ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ឥត​ឈប់​! តម្លៃ​មាស​អន្តរជាតិ​បន្ត​ហក់​ឡើង​បំបែក​កំណត់​ត្រា​ថ្មី ៣,០១៦​ដុល្លារ​ក្នុង​១​អោន

12 ម៉ោង មុន

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា តម្លៃ​មាស​បាន​បន្ត​ហក់​ឡើង​ខ្ពស់​បំផុត​បំបែក​កំណត់​ត្រា​សា​ជា​ថ្មី​ទៀត បន្ទាប់​ពី​ទម្លុះ​រនាំង…

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា តម្លៃ​មាស​បាន​បន្ត​ហក់​ឡើង​ខ្ពស់​បំផុត​បំបែក​កំណត់​ត្រា​សា​ជា​ថ្មី​ទៀត បន្ទាប់​ពី​ទម្លុះ​រនាំង ៣,០០០​ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​នៅ​តែ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ខ្លាំង​ឡើង​ៗ ពាក់ព័ន្ធ​នឹង​បញ្ហា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​សកល ដែល​ជំរុញ​ដោយ​គោលនយោបាយ​ពន្ធ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។

បើ​តាម​ប្រភព​ពី Reuters បានឱ្យ​ដឹង​ថា តម្លៃ​មាស​អន្តរជាតិ Spot Gold បាន​កើនឡើង ០.២% ក្នុង​តម្លៃ ៣,០០៦.៨៨​ដុល្លារ​ក្នុង​មួយ​អោន ឬ​ជាង ៣,៦២៤​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ បន្ទាប់​ពី​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ៣,០១៦.៩២​ដុល្លារ​ក្នុង​១​អោន​ក្នុង​ការ​ជួញដូរ​មុន​។

លោក Edward Meir អ្នកវិភាគ​នៅ​ក្រុមហ៊ុន Marex ដែល​ជា​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​ថ្លែង​ថា «​មាស​កំពុង​ឡើងថ្លៃ​ខ្ពស់​ដោយសារ​តែ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ចុះ បូក​រួម​នឹង​ភាព​មិន​ប្រាកដប្រជា​នៃ​សង្គ្រាម​ពន្ធ​នាំ​ចូល​»​។

ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ជិត​ដល់​រយៈពេល​បួន​ខែ ដែល​ធ្វើ​ឱ្យ​មាស​មាន​តម្លៃ​ថោក​សម្រាប់​អ្នកទិញ​នៅ​បរទេស​។ ហើយ​គឺជា​ប្រវត្តិសាស្ត្រ​ទៅ​ហើយ ដែល​មាស​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសម្បត្តិ​ដ៏​មាន​សុ​វត្តិភាព ហើយ​ក៏​ជា​រនាំង​ការពារ​ដ៏​រឹង​មាំ អំឡុង​ពេល​អ​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​។

ចាប់តាំងពី​លោក ត្រាំ ចូល​កាន់​តំណែង​កាលពី​ខែមករា ឆ្នាំ​២០២៥ តម្លៃ​មាស​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ចំនួន​១៤​លើក ខណៈ​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​បាន​ជំរុញ​ឱ្យ​មាន​តម្រូវការ​មាស​កាន់តែ​ខ្ពស់​។ លោក ត្រាំ បាន​ដាក់​ចេញ​ផែនការ​ពន្ធ​នាំ​ចូល​ជា​បន្តបន្ទាប់ រាប់​ចាប់ពី​ពន្ធ ២៥% លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែកុម្ភៈ​កន្លង​ទៅ រហូត​ដល់​ពន្ធ​សងសឹក​ទៅ​វិញ​ទៅ​មក ដែល​លោក​បាន​អះអាង​ថា​នឹង​ចូល​ជា​ធរ​នៅ​ថ្ងៃ​ទី​២ ខែមេសា ខាង​មុខ​នេះ​។

ធនាគារ ក៏​ដូច​ជា​អ្នកវិភាគ​មួយ​ចំនួន បាន​បង្កើន​ការ​ព្យាករណ៍​តម្លៃ​មាស​រយៈពេល​៣​ខែ​បន្ទាប់ អាច​ឡើង​ដល់​៣,១០០​ដុល្លារ​ក្នុង​១​អោន និង​រយៈពេល​៦​ខែ​បន្ទាប់ នឹង​ឡើង​ដល់ ៣,២០០​ដុល្លារ​ក្នុង​១​អោន ដោយ​លើក​ឡើង​ពី​ការ​កើនឡើង​កម្តៅ នៃ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ ពាណិជ្ជកម្ម​សកល ការ​កាត់​បន្ថយ​គោលនយោបាយ​រូបិយ​វត្ថុ ក៏​ដូច​ជា​ការ​សម្រុក​ទិញ​មាស​ស្តុក​ទុក​ពី​បណ្តា​ធនាគារកណ្តាល​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក​។

ស្រប​ពេល​ដែល​ក្រុម​អ្នក​ព្យាករណ៍​បាន​កំណត់​ការ​រំពឹង​ទុក​របស់​ពួក​គេ ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​នេះ កាន់តែ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច និង​ការ​កើនឡើង​អតិផរណា​របស់​ប្រទេស​មហាអំណាច់​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ