រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានសម្តែងការកោតសរសើរ និងអរគុណចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលរួមចំណែកដ៏ធំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះថា «យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មាន ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន» ។
សម្តេចតេជោ បន្តថា នេះជាការរួមចំណែកដ៏ធំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនា ដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា ។
សម្តេចតេជោ ធ្លាប់បានជម្រាបអង្គប្រជុំ អាស៊ាន-អាមេរិក ចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីន ឆ្នាំ២០១៧ ថា ៖ ការមិនទុកលើអាមេរិក ដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះ យល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក ។
សម្តេចតេជោ បន្ថែមថា ចរិតមាយាទ និងសំដី នៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូច នៃបណ្តាញព័ត៌មាននេះ ឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ ។
សម្តេចតេជោ ហ៊ុន សែន សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ ៕






ចែករំលែកព័តមាននេះ