រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ មីនា ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលបានភស្តុតាង និងអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា ព្រមទាំងមានការសម្របសម្រួល នីតិវិធីពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៤នាក់ រួមមាន៖
១. ឈ្មោះ ឡុក អូរីដេ ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ អាជីវករ ទីលំនៅបច្ចុប្បន្នសង្កាត់សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២. ឈ្មោះ មុត រិន ភេទ ប្រុស អាយុ៧៨ឆ្នាំ មុខរបរ សមាជិកក្រុមប្រឹក្សាស្រុក ទីលំនៅបច្ចុប្បន្នឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៣. ឈ្មោះ កាន់ គុន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជំទប់ទី២ឃុំតាប្រុក ទីលំនៅបច្ចុប្បន្នឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
៤. ឈ្មោះ ម៉ៅ ហេន ភេទប្រុសអាយុ៦២ឆ្នាំ មុខរបរជំទប់ទី២ឃុំជយោ ទីលំនៅបច្ចុប្បន្នឃុំជយោស្រុកចំការលើខេត្តកំពង់ចាម ។
អ្នកនាំពាក្យ បានដឹងថា ក្នុងចំណោមជនសង្ស័យទាំង០៤នាក់ គឺមានជនសង្ស័យ០៣នាក់ ជាសកម្មជនគណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ នៅស្រុកចំការលើ ខេត្តកំពង់ចាម ។
ជនសង្ស័យទាំង០៤នាក់ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរ ដោយយោងតាមចម្លើយសារភាព និងភស្តុតាង ពួកគេពិតជាបានប្រើប្រាស់បណ្តាញសង្គម យកមកធ្វើសកម្មភាព ញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើត្រូវចាត់ជាបទល្មើសព្រហ្មទណ្ឌ ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយ ណាមួយឡើយ ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ។ នៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គល ដែលបានធ្វើសកម្មភាពបង្កចលាចលដល់សណ្ដាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះ នៃសន្តិសុខសង្គម ៕




ចែករំលែកព័តមាននេះ