ទីក្រុងញូដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី បានបើកសិទ្ធិយ៉ាងទូលំទូលាយដើម្បីឱ្យកងទ័ពបើកប្រតិបត្តិការសឹកដោយសេរីទៅតាមការសម្រេចចិត្តរបស់ពួកគេតាមទៅតាមស្ថានភាពជាក់ស្ដែងដើម្បីចាត់ការទៅលើករណីបាញ់ប្រហារស្លាប់មនុស្ស២៦នាក់នៅតំបន់កាស់ស្មៀ។ ខាងលើនេះជាការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌាប្រាប់ទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េ (AFP)។ រដ្ឋភិបាលឥណ្ឌាចាត់ទុកថាប៉ាគីស្ថានជាអ្នកទទួលខុសត្រូវនៅក្នុងការបាញ់ប្រហារនោះ។
មួយសប្ដាហ៍ក្រោយព្រឹត្តិការណ៍ លោកម៉ូឌីបានកោះប្រជុំសម្ងាត់ជាមួយមន្ត្រីកំពូលៗផ្នែកយោធា និងសន្តិសុខជាតិ។ លោកថ្លែងប្រាប់កងកម្លាំងប្រដាប់អាវុធថាពួកគេមានសិទ្ធិស្វ័យសម្រេចយ៉ាងពេញលេញដើម្បីបើកប្រតិបត្តិការសឹកទៅតាមស្ថានភាពជាក់ស្ដែងក្នុងការកំណត់ទំហំនៃការវាយប្រហារ, ពេលវេលានៃការវាយប្រហារ និងគោលដៅនៃការវាយប្រហារទៅលើក្រុមភេរវកម្ម។
រដ្ឋាភិបាលបានបង្ហោះរូបវីឌីអូដែលបង្ហាញមុខលោកម៉ូឌីមានសភាពម៉ឺងម៉ាត់ មិននិយាយលេងសើចទេ នៅពេលលោកជជែកគ្នាជាមួយមេទាហានធំៗ និងរដ្ឋមន្ត្រីការពារជាតិ។ ទាហានឥណ្ឌាថ្លែងថាមានការប្រយុទ្ធគ្នារវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស់ស្មៀ។ ប៉ាគីស្ថានមិនបានបញ្ជាក់ឱ្យបានច្បាស់ថាពិតជាមានការប្រយុទ្ធគ្នាដែរឬទេ។ វិទ្យុប៉ាគីស្ថានគ្រាន់តែផ្សាយដោយខ្លីថាទាហានរបស់ខ្លួនបាញ់ទម្លាក់ដ្រូនមួយគ្រឿងរបស់ឥណ្ឌាដែលហោះចូលដែនអាកាសរបស់ខ្លួន។
វិទ្យុនេះមិនបានបញ្ជាក់ថាតើការបាញ់ទម្លាក់ដ្រូននោះកើតឡើងតាំងពីពេលណាទេ។ ចំណែករដ្ឋាភិបាលទីក្រុងញូដេលីក៏មិនបានធ្វើអត្ថាធិប្បាយទៅលើរឿងនេះដែរ។ ឥណ្ឌាអះអាងថាទាហានប៉ាគីស្ថានចាប់ផ្ដើមផ្ទុះអាវុធនៅតាមព្រំដែនតំបន់កាស់ស្មៀអស់រយៈពេល៥ថ្ងៃជាប់គ្នា។ យោធាឥណ្ឌាថ្លែងថាកម្លាំងរបស់ខ្លួនបានបាញ់កាំភ្លើងតដៃគ្នាដើម្បីជាការឆ្លើយតប។ ប៉ុន្តែគេមិនបានដឹងថាតើការប្រយុទ្ធគ្នានោះបណ្ដាលឱ្យស្លាប់ ឬរបួសប៉ុន្មាននាក់ទេ៕
ចែករំលែកព័តមាននេះ