ទីក្រុងព្យុងយ៉ាង៖ ថ្ងៃនេះ កូរ៉េខាងជើងនិយាយពន្លះអាមេរិកមួយអស់ដៃពីបទវាយប្រហារជាលក្ខណៈព្រមានទៅលើមូលដ្ឋានរបស់ក្រុមហ៊ូទីនៅប្រទេសយេម៉ែន។ តាមពិតទៅ មិនមែនជារឿងពាក់ព័ន្ធនឹងកូរ៉េខាងជើងសោះ ប៉ុន្តែរបបក្រុងព្យុងយ៉ាងហាក់ដូចជាបញ្ចេញប្រតិកម្មខ្លាំងៗទៅលើរដ្ឋាភិបាលរបស់លោកត្រាំព្រោះត្រាំបានបញ្ជូននាវាដឹកយន្តហោះទៅចូលចតនៅឧបទ្វីបកូរ៉េ។ នោះជាផ្នែក១នៃការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដោយប្រើគ្រាប់ពិត និងទម្លាក់គ្រាប់បែកពិតរហូតដល់ត្រូវរបួសជនស៊ីវិល២៩នាក់។
កូរ៉េខាងជើងប្រកាសថ្កោលទោសជាទម្ងន់ចំពោះការវាយប្រហារដោយមីស៊ីល និងគ្រាប់បែកទម្លាក់ពីលើយន្តហោះទៅលើប្រទេសយេម៉ែន។ របបក្រុងព្យុងយ៉ាងចាត់ទុកថានេះជាការរំលោភច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិរបស់ប្រទេសមួយ។ ទង្វើនេះទោះបីនៅក្នុងហេតុផលអ្វីក៏ដោយក៏មិនគួរកើតមានដែរ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកូរ៉េខាងជើងខេស៊ីអឹនអេ (KCNA)។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកត្រាំបានចេញបញ្ជាដោយផ្ទាល់ដើម្បីចាត់វិធានការវាយប្រហារទៅលើទីតាំងរបស់ហ៊ូទីនៅយេម៉ែនដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ពួកគេដែលវាយប្រហារនាវាដឹកទំនិញ និងនាវាចម្បាំងអាមេរិកនៅសមុទ្រក្រហម។ អាមេរិកថាខ្លួនវាយប្រហារហ៊ូទីលើកនេះឥតកំណត់ពេលវេលាទេរហូតដល់ពួកគេឈប់ប៉ះពាល់នាវាដឹកទំនិញតទៅទៀត។
ការវាយប្រហាររបស់អាមេរិកបានឆក់យកជីវិតមនុស្ស៥៣នាក់បើយោងតាមក្រសួងសុខាភិបាលយេម៉ែនដែលគ្រប់គ្រងដោយហ៊ូទី។ ស្ត្រី និងកុមារតូចៗក៏ស្លាប់យ៉ាងរង្គាលផងដែរ។ អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏វាយប្រហារកូនចៅរបស់អ៊ីរ៉ង់នៅហ្កាហ្សាផងដែរ។ តួលេខចុងក្រោយបង្ហាញថាចំនួនអ្នកស្លាប់នៅហ្កាហ្សាកើនឡើងដល់ជាង៤រយនាក់។
គិតទៅសង្គ្រាមបង្ហូរឈាមនៅលើទីតាំងភូមិសាស្ត្រជាច្រើនកន្លែងបាន និងកំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃមិនថានៅអ៊ុយក្រែន ហ្កាហ្សា និងនៅទីដទៃទៀតនោះទេ។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោកម៉ាដុងហួយ (Ma Dong Hui) ថ្លែងប្រាប់ទូរទស្សន៍ខេស៊ីអឹនអេថាអាមេរិកវាយប្រហារលើកនេះគឺវាយដោយឥតរើសមុខទៅលើជនស៊ីវិល និងទ្រព្យសម្បត្តិរបស់ពួកគេដោយប្រើប្រាស់ទ័ពជើងទឹក និងជើងអាកាសវាយផ្គួបគ្នា រួមទាំងនាវាដឹកយន្តហោះផងដែរ។
លោកម៉ាដុងហួយចាត់ទុកថាយុទ្ធនាការយោធារបស់អាមេរិកលើកនេះជាការរំលោភធ្ងន់ធ្ងរណាស់ទៅលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយជាការរំលោភអធិបតេយ្យភាពជាតិរបស់រដ្ឋមួយយ៉ាងច្បាស់ក្រឡែត។ ដូច្នេះទោះបីយកហេតុផលអ្វីមកនិយាយក៏មិនត្រូវដែរ។ លោកកំពុងបារម្ភយ៉ាងខ្លាំងនឹងចំណាត់ការយោធាខុសច្បាប់ និងខ្ជីខ្ជារបស់អាមេរិក។ អាមេរិកហាក់ដូចជាវីវក់នឹងមហិច្ឆតាមចង់គ្រប់គ្រងទីតាំងភូមិសាស្ត្រនយោបាយ។ ដូច្នេះ លោកសូមថ្កោលទោស និងច្រានចោលទង្វើរបស់ពួកគេ៕
ចែករំលែកព័តមាននេះ