រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង ចំនួន១០នាក់ ដែលបានធ្វើសកម្មភាពបង្កហិ.ង្សា ឆក់ និងធាក់ប្លន់យកម៉ូតូ យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ និងបង្ហាញមុខជាសាធារណៈ កាលពីម៉ោង២រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ។

ជនសង្ស័យ ដែលសមត្ថកិច្ចបង្ហាញមុខ រួមមាន ៖
១-ឈ្មោះ អ៊ុំ ច័ន្ទណារុន ភេទ ប្រុស
២-ឈ្មោះ ហែម រតនា ហៅ សីហា ភេទ ប្រុស
៣-ឈ្មោះ យ៉ុន ដេវីត ភេទ ប្រុស
៤-ឈ្មោះ ពន្លឺ រ៉ូណាល់ ហៅ ជេម ភេទ ប្រុស
៥-ឈ្មោះ ឆន ច័ន្ទយូរ៉ាន់ ហៅ ម៉ារីអូ ភេទ ប្រុស
៦-ឈ្មោះ ម៉ាលី កុម្ភៈ ហៅ ភ័ក្ត្រ ភេទ ប្រុស
៧-ឈ្មោះ ចាន់ ដារ៉ា ភេទ ប្រុស
៨-ឈ្មោះ ភន វិសាល ភេទ ប្រុស អាយុ១៨ឆ្នាំ
៩-ឈ្មោះ គា សម្ភព ភេទ ប្រុស
និង១០-ឈ្មោះ សុគន្ធ ពិទូ ភេទ ប្រុស អាយុ១៨ឆ្នាំ ។

តាមលោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបទបញ្ជរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារព្រហ្មទណ្ឌ នៅថ្ងៃទី១២, ថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌនានា ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ១០នាក់ ជាក្រុមក្មេងទំនើង ឈ្មោះ យើងស្រឡាញ់គ្នា (YSK) និងជើងចក់(ស) ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ និងឆក់កាបូប) និងអំពើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស យកដុំថ្មគប់លើជនរងគ្រោះ និងខូចខាតម៉ូតូ ។

លោកវរសេនីយ៍ឯក ម៉ម សាវនបានឱ្យដឹងទៀតថា ជនសង្ស័យទាំង១០នាក់ បានធ្វើសកម្មភាពយ៉ាងសកម្ម ចំនួន ៦ករណី រួមមាន ៖
-ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា ធាក់ប្លន់យកម៉ូតូកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
-ករណីទី២ ធ្វើសកម្មភាពពាក់ព័ន្ធយកម៉ូតូកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ក្រុម ក្មេងទំនើងឈ្មោះ យើងស្រឡាញ់គ្នា (YSK) ។

-ករណីទី៣ ធ្វើសកម្មភាពធ្លាក់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ១LG-៤០៨០ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-ករណីទី៤ ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូម៉ាកហុងដាសេ១ វាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ ១JP-៩៥៣៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវព្រលានយន្ត ហោះថ្មី ភូមិព្រែកហូរ កហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
-ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយម៉ាកGENTLE MOMAN និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១២៤អ៊ី០ ផ្លូវកម្ពុជាក្រោម(១២៨) ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៥ ។

-និងករណីទី៦ អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស យកដុំថ្មគប់លើជនរងគ្រោះ តែពុំមានរបួស និងខូចខាតម៉ូតូកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចមាត់ទន្លេស្ពានកោះនរា (កោះពេជ្រ) ផ្លូវបេតុង ភូមិ១៤ ក្រុម៧៨ សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមនគរបាលឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូចំនួន ៤គ្រឿង ដែលជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព,ដុំថ្ម ចំនួន ០១ ដុំ,កាបូប ម៉ាក GENTLE WOMAN ពណ៌ខ្មៅ លាយក្រហម ចំនួន ០១ និងសម្ភារមួយចំនួនជារបស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតសាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ