ខេត្តកំពង់ស្ពឺ ៖ ដោយសារតែភ្លើងប្រច័ណ្ឌធ្វើឱ្យបុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ហើយបុរសម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ខណៈដែលបុរសទាំងពីរនាក់ខាងលើស្រលាញ់មនុស្សស្រីតែម្នាក់ ហើយក៏កើតទៅជារឿងប្រច័ណ្ឌទាញញញួរវាយក្បាលរងរបួស ព្រោះឃើញផឹកស៊ីជាមួយគ្នា។
ករណីហិង្សាដោយចេតនា កើតចេញពីរឿងប្រច័ណ្ឌនេះបានកើតឡើងកាលពីយប់ថ្ងៃថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ឈ្មោះប៊ិន សារ៉េត ស្ថិតក្នុងភូមិឃ្លៃចាស់ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ ខែម សុគុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃអិដ្ឋ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះឈ្មោះ ង៉េន ផាន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិភូមិព្រៃខ្លា ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាព ដោយប្រើញរញួ វាយទៅលើជនរងគ្រោះចំនួន២ញញួរ ត្រូវចំក្បាល និងដៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ក្រោយពីធ្វើសកម្មភាពវាយជនរងគ្រោះរងរបួសរួចជនដៃដល់ បានគេចខ្លួនបាត់ ។
មន្ត្រីនគរបាលស្រុកដដែលបានបន្តថា លុះដល់វេលាម៉ោង៨និង៣០ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះសើ ស្រីមុំ ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ (ង៉េន ផាន) បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិចំរើន ដើម្បីឱ្យនគរបាលជួយអន្តរាគមន៍។ ក្រោយពីទទួលបានពាក្យបណ្តឹងរួចកម្លាំងជំនាញព្រហ្មទណ្ឌស្រុក ក៏បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ កសាងសំណុំរឿង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ។ ហើយក៏បាននាំខ្លួនជនសង្ស័យដែលមានឈ្មោះ (ខែម សុគុន) រួមទាំងវត្ថុតាង(ញញួរ)មួយផងដែរ យកទៅសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីនគរបាលបានបន្ថែមថា÷ តាមចម្លើយរបស់ជនសង្ស័យដៃដល់ឈ្មោះ (ខែម សុគុន) បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើញញួរ វាយទៅលើជនរងគ្រោះឈ្មោះ (ង៉េន ផាន) ប្រាកដមែន ។ មូលហេតុដែលរូបគេធ្វើបែបនោះគឺ ដោយសារតែ ខឹងជនរងគ្រោះឈ្មោះ (ង៉េន ផាន) មកផឹកស៊ីនៅផ្ទះឈ្មោះប៊ិន សារ៉េត ក៏កើតជារឿងភ្លើងប្រច័ណ្ឌ ស្រឡាញ់ស្រីមួយពីរនាក់(ប៊ិន សារ៉េត) ទើបមានហិង្សាកើតឡើងតែម្ដង។ ណាមួយជនដៃដល់ជាមនុស្សកាចសាហាវ ទប់កំហឹងមិនជាប់ក៏កើតរឿងតែម្តង។
បច្ចុប្បន្នជនដៃដល់ត្រូវបានកម្លាំងនគរបាលក៏សាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕



ចែករំលែកព័តមាននេះ