ខេត្តបាត់ដំបង ៖ ទឹកដោះគោស្រស់ចំនួនជិត១០តោន ដែលនាំចូលតាមព្រំដែន បានត្រូវមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)ខេត្តចាប់យកមកដុតកម្ទេចចោល បន្ទាប់ពីសមត្ថកិច្ចជំនាញរកឃើញទំនិញទឹកដោះគោស្រស់ទាំងនោះ ធ្វើការដឹកជញ្ជូនពុំមានលក្ខសមស្របតាមលក្ខខណ្ឌតម្រូវសម្រាប់មនុស្សបរិភោគ ។

តាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថានារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប ខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត តំណាងក្រុមហ៊ុន UNT បានធ្វើការដុតកម្ទេចចោលនូវទំនិញទឹកដោះគោស្រស់ ដែលបានធ្វើការដឹកជញ្ជូនពុំមានលក្ខណៈសមស្របតាមលក្ខខណ្ឌតម្រូវសម្រាប់មនុស្សបរិភោគ(ដឹកជញ្ជូនពុំបានត្រឹមត្រូវ) ។

ទំនិញទាំងនេះ ត្រូវនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់ឃាត់ទុកបានចំនួន ២១២កេស ស្មើនឹង ១០ ៦០០ដប មានទម្ងន់សរុប៩៥៤០គីឡូក្រាម ។ ការដុតកម្ទេចនេះ បានធ្វើឡើងនៅទីលានចាក់សំរាម ក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ៕




ចែករំលែកព័តមាននេះ