ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំថ្លែងថាចំណុចសំខាន់ៗជាគោលនៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនត្រូវលោកពូទីនទទួលយកជាបណ្ដើរៗហើយ។ ដូច្នេះ ការចរចាគ្នាអាចនឹងមានដំណើរការទៅមុខ។ លោកថ្លែងដូច្នេះមុនការជួបសន្ទនាគ្នាតាមទូរស័ព្ទនៅរាត្រីថ្ងៃអង្គារ។ ប៉ុន្តែលោកទទួលស្គាល់ថាមានកិច្ចការជាច្រើនទៀតដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។
លោកបង្ហោះសារនៅលើបណ្ដាញសង្គមថាក្នុងមួយសប្ដាហ៍ ភាគីទាំង២ពលីជីវិតយុទ្ធជន២៥០០នាក់។ ដូច្នេះសង្គ្រាមនេះត្រូវតែបិទបញ្ចប់។ លោកកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសាដើម្បីសន្ទនាគ្នាជាមួយលោកពូទីន។ លោកទើបតែនិយាយថ្មីៗនេះថាយើងរង់ចាំមើលទាំងអស់គ្នាដើម្បីចង់ដឹងថាតើអាចឈានដល់បទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពដែរឬទេ។ លោកមានជំនឿថាយើងអាចធ្វើកិច្ចការនេះបាន។
ទោះបីលោកត្រាំសង្ឃឹមយ៉ាងដូច្នេះក្ដី ប៉ុន្តែលោកហ្សេឡិនស្គីថ្លែងសុន្ទរកថានៅពេលរាត្រីរិះគន់លោកពូទីនខ្លាំងៗ។ លោកហ្សេឡិនស្គីថាលោកពូទីនចង់បន្តសង្គ្រាម។ សំណើនៃការបញ្ចប់សង្គ្រាមគួរណាស់អនុវត្តជាក់ស្ដែងតាំងពីយូរមកហើយ។ លោកហ្សេឡិនស្គីក៏ទទួលស្គាល់ដូចលោកត្រាំដែរគឺថាសង្គ្រាមអូសបន្លាយកាន់តែយូរស្លាប់ជីវិតមនុស្សក៏កាន់តែច្រើន។
អង់គ្លេស និងបារាំងកំពុងជំរុញឱ្យលោកពូទីនបង្ហាញជំហរថាលោកចង់បានកិច្ចព្រមព្រៀងសន្តិភាពពិតប្រាកដមែន មិនមែននិយាយតែមាត់ទទេនោះ។ លោកម៉ាក្រុងថ្លែងកោតសរសើរលោកហ្សេឡិនស្គីថាជាមេដឹកនាំមានចិត្តមោះមុតក្លាហានដែលហ៊ានប្រកាសទទួលយកសំណើនៃបទឈប់បាញ់ជាឯកតោភាគីមុនពេលរុស្ស៊ីពិចារណាទៅលើសំណើនេះទៅទៀត។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសនិយាយបែបផ្គើនថាលោកពូទីនគួរណាស់ទទួលយកបទឈប់បាញ់ទាំងស្រុងដោយមិនចាំបាច់យកលេសច្រើនទេ ហើយក៏មិនចាំបាច់ដាក់លក្ខខណ្ឌត្រឡប់ទៅវិញដែរ។ នេះបើលោកពូទីនពិតជាមានចិត្តសឿងមែន។ ផ្ទុយទៅវិញ អង់គ្លេសយល់ថាលោកពូទីនគ្មានឆន្ទៈមោះមុតក្នុងការចរចាសន្តិភាពទេ។ អង់គ្លេសថាខ្លួន និងសម្ព័ន្ធមិត្តមានសន្លឹកបៀរនយោបាយល្អៗជាច្រើនសម្រាប់លេងកំដរលោកពូទីនដើម្បីជួយជំរុញឱ្យលោកចរចាគ្នាដោយប្រាកដប្រជា។
នៅក្នុងការសន្ទនាគ្នាយប់នេះ អ្នកនាំពាក្យសេតវិមានថ្លែងថាលោកត្រាំតាំងចិត្តយ៉ាងមុតមាំថាលោកត្រូវតែនិយាយគ្នាឱ្យបានដាច់ស្រេចអំពីកិច្ចព្រមព្រៀងសន្តិភាព។ លោកនឹងនិយាយអំពីរោងចក្រអគ្គិសនីនៅព្រំដែនអ៊ុយក្រែន-រុស្ស៊ី។ ចង់សំដៅលើរោងចក្រនុយក្លេអ៊ែរនៅហ្សាប៉ូរីហ្សៀ។ នេះជារោងចក្រធំជាងគេនៅអឺរ៉ុបដែលរុស្ស៊ីចូលកាន់កាប់ពីខែមីនា ឆ្នាំ២០២២។
ទន្ទឹមនឹងការចរចាគ្នា បើគេក្រឡេកទៅមើលសមរភូមិយោធាឯណោះវិញ លោកហ្សេឡិនស្គីចោទថាលោកពូទីនត្រៀមពង្រីកសង្គ្រាមឱ្យកាន់តែឆាបឆេះបន្ថែមទៀត។ គាត់ដាក់ពង្រាយកងទ័ពនៅព្រំដែនដើម្បីវាយប្រហារអ៊ុយក្រែន។ ដូច្នេះអ៊ុយក្រែនត្រូវតែចាត់វិធានការឆ្លើយតប។ រុស្ស៊ីចល័តទ័ពជើងគោកទៅកៀកនឹងតំបន់ស៊ូមី (Sumy) នៅអ៊ុយក្រែនខាងកើត។
ហ្សេឡិនស្គីថាការដែលរុស្ស៊ីចល័តទ័ពកាន់តែច្រើនឡើងៗបែបនេះជាសញ្ញាបង្ហាញថាពួកគេមិនចង់ដោះស្រាយបញ្ហាតាមមធ្យោបាយការទូតទេ។ អ៊ុយក្រែននឹងបញ្ជូនព័ត៌មានទៅប្រទេសជាដៃគូដើម្បីឱ្យពួកគេយល់ច្បាស់អំពីសភាពការណ៍ពិត។
ប៉ុន្មានថ្ងៃនេះ រុស្ស៊ី និងអ៊ុយក្រែនវាយប្រហារគ្នាដោយយន្តហោះដ្រូនយ៉ាងខ្លាំងក្លា។ កងទ័ពអាកាសអ៊ុយក្រែនថាខ្លួនបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ី៤៧គ្រឿង។ ចំណែក៣៣គ្រឿងទៀតវង្វេងបាត់នៅក្នុងសមរភូមិ។
ទីតាំងដែលរងការវាយប្រហារមានដូចជាខាគីវ កៀវ និងអូដេសា។ ប៉ុន្តែអ៊ុយក្រែនក៏វាយប្រហារចូលរុស្ស៊ីវិញដែរ។ ក្រសួងការពារជាតិរុស្ស៊ីថាខ្លួនបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន៣១គ្រឿងដែលហោះទៅវាយប្រហារទីតាំងបួនកន្លែងរបស់រុស្ស៊ី។ ទន្ទឹមនឹងនោះ សង្គ្រាមនៅតំបន់ខឺសក៏កំពុងផ្ទុះឡើងយ៉ាងក្ដៅគគុក។ ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាគ្មានការចរចាសន្តិភាពកើតឡើងជាដាច់ខាតលុះត្រាតែរុស្ស៊ីរំដោះបានតំបន់ខឺសទាំងស្រុង។ នេះបើយោងតាមការផ្សាយរបស់ប៊ីប៊ីស៊ី និងអេប៊ីស៊ី៕
ចែករំលែកព័តមាននេះ