រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យទីស្តីការគណៈរដ្ឋមន្ត្រីធ្វើការពិនិត្យគិតគូរក្នុងការផ្តល់គ្រឿងឥស្សរិយយស ជាមេដាយដល់គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្ត្រីជាប់កិច្ចសន្យាឲ្យបានដូចមន្ត្រីក្របខណ្ឌព្រោះពួកគាត់បានចូលរួមអភិវឌ្ឍន៍ដូចគ្នា ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានការស្នើសុំពីតំណាងគ្រូបង្រៀនថា កន្លងមកមិនមានការផ្តល់គ្រឿងឥស្សរិយយស ឬមេដាយ ណាមួយដល់គ្រូបង្រៀនជាប់ កិច្ចសន្យា ឬមន្ត្រីជាប់កិច្ចសន្យានោះទេ ទោះបីជាពួកគាត់បានខិតខំបង្រៀន និងបំពេញការងារបម្រើជាតិជាច្រើនឆ្នាំយ៉ាងណាក្តី ។
ថ្លែងក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» កាលពីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជាបានស្នើឲ្យគណៈរដ្ឋមន្ត្រីពិ និត្យផ្តល់គ្រឿងឥស្សរិយយស ឬមេដាយដល់គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្ត្រីជាប់កិច្ចសន្យា ព្រោះថា ពួកក៏បានចូលរួមជួយសង្គមជាតិដូចគ្រូបង្រៀនក្រប ខណ្ឌ និងមន្ត្រីក្របខណ្ឌដែរ ។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ៖«កន្លងមកគ្រូបង្រៀនជាប់កិច្ចសន្យា និងមន្ត្រីជាប់កិច្ចសន្យាមិនទទួលបានមេដាយទេ គឺទទួលបានត្រឹមលិខិតសរសើរ ។ ករណីនេះ ខ្ញុំស្នើសុំឲ្យឯក ឧត្តម រង្សី វិស្សុត គួរតែរៀបព្រោះគិតថា ឥឡូវសូម្បីតែស៊ីវិលដែលចូលរួមក្នុងការងារសង្គមក៏ទទួលបានមេដាយដែរ ។ អីញ្ចឹងមន្ត្រីកិច្ចសន្យា គ្រូកិច្ចសន្យារបស់យើង គួរតែផ្តល់ឲ្យគាត់ទៅ»។
សម្តេចមហាបវរធិបតី បានបន្តថា ការផ្តល់មេដាយដល់គ្រូបង្រៀនកិច្ចសន្យា និងមន្ត្រីកិច្ចសន្យា គឺជាការងារជួយសង្គម ព្រោះគាត់បង្រៀនកូនសិស្ស… គឺជាជួយសង្គមខ្លាំងណាស់ ។ ជាការពិតណាស់សប្បុរសជនបានបរិច្ខាកធនធាន ថវិកាផ្ទាល់ខ្លួន ស្ម័គ្រចិត្ត ជួយកសាងយើងផ្តល់ឲ្យ ។

សម្រាប់គ្រូបង្រៀនកិច្ចសន្យា ពិតណាស់គាត់ធ្វើការងារតាមកាព្វកិច្ចរបស់គាត់ ប៉ុន្តែការចូលរួមរបស់គាត់ គ្រាន់តែខុសមួយគ្រូមានក្របខណ្ឌ និងមួយគ្រូអត់ក្របខណ្ឌ ប៉ុន្តែការចូលរួមជួយ គឺដូចតែគ្នា ។
សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា ៖« អីញ្ចឹងខ្ញុំសូមឲ្យគោលការណ៍នេះដល់ទីស្តីការគណៈរដ្ឋមន្ត្រីគួរសិក្សា សម្រាប់ទាំងមន្ត្រីកិច្ចសន្យា និងគ្រូកិច្ចសន្យា គួរតែឲ្យមេដាយដល់សម្រាប់ការចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង សូមរៀបចំកិច្ចការងារនេះ» ៕
ចែករំលែកព័តមាននេះ