ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​វៀតណាម គាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កើន​ដល់​២០​ពាន់​លាន​ដុល្លារ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ប្រធានរដ្ឋសភា​វៀតណាម បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កើន​ដល់​២០​ពាន់​លាន​ដុល្លារ​។ ការ​គាំទ្រ​របស់​រដ្ឋសភា​វៀតណាម​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ខណៈ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ…

រាជធានី​ភ្នំពេញ​ ៖ ​ប្រធានរដ្ឋសភា​វៀតណាម បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កើន​ដល់​២០​ពាន់​លាន​ដុល្លារ​។

ការ​គាំទ្រ​របស់​រដ្ឋសភា​វៀតណាម​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ខណៈ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំដែង​ការ​គួរសម​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថា​ញ់​មិន ប្រធានរដ្ឋសភា​វៀតណាម ក្នុង​ឱកាស សម្ដេច​តេ​ជោ និង​គណៈប្រតិភូ​ចូលរួម​ពិធី​អបអរសាទរ​ខួប​៥០​ឆ្នាំ​នៃ​ទិវា​រំដោះ​ភាគ​ខាងត្បូង និង​ការ​បង្រួបបង្រួម​ជាតិ​វៀតណាម នៅ​ទីក្រុង​ហូ​ជី​មិ​ញ​។

យោង​តាម ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​សម្តែង​នូវ​ក្តី​រីករាយ និង ការ​ស្វាគមន៍ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកបដោយ​ភាព​កក់ក្តៅ​បំផុត ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យខួប​៥០​ឆ្នាំ​នៃ​ការ​បង្រួបបង្រួម​ប្រទេស​វៀតណាម​។ វត្តមាន​របស់​សម្តេច​តេ​ជោ​គឺជា​សក្ខីភាព​នៃ​ទំនាក់ទំនង​ដ៏​យូរអង្វែង​នៃ​ប្រទេស​យើង​ទាំង​ពីរ​។

ប្រធានរដ្ឋសភា​វៀតណាម បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បញ្ជូន​កងទ័ព​ចូលរួម​ក្នុង​ពិធី​ដើរ​ក្បួនព្យុហយាត្រា​នៃ​ការ​ប្រារព្ធ​ពី​ធី​អបអរសាទរ​ខួប​៥០​ឆ្នាំ​នៃ​ការ​បង្រួបបង្រួម​ជាតិ​វៀតណាម​។ វត្តមាន​នៃ​កងទ័ព​កម្ពុជា​នៅ​ក្នុង​ព្យុហយាត្រា​នៅ​ថ្ងៃ​៣០ ខែមេសា ជា​និមិត្តសញ្ញា​នៃ​ការ​ប្រកៀក​ស្មា​គ្នា​ជាប់​ជា​និច្ច​រវាង​កងទ័ព​វៀតណាម និង​កម្ពុជា តាំងពី​ដំណាក់កាល​ដណ្តើម​ឯករាជ្យ និង​កសាង​ជាតិ​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ ក្បួនព្យុហយាត្រា នេះ​ក៏​បាន​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​គ្នា​ដ៏​ជិត​ស្និទ្ធ​រវាង​វៀតណាម និង​កម្ពុជា លើ​គ្រប់​វិស័យ​រួម​ទាំង​វិស័យ​ការពារ​ជាតិ​ផង​ដែរ​។

ក្នុង​ជំនួប​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ការ​សាទរ​ចំពោះ​សភា រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ចំពោះ​ការ​ប្រារព្ធ​ពិធី​សាទរ​ខួប​៥០​ឆ្នាំ​នៃ​ការ​បង្រួបបង្រួម​ប្រទេស​វៀតណាម​។
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លៀត​ថ្លែងអំណរគុណ​បក្ស សភា និង​រដ្ឋាភិបាល​វៀតណាម ចំពោះ​ការ​អញ្ជើញ កិច្ច​ស្វាគមន៍ និង​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា និង បាន បាន​ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៥០​ឆ្នាំ​នៃ​ការ​បង្រួបបង្រួម​ជាតិ​វៀតណាម គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា សម្តេច​ពិតជា​មាន​មោទនភាព​ណាស់ ដែល​កង​យោធពលខេមរភូមិន្ទ​របស់​កម្ពុជា​១២០​រូប បាន​ចូលរួម​ដើរ​ក្បួនព្យុហយាត្រា​អបអរសាទរ​ខួប​៥០​នៃ​ការ​បង្រួបបង្រួម​ប្រទេស​វៀតណាម​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ ដែល​ជា​កាលបរិច្ឆេទ​ដ៏​ល្អ​រវាង​កម្ពុជា និង​វៀតណាម នោះ​គឺ ខួប​៥០​ឆ្នាំ​នៃ ការ​រំដោះ​ភាគ​ខាងត្បូង និង​បង្រួបបង្រួម​ជាតិ ឆ្នាំ​១៩៧៥ – ឆ្នាំ​២០២៥) និង​ជា​ខួប​២៦​ឆ្នាំ នៃ ការ​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ នៃ​ប្រទេស​កម្ពុជា ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​១៩៩៩​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​រីករាយ​ដែល​បាន​ជួប​ប្រធានរដ្ឋសភា​វៀតណាម​ជា​ថ្មី​។
លើស​ពី​នេះ​សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ប្រធានរដ្ឋសភា​វៀតណាម ដែល​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​មរណទុក្ខ​ចំពោះ​មរណភាព​បងប្រុស​ជាទី​ស្រឡាញ់​របស់​សម្តេច​កាលពី​ពេល​ថ្មី​ៗ​នេះ​។
សម្តេច​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​ស្ថាប័ន​នីតិបញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​។

សម្តេច​តេ​ជោ បាន​គូស​រំលេច​ថា តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០២៣ និង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានរដ្ឋសភា​វៀតណាម នៅ​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៤​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ប្រធានរដ្ឋសភា​វៀតណាម គាំទ្រ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា សភា​កម្ពុជា ត្រៀមខ្លួន​ជា​និច្ច​ក្នុង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​។

សម្តេច​តេ​ជោ បាន​សម្តែង​ក្តី​សាទរ​ចំពោះ​ការ​ចុះហត្ថលេខា​លើ​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០២៥-២០២៦ រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​របស់​វៀតណាម កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥​នៅ​ទីក្រុង​ហាណូយ​។ កិច្ច​សម្របសម្រួល​នេះ ភាគី​ទាំង​ពី​បាន​ព្រមព្រៀង​គ្នា បង្កើត​គណៈកម្មការ​ពាណិជ្ជកម្ម​ចម្រុះ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​ដល់​គោលដៅ​២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​នៅ​តាម​បណ្តោយ​ព្រំដែន​។

ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​ជម្រាប​សម្តេច​តេ​ជោ​ថា នៅ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចុងឆ្នាំ​២០២៤ រូប​លោក​បានឃើញ​នូវ​ភាព​រីក​ចម្រើន​របស់​កម្ពុជា គួរ​ឱ្យ​កត់សម្គាល់​។

ឯកឧត្តម​ប្រធានរដ្ឋសភា បាន​សម្តែង​ការ​កោតសរសើរ និង​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ចំពោះ​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​។ ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម​។

ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​ស្នើ​កម្ពុជា បន្ត​ពង្រឹង​ទំនាក់ទំនង​ទាំង​ក្រប​ខណ្ឌ​បក្ស រដ្ឋាភិបាល នីតិបញ្ញត្តិ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។

ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កើន​ដល់​២០​ពាន់​លាន​ដុល្លារ​និង​បាន​ស្នើ​ឱ្យ​បង្កើត​សមាគម​មិត្តភាព​រវាង​សភា​វៀតណាម និង​សភា​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គំនិត​របស់​ប្រធានរដ្ឋសភា​វៀតណាម ក្នុង​ការ​បង្កើត​សមាគម​មិត្ត​រវាង​សភា​វៀតណាម និង​សភា​កម្ពុជា​។

ជំនួប​របស់​សម្តេច​តេ​ជោ ជាមួយ ឯកឧត្តម ជិន ថា​ញ់​មិន ប្រធានរដ្ឋសភា​វៀតណាម បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​រីករាយ និង​ស្និត​ស្នាល​បំផុត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ