ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រហារ​ដ៏ខ្លាំង​ក្លា​ទៅ​លើ​អ៊ុយ​ក្រែន​កាល​ពី​យប់​មិញ​ស្លា.ប់​២​នាក់

13 ម៉ោង មុន

ទី​ក្រុង​កៀវ៖ សន្ទនា​គ្នា​រវាង​លោក​ត្រាំ និង​លោក​ពូទីន​កាល​ពី​យប់​មិញ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង រុស្ស៊ី​ពន្លះ​អ៊ុយ​ក្រែន​មួយ​ប្រាវ​ទៀត​ដោយ​យន្ត​ហោះ​ដ្រូន​​ជា​ច្រើន​គ្រឿង រួម​ទាំង​មីស៊ីល​ផង​ដែរ​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​២​នាក់ និង​របួស​១៨​នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​កៀវ​ឯក​រាជ្យ (The Kyiv Independent)។…

ទី​ក្រុង​កៀវ៖ សន្ទនា​គ្នា​រវាង​លោក​ត្រាំ និង​លោក​ពូទីន​កាល​ពី​យប់​មិញ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង រុស្ស៊ី​ពន្លះ​អ៊ុយ​ក្រែន​មួយ​ប្រាវ​ទៀត​ដោយ​យន្ត​ហោះ​ដ្រូន​​ជា​ច្រើន​គ្រឿង រួម​ទាំង​មីស៊ីល​ផង​ដែរ​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​២​នាក់ និង​របួស​១៨​នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​កៀវ​ឯក​រាជ្យ (The Kyiv Independent)។

កាសែត​អន​ឡាញ​​ដដែល​នេះ​ផ្សាយ​បន្ត​ទៀត​ថា​រុស្ស៊ី​បាន​បាញ់​មីស៊ីល​ផ្លោង​ម៉ាក​អ៊ី​ស្កាន់​ដឺ​អឹម (Iskander-M) ចំនួន​២​គ្រាប់​, បាញ់​មីស៊ីល​ការ​ពារ​ដែន​អាកាស​ម៉ាក​អែស​៣០០ (S-300) និង​បញ្ជូន​យន្ត​ហោះ​ដ្រូន​ពិត និង​ដ្រូន​ក្លែង​ក្លាយ​១៤៥​គ្រឿង​វាយ​ប្រហារ​អ៊ុយ​ក្រែន​យ៉ាង​សន្ធាប់​កាល​ពី​យប់​មិញ​ទៅ​លើ​ទី​តាំង​ជា​ច្រើន​​កន្លែង​​។ អ៊ុយ​ក្រែន​អាច​បាញ់​ទម្លាក់​ដ្រូន​៧២​គ្រឿង​។​ ចំណែក​ដ្រូន​ក្លែង​ក្លាយ​ (ប្រើ​សម្រាប់​បោក​បញ្ឆោត​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​) ហោះ​សុខ​ៗ​ស្រាប់​តែ​បាត់​ដាន​អស់​រលីង​។

កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ថា​គ្រាប់​មីស៊ីល​រុស្ស៊ី​បាន​បង្ក​ការ​ខូច​ខាត​កម្រិត​ណា​ទេ​​។​​ រុស្ស៊ី​ក៏​វាយ​ប្រហារ​ទៅ​លើ​​ទី​ក្រុង​ស្លូវីយ៉ង់ (Sloviansk) នៃ​តំបន់​ដូញែត​ (Donetsk) ផង​ដែរ​​បណ្ដាល​ឱ្យ​របួស​មនុស្ស​បី​នាក់​​។ នេះ​បើ​យោង​តាម​ចៅ​​ហ្វាយ​ក្រុង​​ស្លូវីយ៉ង់ ​​លោក​វ៉ាឌីម ហ្វ៊ីឡាស់​ស្គីន (Vadym Filashkin)​។ សាក្សី​និយាយ​ថា​ផ្នែក​ខ្លះ​នៃ​ទី​ក្រុង​ស្លូវីយ៉ង់​ពោរ​ពេញ​ដោយ​ភាព​ងងឹត​សូន្យ​សុង​បន្ទាប់​ពី​ដាច់​ភ្លើង​អគ្គិស​នី​។

ក្រឡេក​ទៅ​​មើល​តំបន់​ខាគីវ (Kharkiv) ឯណោះ​វិញ​ រុស្ស៊ី​ក៏​វាយ​ប្រហារ​ផង​ដែរ​កាល​ពី​យប់​មិញ​បណ្ដាល​ឱ្យ​ស្ត្រី​វ័យ​៤៥​ឆ្នាំ​ម្នាក់​ស្លាប់​ ខណៈ​ដែល​មនុស្ស​៤​នាក់​ទៀត​រង​របួស​។ កាល​នោះ រុស្ស៊ី​ប្រើ​ប្រាស់​ដ្រូន​​​វាយ​ប្រហារ​ត្រូវ​ចំ​រថ​យន្ត​មួយ​គ្រឿង​ដែល​កំពុង​បើក​បរ​នៅ​លើ​ផ្លូវ​ហាយ​វេ​។ នេះ​បើយោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អភិបាល​តំបន់​ខាគីវ​។ នៅ​តំបន់​ខាគីវ​ដដែលនេះ​​ គេ​ឃើញ​ថា​ផ្ទះ​របស់​អ្នក​ស្រុក ​រួម​ទាំង​ដេប៉ូ​​​ស្តុក​ទុក​ឥវ៉ាន់​ ត្រាក់​ទ័រ និង​រថ​យន្ត​ជា​ច្រើន​គ្រឿង​បាន​រង​ការ​ខូច​ខាត​។​

នៅ​សង្កាត់​ប៊ូឆា (Bucha) នៃ​ទីក្រុង​កៀវ​ បុរស​ម្នាក់​វ័យ​៦០​ឆ្នាំ​ត្រូវ​របួស​ពេញ​ខ្លួន​​ដោយ​សារ​អំបែង​គ្រាប់​មីស៊ីល​។ ​​ផ្ទះ​របស់​អ្នក​ស្រុក​៩​ខ្នង​​​រង​ការ​ខូច​ខាត​។ ចំណែក​នៅ​ទី​ក្រុង​ស៊ូមី (Sumy) មន្ទីរ​ពេទ្យ​១​កន្លែង​ក៏​រង​ការ​វាយ​ប្រ​ហារ​ផង​ដែរ​ដោយ​​យន្ត​ហោះ​ដ្រូន​ជា​ច្រើន​គ្រឿង​។ ដូច្នេះ អ្នក​ជំងឺ​ដែល​កំពុង​ឈឺ​ធ្ងន់​ បន្តោក​សេរ៉ូម​យ៉ាង​ណា​ក៏​ដោយ​ក៏​ត្រូវ​តែ​រត់​ប្រាស​អាយុ​​សិន​ដែរ​​។

នៅ​ភូមិ​អ៊ូ​រ៉យ​ឌី (Uhroidy) នៃ​សហ​គមន៍​ក្រាស់​ស្នូ​ភីលា (Krasnopillia) មនុស្ស​ម្នាក់​ស្លាប់​ បី​នាក់​រង​របួស​ និង​ផ្ទះ​កម្ពស់​២​ជាន់​​​រង​ការ​ខូច​ខាត​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​។ វាយ​ប្រហារ​​កាល​ពី​ពេល​​យប់​មិន​ទាន់​អស់​ចិត្ត​ នៅ​ព្រឹក​​ថ្ងៃ​ទី​១៩ ខែ​មីនា​ រុស្ស៊ី​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​កាប៊ីន​ភ្លើង​សម្រាប់​ដំណើរ​ការ​ផ្លូវ​រថ​ភ្លើង​នៅ​តំបន់​ឌីនី​ប្រូ (Dnipro)​ជា​បន្ត​ទៀត​។ ប៉ុន្តែ​សំណាង​ល្អ​រថ​ភ្លើង​អាច​ដំណើរ​ការ​បាន​ជា​ធម្ម​តា​ទោះ​បី​មាន​បញ្ហា​ដាច់​ភ្លើង​ក៏​ដោយ​។

គួរ​កត់​សម្គាល់​ថា​​នៅ​ក្នុង​ការ​សន្ទនា​គ្នា​ជា​មួយ​លោក​ត្រាំ​​កាល​ពី​យប់​មិញ លោក​ពូទីន​​​យល់​ព្រម​ផ្អាក​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​ទៅ​លើ​ទី​តាំង​ផលិត​ថាម​ពល (អគ្គិសនី ប្រេង និង​ហ្គាស​។ល។)​ រយៈ​ពេល​៣០​ថ្ងៃ​។ ប៉ុន្តែ​លោក​ទាំង​២​មិន​ទាន់​បាន​កំណត់​ឱ្យ​បាន​ច្បាស់​ថា​នឹង​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ពេល​ណា ហើយ​​នឹង​​អនុវត្ត​ចាប់​​ពី​ពេល​ណា​ទេ​។ លោក​ពូទីន​បញ្ជាក់​ថា​លោក​​​យល់​ព្រម​ផ្អាក​វាយ​ប្រហារ​ទាល់​តែ​អ៊ុយ​ក្រែន​យល់​ព្រម​ផ្អាក​វាយ​ប្រហារ​ទៅ​លើ​រុស្ស៊ី​ដែរ​​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​វិមាន​ក្រឹម​ឡាំង​កាល​ពី​យប់​មិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ