រាជធានីភ្នំពេញ ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យឆាបឆេះឃ្លាំងលក់អីវ៉ាន់បោះដុំ និងរាយ មួយកន្លែង ផ្អើលប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នៅចំនុចឃ្លាំងលក់ទំនិញ យីហោ (Y.D.B លក់អីវ៉ាន់បោះដុំ និងរាយ0.5ដុល្លារឡើងទៅ ) ដែលស្ថិតនៅ តាមបណ្ដោយផ្លូវ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានជាបឋមពីបងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ ទីតាំងខាងលើ បានបិទទ្វារសំរាកដូចសព្វដង ដោយមានប្តីប្រពន្ធ២នាក់ ជាជនជាតិចិននៅគ្រប់គ្រង លុះមកដល់វេលាម៉ោងកើតហេតុ ក៍ស្រាប់តែឃើញបុរសជនជាតិចិនម្នាក់ មិនដឹងថា មកពីណានោះទេ មកដល់មុខឃ្លាំង ក៍ស្រាប់តែឃើញមានភ្លើងឆាបឆេះចេញពីទីតាំងស្តុកសំភារៈ នៃខាងត្បូងអាគារឡើង សន្ធោសន្ធៅ ទើបបុរសរូបនោះ បានឆោឡោ និងធាក់ទម្លុះទ្វារ ដើម្បីអោយគេជិតខាងជួយ តែពេលនោះផងដែរ ពលរដ្ឋនៅក្បែរនោះ បាននាំគ្នាជួយបាញ់ទឹកពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បានចេញមក៣គ្រឿង ក្នុងនោះមានរថយន្តបង្ការពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញចំនួន២គ្រឿង និងរថយន្តជំនួយរបស់ក្រុមហ៊ុនស្រាបៀរចំនួន១គ្រឿង បានសហការគ្នាបាញ់ពន្លត់អស់ចំនួន៣គ្រឿង ទើបធ្វើអោយភ្លើងរលត់ទៅវិញ នៅវេលាម៉ោង៦ព្រឹកថ្ងៃដដែល ។
ករណីនេះផងដែរ មិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គឺគ្រាន់តែខូចខាតសំភារៈដូចជាថូផ្កា ចាន ឆ្នាំង និងសំភារៈក្នុងផ្ទះបន្តិចបន្តួចតែប៉ុណ្ណោះ ។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កការឆាបឆេះបែបនេះ ៕









ចែករំលែកព័តមាននេះ