ទីក្រុងវ៉ាស៊ីនតោន៖ លើកនេះច្បាស់ហើយ រដ្ឋមន្ត្រីការពារជាតិអាមេរិកបញ្ជាក់ថាយុទ្ធនាការយោធារបស់ខ្លួនវាយប្រហារទៅលើមូលដ្ឋានរបស់ក្រុមហ៊ូទីនៅប្រទេសយេម៉ែននឹងបន្តធ្វើឥតកាលកំណត់រហូតដល់ក្រុមហ៊ូទីស្រែកចាច និងលើកដៃសូមចុះចាញ់ រាងចាល លែងហ៊ានប៉ះពាល់នាវាដឹកទំនិញរបស់អាមេរិកនៅសមុទ្រក្រហមតទៅទៀត។
កាលពីជំនាន់លោកបៃដិនក៏ធ្លាប់វាយប្រហារហ៊ូទីដែរ។ ប៉ុន្តែវាយតិចៗ ហើយមិនស្លាប់មនុស្សច្រើនដល់ថ្នាក់នេះទេ។ របាយការណ៍ចុងក្រោយបង្ហាញថាគ្រាន់តែត្រាំបញ្ជាឱ្យវាយមួយប្រាវកាលពីថ្ងៃអាទិត្យស្លាប់៥៣នាក់។ ថ្មីៗនេះ អាមេរិកបញ្ជាក់ថាខ្លួនវាយប្រហារនេះមិនជាប់ពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុងរបស់ប្រទេសយេម៉ែនទេ ប៉ុន្តែពាក់ព័ន្ធនឹងការការពារផលប្រយោជន៍របស់អាមេរិកតែប៉ុណ្ណោះ។ បើហ៊ូទីលែងធ្វើទុក្ខបុកម្នេញនាវាដឹកទំនិញទាំងនោះ អាមេរិកក៏លែងវាយហ៊ូទីតទៅទៀតដែរ។
ប្រភពពីយោធាអាមេរិកឱ្យដឹងថាការវាយប្រហារនេះមិនមែន១ថ្ងៃ ឬ២ថ្ងៃទេ ប៉ុន្តែអាចនឹងច្រើនអាទិត្យទៅមុខទៀត ឬអាចនឹងយូរជាងនេះផងក៏អាចថាបាន។ និយាយមួយម៉ាត់ដោយខ្លីវាយប្រហារដូចភ្លៀងរលឹមរហូតដល់ហ៊ូទីលែងធ្វើទុក្ខកប៉ាល់ដឹកទំនិញតទៅទៀត។ បើដូច្នេះមែន ក្រុមហ៊ូទីអាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាមិនខាន។ ស្រួលមិនស្រួល កម្លាំងយោធារបស់ហ៊ូទីអាចនឹងរង្គោះរង្គើ ឬឈានដល់ដំណាក់កាលចុះខ្សោយខ្លាំង លែងអាចធ្វើព្យុះធ្វើភ្លៀងនៅយេម៉ែនតទៅទៀត។
សព្វថ្ងៃនេះ ចលនាប្រដាប់អាវុធនៅយេម៉ែនមាន២ធំៗកំពុងប្រឆាំងគ្នា។ ១គឺក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ និង១ទៀតគឺក្រុមគាំទ្រដោយអារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតក៏កុងគ្នាខ្លាំងណាស់ដែរដើម្បីដណ្ដើមគ្នាធ្វើបងធំនៅមជ្ឈិមបូព៌ា។ ការវាយប្រហាររបស់អាមេរិកលើកនេះកើតឡើងចំពេលទីក្រុងវ៉ាស៊ីនតោនកំពុងកៀងគរអ៊ីរ៉ង់ឱ្យចូលតុចរចានុយក្លេអ៊ែរ។
តាមពិត ការរំខានរបស់ពួកហ៊ូទីនៅសមុទ្រក្រហមមិនមែនតែទៅលើកប៉ាល់ដឹកទំនិញរបស់អាមេរិកមួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេវាយប្រហារដោយឥតរើសមុខ។ សូម្បីតែនាវារបស់ចិនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ (មេធំរបស់ក្រុមហ៊ូទី) ក៏ហ៊ូទីវាយប្រហារដែរឱ្យតែហ៊ានបើកកាត់តំបន់ត្រួតត្រារបស់ពួកគេ។ ការរំខានរបស់ពួកគេធ្វើឱ្យប៉ះពាល់វិស័យពាណិជ្ជកម្មអន្តរជាតិ។
កប៉ាល់ដឹកទំនិញត្រូវបើកវាងសមុទ្រក្រហមចម្ងាយរាប់ពាន់ ឬរាប់ម៉ឺនគីឡូម៉ែត្រ ហើយត្រូវចំណាយថ្លៃដឹកជញ្ជូនកាន់តែច្រើន។ ប្រទេសខ្លះក៏ទើសចិត្តនឹងការរំខាននេះដែរ ប៉ុន្តែគ្មាននរណាចាត់វិធានការក្ដៅ ឬក៏ចង់ចាត់ការដែរប៉ុន្តែគ្មានសមត្ថភាព។ ហេតុនេះ ការវាយប្រហាររបស់អាមេរិកប្រៀបបាននឹងព្រួញ១បាញ់បានសត្វ២ ឬរកឧុសប្រទះឈើងាប់ដូច្នោះដែរ។
ក្រុមហ៊ូទីមិនទាន់បង្ហាញសញ្ញាដកថយនៅឡើយទេ។ ទាំងហ៊ូទី និងអ៊ីរ៉ង់បានព្រមានចាត់វិធានការឆ្លើយតបវិញបើសិនអាមេរិកពង្រីកការវាយប្រហារកាន់តែខ្លាំងឡើងៗ។ មេធំរបស់ហ៊ូទី លោកអាប់ឌុល ម៉ាលីក អាល់ហ៊ូទី (Abdul Malik al-Houthi) ព្រមានថាបើសិនអាមេរិកនៅតែបន្តវាយប្រហារ យើងក៏បន្តកំដរពួកគេជានិច្ច។ ហ៊ូទីចាត់ទុកថានេះជាឧក្រិដ្ឋកម្មសង្គ្រាម។
ប្រតិកម្មចាប់ផ្ដើមកើតមានជាបណ្ដើរៗហើយពីប្រទេស១ចំនួន។ រុស្ស៊ីអំពាវនាវឱ្យវ៉ាស៊ីនតោនបន្ថយដៃខ្លះនៅក្នុងការវាយប្រហារ។ រីឯប្រទេសចិនជំរុញឱ្យភាគីទាំង២ដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាគ្នា។ ប្រភពខ្លះថានៅពេលអាមេរិកវាយប្រហារទៅលើហ៊ូទី ហ៊ូទីក៏មិនបាននៅស្ងៀមដែរ។ ពួកគេបញ្ជូនដ្រូន និងមីស៊ីលសំដៅទៅនាវាដឹកយន្តហោះរបស់អាមេរិក។ ប៉ុន្តែអាមេរិកបាញ់ធ្លាក់ដ្រូន១១គ្រឿង។ មីស៊ីលក៏បាញ់មិនត្រូវនាវាដែរ គ្រាន់តែហោះបញ្ឆាបៗតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ