ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ ១០​ក្បាល ​ត្រូវ​បាន​លែង​នៅ​តំបន់​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ អង្គការ​សត្វព្រៃ និង​រុក្ខជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បាន​រួម​គ្នា​ស្តារ​វត្តមាន​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ អង្គការ​សត្វព្រៃ និង​រុក្ខជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បាន​រួម​គ្នា​ស្តារ​វត្តមាន​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ឡើង​វិញ នៅ​តំបន់​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ តាម​រយៈ​ការ​លែង​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ ចំនួន​១០​ក្បាល ជា​លើក​ដំបូង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ​នា​ថ្ងៃ​១៨ មីនា បាន​ឲ្យ​ដឹង​ថា ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ ចំនួន​១០​ក្បាល ​ដែល​បាន​លែង​នេះ​ជា​លើក​ដំបូង ទៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​ពី​មនុស្ស ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ​នៃកម្ពុជា បន្ទាប់​ពី​ប្រភេទ​នេះ ​បាន​បាត់​វត្តមាន​ពី​ឧទ្យាន​ជាតិ​នេះ​ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​។ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣ ភាគី​ពាក់ព័ន្ធ​បាន​សិក្សា​វាយតម្លៃ​អំពី​ប្រភេទ​ទីជម្រក​សម​ស្រប ហើយ​បាន​រក​ឃើញ​តំបន់​ដាច់​ស្រយាល​ជាមួយនឹង​លក្ខខណ្ឌ​ជម្រក​ដ៏​ល្អ​បំផុត ​សម្រាប់​ប្រភេទ​ក្រពើ​ភ្នំ​ នៅ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​។ ជាមួយនឹង​ការ​លែង​នេះ ក៏​បាន​ប្រើ​បច្ចេកវិទ្យា​ចុង​ក្រោយ ដោយ​ប្រើ​ឧបករណ៍​កត់ត្រា​សំឡេង ដើម្បី​តាមដាន​ការ​បំ​ផ្លាស់​ទី និង​ការ​រស់រាន​មានជីវិត​របស់​សត្វ​ក្រពើ​ភ្នំ​ ដែល​ជា​ការ​ផ្តល់​ទិន្នន័យ​ដ៏​មាន​សារសំខាន់​ក្នុង​ការងារ​អភិរក្ស និង​ស្តារ​វត្តមាន​ក្រពើ​ភ្នំ​ប្រភេទ​ ។

លោក Pablo Sinovas នាយក​ប្រចាំ​ប្រទេស​ នៃ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ លើក​ឡើង​ថា ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​មកនេះ អង្គការ​សត្វព្រៃ រួម​ទាំង​សហគមន៍​មូលដ្ឋាន​ផង​ដែរ បាន​និង​កំពុង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ការពារ និង​អភិរក្ស​ក្នុង​ការ​ស្តារ​ប្រភេទ​នេះ​កុំ​ឲ្យ​ផុត​ពូជ​ពី​ក្នុង​ធម្មជាតិ ជាមួយនឹង​លទ្ធផល​វិជ្ជមាន និង​សន្ទុះ​ នៃ​ការ​អភិរក្ស​ និង​កិច្ចសហការ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​។

លោក​បន្ត​ថា ជា​ទូទៅ ក្រពើ​ភ្នំ​ត្រូវការ​ពេល​ជាង​១០​ឆ្នាំ ទម្រាំ​ធំ​ពេញវ័យ ហើយ​ក្រពើ​ភ្នំ ​ដែល​បាន​លែង​ជា​លើក​ដំបូង ដោយ​កម្មវិធី​បង្កាត់​ពូជ​ក្រពើ​ភ្នំ​សុទ្ធ​បាន​និង​កំពុង​ចាប់ផ្តើម​បង្កាត់​ពូជ​ពង​កូន​ដោយ​ខ្លួនឯង​នៅ​ក្នុង​ធម្មជាតិ ដែល​ជួយ​ជម្រុញ​ឲ្យ​មានការ​កើនឡើង​ នូវ​ចំនួន​ប្រភេទ​នេះ​នៅ​ក្នុង​ធម្មជាតិ​ ។

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ មាន​ប្រសាសន៍​ថា ចាប់តាំងពី​ឆ្នាំ​២០១១ រហូត​មក​ដល់​បច្ចុប្បន្ន ក្រសួង​បាន​សហការ​ព្រ​លែង​សត្វ​ក្រពើ​ភ្នំ​ពូជ​សុទ្ធ ​ចំនួន​១២​លើក ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ ។ ក្រសួង​បន្ត​លើកទឹកចិត្ត និង​ត្រៀមខ្លួន​ជា​និច្ច​ ក្នុង​ការ​សហការ​ជាមួយ​អង្គការ​អង្គការ​សត្វព្រៃ ដើម្បី​ទទួល​បាន​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត ក្នុង​ការងារ​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ឲ្យ​បាន​គង់វង្ស ។

ចំណែក​ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​វិញ​ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រពើ​ភ្នំ​ជា​ប្រភេទ​ដ៏​កម្រ​បំផុត​នៅ​លើ​ពិភពលោក ប៉ុន្តែ​សង្កេត​ឃើញ​ប្រភេទ​នេះ ​មាន​វត្តមាន​ច្រើន​ជាងគេ​នៅ​កម្ពុជា តាម​រយៈ​កិច្ច​ប្រឹងប្រែង​របស់​ទាំងអស់​គ្នា ​។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​បច្ចុប្បន្ន ក្រពើ​ភ្នំ​ពូជ​សុទ្ធ ​ជិត​២០០​ក្បាល ត្រូវ​បាន​លែង​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ ​ដាច់​ស្រយាល​ពី​មនុស្ស​រស់នៅ និង​មាន​សុវត្ថិភាព​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ភាគ​និរតី ​នៃ​កម្ពុជា និង​មាន​សំបុក​ពង​កូន​ក្រពើ​ភ្នំ ​ចំនួន​៦០​ក្បាល ត្រូវ​បាន​រក​ឃើញ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​នេះ​ផង​ដែរ​។ ដោយឡែក តាម​រយៈ​ប្រវត្តិ​ នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ ដែល​ធ្លាប់​មាន​វត្តមាន​ក្រពើ​ភ្នំ​ធម្មជាតិ​រស់នៅ​តាំងពី​យូរយារ​ណាស់​មក​ហើយ ដូច្នេះ​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ស្តារ​វត្តមាន​ប្រភេទ​នេះ ​នៅ​ក្នុង​តំបន់​នេះ អាច​នឹង​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ