ខេត្តកំពង់ស្ពឺ ៖ ដោយសារភ្លើងប្រចណ្ឌ ធ្វើឱ្យបុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ហើយបុរសម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ បន្ទាប់ពីបុរសទាំង២នាក់
ស្រឡាញ់មនុស្សស្រីតែម្នាក់ជាន់លេខរៀងគ្នា ក៏កើតទៅជារឿងប្រចណ្ឌទាញញញួរវាយក្បាលរងរបួសព្រោះឃើញផឹកស៊ីជាមួយគ្នា ។

ករណីហិង្សាដោយចេតនាកើតចេញពីរឿងប្រចណ្ឌនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ នៅចំណុចផ្ទះរបស់ស្ត្រីឈ្មោះ ប៊ិន សារ៉េត ស្ថិតក្នុងភូមិឃ្លៃចាស់ ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ។ មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា បុរសឈ្មោះ ខែម សុគុន អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃអិដ្ឋ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ បានវាយបុរសឈ្មោះ ង៉េន ផាន អាយុ៤៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំពោធិ៍អង្គ្រង ចំនួន២ញញួរត្រូវចំក្បាល និងដៃបណ្តាលឲ្យរងរបួសធ្ងន់ ។ ជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។ ចំណែកជនដៃដល់ ក្រោយពីធ្វើសកម្មភាពវាយជនរងគ្រោះរងរបួសហើយ ក៏បានរត់គេចខ្លួន ។

ប្រភពដដែលបន្តថា លុះនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ស្ត្រីឈ្មោះ សើ ស្រីមុំ អាយុ៤៨ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ ង៉េន ផាន បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍ចំរើន ដើម្បីឱ្យនគរបាលជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានពាក្យបណ្តឹងនេះ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក ក៏បានទៅដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន កសាងសំណុំរឿង ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ ហើយនាំខ្លួនជនឈ្មោះ ខែម សុគុន រួមទាំងវត្ថុតាងញញួរមួយផង យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

មន្ត្រីនគរបាលបានបន្ថែមថា តាមចម្លើយរបស់ជនដៃដល់ឈ្មោះ ខែម សុគុន បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើញញួរវាយឈ្មោះ ង៉េន ផាន ប្រាកដមែន ។ មូលហេតុដែលរូបគេធ្វើបែបនេះ គឺដោយសារតែខឹងជនឈ្មោះ ង៉េន ផាន មកផឹកស៊ីនៅផ្ទះឈ្មោះ ប៊ិន សារ៉េត ក៏កើតជារឿងភ្លើងប្រចណ្ឌ ស្រឡាញ់ស្រីមួយពីរនាក់គឺ ប៊ិន សារ៉េត ទើបមានហិង្សាកើតឡើងតែម្ដង ។ ណាមួយជនដៃដល់ជាមនុស្សកាចសាហាវ ទប់កំហឹងមិនជាប់ក៏កើតរឿងបែបនេះទៅ ។ជនដៃដល់ ត្រូវបាននគរបាលកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ