ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើ​ភ្នំ​១០​ក្បាល​​បាន​​លែង​ចូល​ដែនទឹក​ធម្ម​ជាតិ​​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​នៃ​ខេត្តរតនគិរី

13 ម៉ោង មុន
  • រតនគិរី

​​ខេត្តរតនគិរី ៖ ក្រោយ​ពី​ក្រពើ​ភ្នំ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យដាច់​ពូជ​អស់​ជាង​២០​ឆ្នាំ អ្នកជំនាញ​កំពុង​ប្រឹងប្រែង​ធ្វើ​ឱ្យ​ឧទ្យាន​ជាតិ​មួយ​នេះសំបូរ​ក្រពើ​ភ្នំ​ឡើង​វិញ ។​ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​ប្រចាំ​កម្ពុជា បាន​​ព្រលែង​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ចំនួន​១០​ក្បាលជា​លើក​ដំបូង​ទៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​ពី​មនុស្ស​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី…

​​ខេត្តរតនគិរី ៖ ក្រោយ​ពី​ក្រពើ​ភ្នំ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យដាច់​ពូជ​អស់​ជាង​២០​ឆ្នាំ អ្នកជំនាញ​កំពុង​ប្រឹងប្រែង​ធ្វើ​ឱ្យ​ឧទ្យាន​ជាតិ​មួយ​នេះសំបូរ​ក្រពើ​ភ្នំ​ឡើង​វិញ ។​

ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​ប្រចាំ​កម្ពុជា បាន​​ព្រលែង​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ចំនួន​១០​ក្បាលជា​លើក​ដំបូង​ទៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​ពី​មនុស្ស​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី បន្ទាប់​ពី​ក្រពើ​ភ្នំ​មួយ​ប្រភេទ​នេះ​បាន​បាត់​វត្តមាន​ពី​ឧទ្យាន​ជាតិ​ខាងលើ​ អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥​ ។

មុន​ពេល​លែង​ចូល​ទៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​នោះ ក្រពើ​ភ្នំ​ទាំង​១០​ក្បាល​នេះ​ត្រូវ​បាន​ក្រុមការងារ​ជំនាញ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ ដោយ​បំពាក់​ឧបករណ៍​កត់ត្រា​សំឡេង ដើម្បី​តាមដាន​ការ​បំ​ផ្លាស់​ទី និង​ការ​រស់រាន​មានជីវិត​របស់​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ ដែល​នឹង​ផ្តល់​នូវ​ទិន្នន័យ​ដ៏​មាន​សារសំខាន់​ក្នុង​ការងារ​អភិរក្ស និង​ស្តារ​វត្តមាន​ក្រពើ​ភ្នំ​ប្រភេទ​នេះ​ ។  

ប្រភព​ដដែល​បញ្ជាក់​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ជិត​២០០​ក្បាល​ហើយ ត្រូវ​បាន​អ្នកជំនាញ​លែង​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​ដាច់​ស្រយាល​ពី​មនុស្ស​រស់នៅ​និង​មាន​សុវត្ថិភាព​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ និង​មាន​សំបុក​ពង​កូន​ក្រពើ​ភ្នំ​ចំនួន​៦០​ក្បាល ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ ​។ ប៉ុន្តែ​សម្រាប់​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​វិញ ដែល​ធ្លាប់​មាន​វត្តមាន​ក្រពើ​ភ្នំ​តាំងពី​យូរយារ​ណាស់​មក​ហើយ តែ​ដាច់​ពូជ​វិញ​នោះ សង្ឃឹមថា នឹង​អាច​ស្តារ​វត្តមាន​របស់​ពួក​វា​ឡើង​វិញ  តាម​រយៈ​ការ​ព្រ​លែង​ជា​ជំហាន​ដំបូង​នេះ ព្រោះ​មុន​ពេល​ព្រ​លែង​អ្នកជំនាញ​បាន​ជ្រើសរើស​តំបន់​ដាច់​ស្រយាល​ដែល​មាន​លក្ខខណ្ឌ​ជា​ជម្រក​ដ៏​ល្អ​បំផុត​សម្រាប់​ក្រពើ​ភ្នំ​ទាំងនេះ​។

លោក Pablo Sinovas នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ លើក​ឡើង​ថា​៖ “​បេសកកម្ម​រយៈពេល ២៥​ឆ្នាំ​ដើម្បី​ការពារ អភិរក្ស​ក្រពើ​ភ្នំ​កុំ​ឲ្យ​ផុត​ពូជ​ពី​ក្នុង​ធម្មជាតិ​នេះ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​និង​ចាប់ផ្តើម​ទទួល​បាន​ផ្លែផ្កា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ដែល​ត្រូវ​លែង​ទៅ​ក្នុង​ជម្រក​ធម្មជាតិ​កាន់តែ​មាន​ចំនួន​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

ជា​ទូទៅ​ក្រពើ​ភ្នំ​ ត្រូវការ​ពេល​ជាង​១០​ឆ្នាំ ទម្រាំ​ធំ​ពេញវ័យ ដូច្នេះ​ហើយ​កូន​ក្រពើ​ភ្នំ​ដែល​យើង​បាន​លែង​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១១ បាន​ធំ​ពេញវ័យ​និង​ចាប់ផ្តើម​បង្កាត់​ពូជ​ពង​កូន​ដោយ​ខ្លួនឯង​នៅ​ក្នុង​ធម្មជាតិ​ ។  

ជុំវិញ​បេសកកម្ម​អភិរក្ស​និង​បង្កើន​វត្តមាន​សត្វ​ក្រពើ​ភ្នំ​ក្នុង​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ក្រសួង​បន្ត​លើកទឹកចិត្ត និង​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​សហការ​ជាមួយ​អង្គការ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​ដើម្បី​ទទួល​បាន​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត ក្នុង​ការងារ​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ឱ្យ​បាន​គង់វង្ស​”​។​

ដោយឡែក​លោក អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​បាន​អះអាង​ដែរ​ថា ក្រសួង​បាន​និង​កំពុង​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹង​ក្នុង​ការ​គ្រប់គ្រង​ធន​ធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ រួម​មាន ធនធាន​សត្វព្រៃ ដែល​មាន​សារៈសំខាន់​សម្រាប់​មនុស្សជាតិ​។ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បន្ត​ថា  ក្រពើ​ភ្នំ​ជា​ប្រភេទ​ដ៏​កម្រ​បំផុត​នៅ​លើ​ពិភពលោក ប៉ុន្តែ​យើង​សង្កេត​ឃើញ​ប្រភេទ​នេះ​មាន​វត្តមាន​ច្រើន​ជាងគេ​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​កិច្ច​ប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា ដែល​នេះ​គឺជា​មោទកភាព​សម្រាប់​ប្រទេស​យើង​។

ជុំវិញ​វត្តមាន​ក្រពើ​ភ្នំ​ដែល​ជួយ​ឱ្យ​កេរ្តិ៍​កម្ពុជា​ល្បាញ​ល្បី​លើ​ឆាក​អន្តរជាតិ​នេះ យើង​ចង​ចាំ​បាន​ថា កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បានការ​សាទរ​ពី​ក្រុម​អ្នក​អភិរក្ស​សត្វ​កម្រ​ទូ​ទាំង​ពិភពលោក ជាមួយនឹង​វត្ត​មានកូន​ក្រពើ​ភ្នំ​ញាស់​ថ្មី​ក្នុង​ដែនជម្រកសត្វព្រៃ​ជួរ​ភ្នំក្រវាញ ដល់​ទៅ​៦០​ក្បាល ដែល​ត្រូវ​គេ​ទុក​ថា​ជា​ព្រឹត្តិការណ៍​បង្កាត់​ពូជ​ក្រពើ​ភ្នំ​ដ៏​ធំ​បំផុត និង​ជា​ការ​បង្កើត​ក្តី​សង្ឃឹម​សម្រាប់​អនាគត​នៃ​សត្វ​ល្មូ​ន​ដែល​ជិត​ផុត​ពូជ​បំផុត​របស់​ពិភពលោក​ ។

ក្រពើ​ភ្នំ​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត និង​គំរាមកំហែង​ដល់​ការ​ផុត​ពូជ​ពី​ធម្មជាតិ ដោយសារ​តែ​ការ​បរបាញ់​បកស្បែក រួម​ទាំង​ការ​បាត់បង់ និង​ខូចខាត​នៃ​ទីជម្រក​ធម្មជាតិ​របស់​ពួក​វា ក្រពើ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ថា ជា​សត្វ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ហើយ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី 1 នៃ​អនុសញ្ញា CITES ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ បាន​វាយតម្លៃ​ថា ចំនួន​ក្រពើ​ភ្នំ​សរុប​ទូ​ទាំង​ពិភពលោក មាន​ប្រមាណ​ជាង ១០០០​ក្បាល​ប៉ុណ្ណោះ​នៅ​ក្នុង​ធម្មជាតិ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ក្នុង​នោះ​ប្រទេស​កម្ពុជា ត្រូវ​ចាត់​ទុក​ថា ជា​ជម្រក​សត្វ​ក្រពើ​ភ្នំ​ដ៏​ធំ​បំផុត ដោយ​មាន​វត្តមាន​សត្វ​ក្រពើ​ភ្នំ​ច្រើន​ជាងគេ​លើ​ពិភពលោក ក្នុង​ចំនួន​ជិត​៤០០​ក្បាល​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​។ ជា​ទូទៅ​ក្រោយ​ពី​រដូវ​បន្ត​ពូជ​ចន្លោះ​ខែមេសា ដល់​ឧសភា សត្វ​ក្រពើ​ភ្នំ​អាច​មាន​ពង​មួយ​សំបុក​ចាប់ពី ១១ ទៅ ២៦​គ្រាប់ យ៉ាងណា​ក៏​ដោយ​ពង​ទាំងនោះ​មិន​ប្រាកដ​ថា អាច​ញ៉ាស់​ទាំងនោះ​ទេ​។

នៅ​កម្ពុជា​យើង ក្រពើ​ភ្នំ ឬ ហៅ​ម្យ៉ាងទៀត​ថា ក្រពើ​ត្រី ជា​ប្រភេទ​មាន​តម្លៃ​ក្នុង​ការ​អភិរក្ស ដោយសារ​តួនាទី​របស់​ពួក​វា​នៅ​ក្នុង​ប្រព័ន្ធ​អេក​ឡូ​ស៊ី ដោយ​គ្រប់គ្រង​បរិមាណ​ត្រី របប​អាហារ​ដែល​វា​ចូល​ចិត្ត និង​មាន​តម្លៃ​ដល់​ផ្នែក​វប្បធម៌ និង​ជំនឿ​សហគមន៍​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ប្រជាជន​ភូមិ​ពោធិ​បឹង ដែល​រស់នៅ​ក្បែរ​នោះ​។ ចម្លាក់​ក្រពើ​ស៊ី​ត្រី នៅ​លើ​ប្រាសាទអង្គរវត្ត បាន​ឆ្លុះ​បញ្ចាំង​អំពី​អាយុកាល​ដ៏​យូរអង្វែង​របស់​ក្រពើ​ភ្នំ​ក្នុង​វប្បធម៌​ខ្មែរ​។

ក្រពើ​ភ្នំ​ជា​ប្រភេទ​សត្វ​ទឹកសាប​ដែល​មាន​មាឌធំ​ល្មម ហើយ​មាន​ដុះ​ទ្រនុង​ឆ្អឹង​នៅ​ខាងក្រោយ​ក្បាល​របស់​វា ហើយ​ដែល​វា​ធំ​ពេញ​រូបរាង​ជា​ទូទៅ មាន​ប្រវែង​៣,៥​មែ​ត្រ​។ ក្រពើ​ភ្នំ មាន​ធ្មេញ​ស្រួច​ៗ​ជា​មធ្យម​ចំនួន​ពី ៦៤ ទៅ​៦៦ ប៉ុន្តែ​វា​ស៊ី​តែ​ចំណី​ដែល​ជា​សត្វ​តូច​ៗ ដូច​ជា ពស់ កង្កែប ត្រី ហើយ​វា​កម្រ​ស៊ី​ចំណី​ជា​សត្វ​ធំ​ៗ​ណាស់​។ ត្រង់​ចំណុច​នេះ​ហើយ ទើប ក្រពើ​ភ្នំ ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​ស្លូត​ជាងគេ បើ​ប្រៀបធៀប​ជាមួយ​ប្រភេទ​ក្រពើ​ផ្សេង​ៗ ។

ចាប់តាំងពី​ឆ្នាំ​២០០០​មក​ដល់​បច្ចុប្បន្ន ពុំ​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ថា ក្រពើ​ប្រភេទ​នេះ មានការ​វាយប្រហារ​លើ​មនុស្ស​ឡើយ លើកលែងតែ​យើង​ធ្វើ​ឱ្យ​វា​ភ្ញាក់​ឬ​ខឹងសម្បារ​។ ជាក់ស្តែង សហគមន៍​ជនជាតិ​ដើម​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ នៅ​មាន​ប្រពៃណី​គោរព​ក្រពើ​ភ្នំ និង​មុជ​ហែល​ទឹក​លេង និង​នេសាទ​ត្រី​នៅ​ក្នុង​តំបន់​ដែល​មាន​សត្វ​ក្រពើ​ប្រភេទ​នេះ​ដោយ​គ្មាន​គ្រោះថ្នាក់​ឡើយ​៕​

កែសម្រួលដោយ