រាជធានីភ្នំពេញ ៖ ដើម្បីដោះស្រាយចម្ងល់លើកជាបញ្ហារបស់មន្ត្រីមួយចំនួនបានលើកឡើងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ការផ្ដល់មេដាយជូនមន្ដ្រីត្រូវពិនិត្យមើលឱ្យច្បាស់លាស់នូវមន្ដ្រីដែលទទួលបានមេដាយ គឺជាមន្ដ្រីសកម្ម និងមានវត្តមានធ្វើការប្រចាំថ្ងៃ មិនមែនមន្ដ្រីដែលអត់មានមុខមកធ្វើការ ឬមួយក៏មានបញ្ហាអ្វីផ្សេងៗនោះទេ ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រង់ឈ្មោះមន្ដ្រី ដែលបានធ្វើការងារយ៉ាងតិច១០ឆ្នាំឡើង ដែលសកម្មមានវត្តមានជាប់ជាប្រចាំ ដើម្បីរៀបចំផ្ដល់មេដាយជូនមន្ដ្រីរាជការតែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ហើយប្រយ័ត្ន ធ្វើឱ្យសុក្រិត ប្រយ័ត្នអ្នកអត់មុខ១០ឆ្នាំ (អត់មកធ្វើការ១០ឆ្នាំ) មានតែឈ្មោះ ក៏បានមេដាយដែរ ត្រូវធ្វើឱ្យច្បាស់ ប្រាកដជាសកម្ម មន្ដ្រីធ្វើការងារជាប់ ហើយនេះសូមឱ្យច្បាស់»។ សម្តេចបវរធិបតីបានបញ្ជាក់ជាថ្មីថា យន្តការផ្ដល់មេដាយជូនមន្ដ្រីនេះ គឺជាយន្តការពិសេសធ្វើតែម្ដងទេ ហើយត្រូវពិនិត្យសម្រាប់តែមន្ដ្រីទាំងមន្ដ្រីក្របខណ្ឌ និងមន្ដ្រីកិច្ចសន្យា ដែលធ្វើការលើសពី១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។
លើសពីនេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីបានណែនាំក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រៀមរៀបចំសហការជាមួយ ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងការផ្ដល់មេដាយជូនមន្ដ្រី។ សម្ដេចក៏បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ផ្ដល់លិខិតសសើរ បណ្ណសរសើរ ជូនដល់មន្ដ្រីរបស់ខ្លួន គឺមានតម្លៃខ្លាំងណាស់ សម្រាប់ពួកគាត់ក្នុងការបំពេញការងារ។
សូមជម្រាបថា មន្ត្រីដែលបានបំរើនៅក្រសួងស្ថាប័ននានាបាននាំគ្នាលើកឡើងថា ខ្លួនបានបំម្រើការងារខ្លះ១០ឆ្នាំ ២០ឆ្នាំ រហូតដល់អ្នកខ្លះ ធ្វើការរហូតដល់ចូលនិវត្តរ៍មិនទទួលបានមេដាយ លិខិតសរសើសូម្បីតែមួយ៕
ចែករំលែកព័តមាននេះ