ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ទទួល​យក​បទ​ឈប់​បា.ញ់​៣០​ថ្ងៃ​ក្រោយ​ការ​សន្ទនា​គ្នា​ជា​មួយ​ត្រាំ

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ នៅ​ទីបំផុត​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ទី​ក្រុង​វ៉ាស៊ីនតោន​​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​ចេញ​​ផ្លែ​ផ្កា​​ជា​បណ្ដើរ​ៗ​ហើយ​។ ក្រោយ​ការ​សន្ទនា​គ្នា​ជា​មួយ​លោក​ត្រាំ​កាល​ពី​យប់​មិញ​ លោក​ពូទីន​ឯក​ភាព​ចំណុច​​សំខាន់​មួយ​គឺ​ផ្អាក​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ​លើ​ទី​តាំង​ផលិត​ថាម​ពល​ដូច​ជា​អគ្គិសនី ប្រេង និង​ឧស្ម័ន​ជា​ដើម​រយៈ​ពេល​៣០​ថ្ងៃ​។ យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​អេភី (AP) លោក​ត្រាំ…

ទី​ក្រុង​ម៉ូស្គូ៖ នៅ​ទីបំផុត​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ទី​ក្រុង​វ៉ាស៊ីនតោន​​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​ចេញ​​ផ្លែ​ផ្កា​​ជា​បណ្ដើរ​ៗ​ហើយ​។ ក្រោយ​ការ​សន្ទនា​គ្នា​ជា​មួយ​លោក​ត្រាំ​កាល​ពី​យប់​មិញ​ លោក​ពូទីន​ឯក​ភាព​ចំណុច​​សំខាន់​មួយ​គឺ​ផ្អាក​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ​លើ​ទី​តាំង​ផលិត​ថាម​ពល​ដូច​ជា​អគ្គិសនី ប្រេង និង​ឧស្ម័ន​ជា​ដើម​រយៈ​ពេល​៣០​ថ្ងៃ​។

យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​អេភី (AP) លោក​ត្រាំ និង​លោក​ពូទីន​ឯក​ភាព​ទៅ​លើ​បទ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្អាក​វាយ​ប្រហារ​ទី​តាំង​ផលិត​ថាម​ពល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ លោក​​ពូទីន​បញ្ជាក់​​ថា​​លុះ​ត្រា​តែ​​​អ៊ុយ​ក្រែន​ផ្អាក​​ការ​វាយ​ប្រហារ​របស់​ខ្លួន​ទៅ​លើ​រុស្ស៊ី​​ដែរ​ទើ​ប​លោក​​យល់​​ព្រម​​ផ្អាក​វាយ​ប្រ​ហារ​​។​​

មាន​ន័យ​ថា​បទឈប់​បាញ់​នេះ​ឈប់​បាញ់​តែ​ថាម​ពល​ទេ​។ ចំណែក​ទី​តាំង​ផ្សេង​អាច​បាញ់​គ្នា​ជា​បន្ត​ទៀ​ត​បាន​។​ វិមាន​​ក្រឹម​ឡាំង​ថ្លែង​ថា​​​លោក​ពូទីន​បាន​បញ្ជា​ទៅ​ទាហាន​រុស្ស៊ី​ដើម្បី​ត្រៀម​អនុវត្ត​តាម​អនុសាសន៍​នេះ​។ វិមាន​ក្រឹម​ឡាំង​បាន​ចេញ​សេច​ក្ដី​ប្រកាស​មួយ​ដែល​មាន​សេចក្ដី​ជា​អាទិ៍​ថា «​​លោក​ត្រាំ និង​លោក​ពូទីន​​បាន​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ប្រកប​ដោយ​ការ​និយាយ​ត្រង់​ទៅ​ត្រង់​មក​​​អំពី​បញ្ហា​អ៊ុយ​ក្រែន»​​។

នៅ​ក្នុង​ការ​សន្ទនា​គ្នា​នោះ លោក​ពូទីន​ជម្រាប​លោក​ត្រាំ​ថា​ដំណោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​នេះ​ត្រូវ​តែ​១-​​ប្រកប​ដោយ​ភាព​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ, ២-ប្រកប​ដោយ​និរន្តរ​ភាព (មិន​​រអាក់​រអួល​ បន្តិ​ច​សន្តិ​ភាព​ បន្តិច​សង្គ្រាម​​) និង៣-​​ប្រកប​ដោយ​ចីរ​ភាព​​ (​ស្ថិត​ស្ថេរ​ចីរ​កាល​យូរ​អង្វែង​)។ លោក​សង្កត់​ធ្ងន់​ថា​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ គេ​ចាំ​បាច់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​កង្វល់​របស់​រុស្ស៊ី​ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិ​សុខ​ជាតិ​ និង​ប្រភព​ឫស​គល់​នៃ​សង្គ្រាម​។

យោង​តាម​វិមាន​ក្រឹម​ឡាំង លោក​ត្រាំ និង​លោក​ពូទីន​ក៏​បាន​ពិភាក្សា​គ្នា​ឡើង​វិញ​អំពី​សំណើ​នៃ​បទ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ​​​ដែល​គណៈ​ប្រតិ​ភូ​របស់​លោក​ត្រាំ​បាន​បញ្ជូន​ទៅ​ឱ្យ​លោក​ពូទីន​ពិនិត្យ​មើល​កាល​ពី​សប្ដាហ៍​មុន​ ហើយ​ដែល​អ៊ុយ​ក្រែន​បាន​ប្រកាស​ទទួល​យក​ជា​ឯក​តោ​ភាគី​​ទុក​ជា​មុន​។ ​លោក​ពូទីន​បាន​ដក​ស្រង់​យក​ចំណុច​សំខាន់​ៗ​នៅក្នុង​សំណើ​នោះ​មក​និយាយ​ឡើង​វិញ​។

លោក​ថា​គេ​ត្រូវ​តែ​ធានា​ការ​ឃ្លាំ​មើល​ការ​អនុវត្ត​បទ​ឈប់​បាញ់​នេះ​ឱ្យ​បាន​ដិត​ដល់​ ហើយ​ត្រូវ​ធានា​ឱ្យ​បាន​ថា​អ៊ុយ​ក្រែន​មិន​ឆ្លៀត​ឱកាស​៣០​ថ្ងៃ​នេះ​ដើម្បី​ចល័ត​កង​ទ័ព​ និង​ដឹក​អាវុធ​ដើម្បី​ត្រៀម​វាយ​ប្រហារ​ជា​ថ្មី​នោះ​ទេ​។ លោក​ពូទីន​សង្កត់​ធ្ងន់​ថា​​​ដើម្បី​​​​​​ទប់​ស្កាត់​មិន​ឱ្យ​ភ្លើង​​សង្គ្រាម​ឆាប​ឆេះ​កាន់​តែ​ខ្លាំង និង​ធ្វើ​​ការ​រួម​គ្នា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ និង​ការ​ទូត​​​លុះ​ត្រា​តែ​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​​​ និង​ឈប់​ផ្ដល់​ព័ត៌​មាន​សម្ងាត់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ នេះ​បើ​យោង​តាម​វិមាន​ក្រឹម​ឡាំង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ