អន្តរជាតិ ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានរាយការណ៍ថា តម្លៃមាសអន្តរជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងភាពមិនច្បាស់លាស់ពាណិជ្ជកម្មពិភពលោក បានធ្វើឱ្យតម្រូវការមាសកើនឡើងឥតឈប់ឈរ។
តម្លៃមាសអន្តរជាតិស្ថិតក្នុងតម្លៃ ៣,០៣៤ដុល្លារក្នុង១អោន ឬ ៣,៦៥៥ដុល្លារក្នុង១តម្លឹង គិតត្រឹមរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេល ៣,០៤២ដុល្លារក្នុង១អោន នៅក្នុងការជួញដូរមុន ខណៈតម្លៃបានទម្លុះរនាំង ៣,០០០ដុល្លារក្នុង១អោនជាលើកដំបូង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅឯក្រុមហ៊ុន KCM Trade បានថ្លែងថា «បណ្តាអ្នកជួញដូរកំពុងមើលមាសជាទ្រព្យសកម្មមានសុវត្ថិភាពបំផុត ដើម្បីដោះស្រាយភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល ដែលជំរុញដោយសង្គ្រាមពន្ធ។ តាមរយៈភាពមិនប្រាកដប្រជាពាណិជ្ជកម្មពិភពលោក មាស គឺជារបាំងការពារដ៏រឹងមាំ»។
អ្នកវិនិយោគកំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារតែចំណាត់ការពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលត្រូវបានចាត់ទុកជាទូទៅថា អាចនឹងបង្កឱ្យមានអតិផរណា។ ចំណែកឯធនាគារកណ្តាលអាមេរិក ដែលនឹងបញ្ចប់កិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃរបស់ខ្លួន ត្រូវបានរំពឹងថានឹងរក្សាអត្រាការប្រាក់ឱ្យនៅឋិតឋេរក្នុងអត្រាពី ៤.២៥%-៤.៥០% ។
«មាស» គឺជារបាំងការពារដ៏រឹងមាំប្រឆាំងនឹងភាពមិនច្បាស់លាស់ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោក ហើយតម្លៃលោហៈធាតុដ៏មានតម្លៃនេះ តែងតែងើបឡើងនៅក្នុងពេលមានអត្រាការប្រាក់ទាប។
កត្តាផ្សេងទៀត ដែលជំរុញឱ្យតម្លៃមាសកើនឡើងខ្ពស់បែបនេះ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សជាង ៤០០នាក់កាលពីថ្ងៃអង្គារ ខណៈដែលអ៊ីស្រាអែលបានព្រមានថា ការវាយលុកលើកនេះ គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា លោកបានបញ្ជាឱ្យមានការវាយប្រហារ ដោយសារក្រុមហាម៉ាស់បានបដិសេធសំណើរ ដើម្បីទទួលបានការពន្យារពេលបទឈប់បាញ់។ លោកបានអំពាវនាវឱ្យប្រជាជននៅតំបន់ហ្គាហ្សាចេញពីទីតាំងគ្រោះថ្នាក់ ហើយផ្លាស់ទីទៅកាន់តំបន់មានសុវត្ថិភាពជាងមុន៕ ដកស្រង់ ៖ Reuters

ចែករំលែកព័តមាននេះ