្វើ​កំណែទម្រង់ និង​ជំរុញ​នវានុវត្តន៍ ក្នុង​វិស័យ សាធារណៈ សំដៅ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​ការ​រំពឹង​ទុក​របស់​ប្រជាពលរដ្ឋ ដែល​មានការ​កើនឡើង​កាន់តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ