ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមដោយឈរលើគោលការណ៍យុត្តិធម៌ស្មើភាពគ្នា។ លោកចង់មានន័យថាមិនត្រូវធ្វើកាដូសម្រាប់លោកពូទីនទេ។ ថ្លែងដូច្នេះត្រូវគេគិតថាជាការច្រានចោលលទ្ធភាពនៃការកាត់ទឹកដីរបស់អ៊ុយក្រែនដើម្បីជាការដោះដូរយកសន្តិភាព។ លោកហ្សេឡិនស្គីថ្លែងថាយើងទាំងអស់គ្នាសុទ្ធតែចង់បញ្ចប់សង្គ្រាមដោយយុត្តិធម៌ដោយគ្មានការផ្ដល់កាដូសម្រាប់លោកពូទីនទេ ជាពិសេស គ្មានការផ្ដល់ដី (ទៅឱ្យរុស្ស៊ី)។
លោកហ្សេឡិនស្គីថ្លែងដូចខាងលើនេះនៅក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធវីឌីអូពីចម្ងាយដែលរៀបចំឡើងដោយប្រទេសប៉ូឡូញ។ ការថ្លែងដូច្នេះស្របពេលដែលមានដំណឹងថាអាមេរិកស្នើសុំឱ្យភាគីទាំង២បញ្ឈប់ការផ្ទុះអាវុធនៅគ្រប់សមរភូមិ។ អាមេរិកសុខចិត្តទទួលស្គាល់តំបន់គ្រីម៉េជាទឹកដីរុស្ស៊ីដោយស្របច្បាប់។ តំបន់នេះត្រូវរុស្ស៊ីដាក់បញ្ចូលជាទឹកដីរបស់ខ្លួនតាំងពីឆ្នាំ២០១៤។
ទោះបីលោកហ្សេឡិនស្គីធ្លាប់ប្រកាសបដិសេធជាច្រើនដងថាមិនប្រគល់គ្រីម៉េទៅរុស្ស៊ីក៏ដោយ ប៉ុន្តែក្រោយកិច្ចជំនួបនៅទីក្រុងរ៉ូម លោកត្រាំគិតថាលោកហ្សឡិនស្គីហាក់ដូចជាមិនជំទាស់តទៅទៀតចំពោះបញ្ហានេះ។ លោកត្រាំថ្លែងថានៅពេលជួបគ្នានោះ លោកហ្សេឡិនស្គីហាក់ដូចជាចាស់ចិត្តចាស់គំនិតជាងមុន និងមិនប្រកែកគ្នាជាមួយលោកដូចកាលពីមុនទេ។
ប្រភពខ្លះបង្ហើបឱ្យដឹងថាមិនត្រឹមតែគ្រីម៉េមួយប៉ុណ្ណោះទេដែលរុស្ស៊ីចង់បាន។ រុស្ស៊ីក៏ទាមទារយកតំបន់ដែលកងទ័ពរបស់ខ្លួនកំពុងត្រួតត្រានៅភាគខាងត្បូង និងភាគខាងកើតផងដែរ។ ប្រភពខ្លះទៀតថាទឹកដីទាំងនោះមិនទាន់ស្ងប់ចិត្តរុស្ស៊ីនៅឡើយទេ។ រុស្ស៊ីចង់បានដីអ៊ុយក្រែនលើសពីនេះទៀត។ អាមេរិកយល់ថាសប្ដាហ៍នេះជាដំណាក់កាលសំខាន់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីចរចាសន្តិភាព។
គួរកត់សម្គាល់ថានៅក្នុងកិច្ចប្រជុំនោះតាមប្រព័ន្ធវីឌីអូនោះ លោកហ្សេឡិនស្គីដាក់ការសង្ស័យថារុស្ស៊ីត្រៀមបើកយុទ្ធនាការចេញពីប្រទេសបេឡារូសនៅរដូវក្ដៅឆ្នាំនេះ។ ប្រភពខ្លះថារុស្ស៊ី និងបេឡារូសត្រៀមធ្វើសមយុទ្ធយោធារួមគ្នានៅខែកញ្ញា។ ប៉ុន្តែលោកហ្សេឡិនស្គីសង្ស័យថានេះគ្រាន់តែជាលេសដើម្បីវាយប្រហារអ៊ុយក្រែនចេញពីបេឡារូសមុនការចរចាសន្តិភាពដើម្បីកាន់កាប់ទឹកដីអ៊ុយក្រែនឱ្យបានច្រើន៕
ចែករំលែកព័តមាននេះ