រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យប្រទេសទាំង១១ ជួយកម្ពុជាបន្ថែមទៀត ក្នុងការរបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាចំណុចសំខាន់ ។
បើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយស ចំនួន១១ប្រទេស ដឹកនាំដោយលោកបណ្ឌិត Salah Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ។
អ្នកនាំពាក្យ បានឲ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង នូវក្តីករាយ និងស្វាគមន៍ចំពោះវត្តមាន នៃបណ្ដាប្រតិភូកុងស៊ុលកិត្តិយសទាំង១១ប្រទេស ដែលបានជួបសម្ដែងការគួរសមនាពេលនេះ ។
សម្ដេចតេជោ រំពឹងថា តាមរយៈជំនួបនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយនឹងបណ្ដាប្រទេសទាំង១១ មានភាពរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោកបណ្ឌិត Salah Essa ដែលជាតំណាងកុងស៊ុលកិត្តិយសបានលើកឡើង ដោយថ្លែងនូវអំណរគុណចំពោះសម្ដេចតេជោ ដែលបានដល់ឱកាស និងអនុញ្ញាតឱ្យតំណាងកុងស៊ុលកិត្តិយសទាំង១១ បានជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភានៅថ្ងៃនេះ ។
លោកបណ្ឌិត ក៏បានអបអរសាទរសម្ដេចតេជោ ដែលបានទទួលតួនាទីជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញ នូវក្តីរីករាយចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលពីនៅជានាយករដ្ឋមន្ត្រី និងភាពរីកចម្រើនរបស់កម្ពុជា មកដល់ពេលនេះ ដែលដឹកនាំបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយនឹងប្រទេសទាំង១១ ជាពិសេស គឺផ្ដោតទៅលើការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេសទាំងនោះ ឱ្យមានការកើនឡើងបន្ថែមទៀត ដែលជាការចង់បានរបស់ប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏ចង់ឱ្យប្រទេសទាំង១១នោះ គឺជួយបន្ថែមទៀតដល់ប្រទេសកម្ពុជា មិនត្រឹមតែក្នុងក្របខ័ណ្ឌ នៃហិរញ្ញវត្ថុប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វី ដែលកម្ពុជាចង់បាននោះ គឺការបណ្ដុះបណ្ដាល នូវធនធានខួរក្បាល គឺសំដៅទៅលើធនធានមនុស្សរបស់ប្រទេសកម្ពុជា ឱ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជាទាំងមូល ។
លោកបណ្ឌិត Salah Essa ក៏បានលើកឡើងផងដែរថា លោកនឹងខិតខំប្រឹងប្រែងជាមួយនឹងតំណាង នៃកុងស៊ុលកិត្តិយសទាំង១០រូបទៀត ក្នុងការធ្វើយ៉ាងណាឱ្យការធ្វើវិនិយោគពាណិជ្ជកម្មអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសទាំង១១ មានការរីកចម្រើនបន្ថែមទៀត ជាពិសេសលោកនឹងខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគ ក្នុងចំណោមប្រទេសទាំង១១នោះ មកវិនិយោគរកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ឱ្យមានការកើនឡើងបន្ថែមទៀត។
លោកបណ្ឌិត Salah Essa ក៏បានសរសើរដែរពីលក្ខណៈអំណោយផលរបស់ប្រទេសកម្ពុជា ដែលមានកត្តាសុខសន្តិភាព ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កន្លងទៅ និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព និងរីកការកចម្រើន និងកត្តាសន្តិសុខល្អប្រសើរថែមទៀត ដែលអំណោយផល នៃបណ្ដាប្រទេសទាំង១១ មកទស្សនានៅក្នុងប្រទេសកម្ពុជា ឱ្យមានការកើនឡើងបន្ថែមទៀតដែរ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណអ្នកចំពោះលោកបណ្ឌិត Salah Essa ក៏ដូចជាតំណាងនៃកុងស៊ុលកិត្តិយសទាំង១០ផ្សេងទៀត ដែលបានវាយតម្លៃដោយសុទិដ្ឋិយមចំពោះការអភិវឌ្ឍនិងភាពរីកចម្រើនរបស់ប្រទេសកម្ពុជារួមទាំងកត្តាសន្តិសុខផងដែរ ។
សម្ដេចតេជោក៏បានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់ប្រតិភូកុងស៊ុលកិត្តិយសដែលបានជួបសម្ដេចនៅក្នុងឱកាសនេះ ហើយសម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា កម្ពុជារង់ចាំធ្វើការជាមួយនឹងបណ្ដាស្ថាប័នក៏ដូចជាបណ្ដានៃប្រទេសទាំង១១នោះ ដើម្បីធ្វើយ៉ាងណាជំរុញនូវវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មទេសចរណ៍និងការវិនិយោគឱ្យកាន់តែល្អប្រសើរនៅក្នុងក្របខ័ណ្ឌរវាងកម្ពុជានិងបណ្តាប្រទេសទាំង១១ ។
ក្នុងជំនួបនោះដែរ សម្ដេចតេជោក៏បានចែករំលែកទស្សនៈ អំពីបញ្ហាពិភពលោកដែលកំពុងកើតមាន ដូចជាបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសង្គ្រាមពាណិជ្ជកម្មជាដើម ដែលចាំបាច់អោយភាគីទាំងអស់ត្រូវធ្វើរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ដើម្បីគោលដៅប្រយោជន៍នៃបណ្ដាប្រទេសទាំងសងខាងទាំងតំបន់ក៏ដូចជាពិភពលោកដែរ ៕
ចែករំលែកព័តមាននេះ