ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន ត្រៀម​រៀបចំ​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន ឆ្នាំ​២០២៥

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន បាន​ត្រៀម​រៀបចំ​មហា​ស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន ឆ្នាំ​២០២៥ ដើម្បី​ត្រៀម​ចូលរួម​អបអរ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន បាន​ត្រៀម​រៀបចំ​មហា​ស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន ឆ្នាំ​២០២៥ ដើម្បី​ត្រៀម​ចូលរួម​អបអរ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខាង​មុខ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន ឆ្នាំ​២០២៥ ដើម្បី​ត្រៀម​ចូលរួម​អបអរ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០២៥ នា​ពេល​ខាង​មុខ​នេះ​។ កិច្ចប្រជុំ ពិនិត្យ​មើល​ការងារ​រួម​របស់​គណៈកម្មការ​រៀបចំ​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន ឆ្នាំ​២០២៥ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង ។

ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ថ្លែង​ថា «​កម្មវិធី​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ពានរង្វាន់ ក្រសួង​ព័ត៌មាន ឆ្នាំ​២០២៥» នឹង​ត្រូវ​ចាប់ផ្តើម​ប្រឡង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ បទ​ចម្រៀង​ថ្មី ៗ​បង្កប់​ដោយ​អត្ថន័យ​ខ្លឹមសារ អប់​រំជា​ច្រើន​បទ​តាម​រយៈ​ការ​ចូលរួម​តាក់តែង និពន្ធ​របស់​ប្អូន ៗ​កុមា​រា​-​កុមារី លោកគ្រូ​-​អ្នកគ្រូ មាតា​-​បិតា​សិស្ស នឹង​ត្រូវ​ផុស​ចេញពី​សំឡេង​របស់​ប្អូន ៗ​កុមា រ​នៅ​លើ​ឆាក​កម្មវិធី​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ពានរង្វាន់ ក្រសួង​ព័ត៌មាន​ប្រចាំឆ្នាំ ២០២៥​នេះ ។

តាម​រយៈ​សេចក្តីជូនដំណឹង​ស្តី​ពី​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ពានរង្វាន់​ក្រសួង​ព័ត៌មាន ឆ្នាំ​២០២៥ បាន​ជំរុញ​លើក​ទឹក​ដល់​មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលា​រដ្ឋ​-​ឯកជន សហគមន៍ និង​អង្គការ​នានា ពិសេស​កុមា​រា​-​កុមារី រូប​ណា​ដែល​មាន​ជំនឿ​ចិត្ត​លើ​ទេព កោសល្យ ភាព​ប៉ិនប្រសព្វ លើ​កាយវិការ និង​ទឹកដម​សំឡេង​របស់​ខ្លួន សូម​អញ្ជើញ​ទំនាក់ទំនង មក​ដាក់​ពាក្យ​ប្រឡង​នៅ​ក្រសួង​ព័ត៌មាន ។

លក្ខខណ្ឌ​នៃ​ការ​ចូលរួម​ប្រឡង​៖ សិស្សានុសិស្ស​ដែល​មាន​អាយុ​ចាប់ពី ៨​ឆ្នាំ ដល់​១៣​ឆ្នាំ ១​ក្រុម ចំនួន ៥​នាក់ កំពុង​សិក្សា​នៅ​សាលា បឋម​សិក្សា​តាម​បណ្តា​សាលារៀន​រដ្ឋ សាលា​ឯកជន​អង្គ ការ និង​សហគមន៍​នានា ក្នុង​រាជធានី ខេត្ត ក្រុង​។ បទ​ចម្រៀង​ដែល​ត្រូវ​ចូលរួម​ប្រឡង​តម្រូវ​ឱ្យ​ធ្វើការ​តាក់តែង​និពន្ធ​នូវ​ទំនុកច្រៀង និង​បទ​ភ្លេង ថ្មី​ចំនួន​២​បទ ដោយ​អត្ថន័យ​ក្នុង​បទ​ចម្រៀង​ត្រូវ​ផ្តោត​លើ​ការ​អប់​រំជា​ចម្បង រួម​មាន​ដូច​ជា​៖ ការ​អប់រំ​ផ្នែក​សុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការ​គោរព​ឪពុក​ម្តាយ ចាស់ព្រឹទ្ធាចារ្យ ស្រលាញ់​ការ​សិក្សា ស្រលាញ់​បរិស្ថាន ការ​គោរព ច្បាប់​ចរាចរណ៍ និង​ការ​ជៀស​ឱ្យ​ឆ្ងាយ​ពី គ្រឿងញៀន​ជាដើម ជា​ពិសេស​បទ​ចម្រៀង​ត្រូវ​តាក់តែង​ឱ្យ​ស្រប តាម​វ័យ​របស់​កុមារ ​។

ដូច្នេះ​សូម មាតា​-​បិតា អាណាព្យាបាល លោកគ្រូ​-​អ្នកគ្រូ សាលា​រដ្ឋ​ឯកជន សហគមន៍ និងអង្គការ​ទាំងអស់ ជួយ​ជំរុញ​ឱ្យ​ប្អូន​ៗ​កុមា​រា​-​កុមារី មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួល យក​ការ​អប់ រំ​តាម​រយៈ សិល្បៈ ចម្រៀង​ដើម្បី​បណ្តុះ ផ្នត់គំនិត​កុមារ​ឱ្យ​មាន​សេចក្តី​ក្លាហាន ទទួលយក​នូវ​សិ ទ្ធិ​ទាំង​៤ គឺ​សិទ្ធិ​រស់រាន សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួល​បានការ ការពារ និង​សិទ្ធិ​នៅ​ក្នុង​ការ​ចូលរួម ជា​ពិសេស​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៧៦ នៃ​ទិវា​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​២៤ នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០២៥ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ