ទីក្រុងឡុង៖ ប្រទេសមួយចំនួនស្ម័គ្រចិត្តបញ្ជូនកងទ័ពទៅអ៊ុយក្រែនក្នុងនាមជាកងរក្សាសន្តិភាព។ នេះបើយោងតាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេស។ អង់គ្លេស និងបារាំងកំពុងដើរតួនាទីជាអ្នកនាំមុខគេក្នុងការរៀបចំផែនការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែនបើសិនមានកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត។ លោកត្រាំក៏កំពុងខិតខំចរចាគ្នាផងដែរ។ លោកព្យាយាមបញ្ចុះបញ្ចូលឱ្យលោកពូទីនទទួលយកសំណើនៃបទឈប់បាញ់ដើម្បីឈានទៅរកការចរចាគ្នាបញ្ចប់សង្គ្រាម។
យោងតាមអ្នកនាំពាក្យអង់គ្លេស មានប្រទេសជាង៣០ដែលត្រៀមបញ្ជូនទ័ពទៅអ៊ុយក្រែន។ ចំនួនកងទ័ពដែលត្រូវបញ្ជូនទៅនោះមិនស្មើគ្នាទេ អាចនឹងតិច ឬច្រើនទៅតាមលទ្ធភាពជាក់ស្ដែង។ ប៉ុន្តែចំនួនទ័ពសរុបប្រហែលជាមិនតិចនាក់ឡើយ។ តាមពិតពួកអឺរ៉ុបគ្រាន់តែផ្ដួចផ្ដើមគម្រោងនេះជាឯកតោភាគីតែប៉ុណ្ណោះ ហើយមិនទាន់ដឹងថានឹងជោគជ័យកម្រិតណាទេ។
មិនទាន់បានអីផង រុស្ស៊ីចេញមុខជំទាស់តាំងពីដើមទៅហើយថាខ្លួននឹងមិនអនុញ្ញាតឱ្យបញ្ជូនទ័ពបរទេសទៅអ៊ុយក្រែនទេ។ ជាពិសេសទ័ពរបស់រដ្ឋជាសមាជិកអង្គការណាតូ។ ចំពោះសំណួរថាកងទ័ពទាំងនេះគោលដៅគឺរក្សាសន្តិភាព មិនមែនទៅធ្វើសង្គ្រាមទេ។ ចុះបើពួកគេរងការបាញ់ប្រហារមុន តើគិតដូចម្ដេច? តើគួរផ្ទុះអាវុធដែរឬទេ? ឬក៏សម្ងំឱ្យគេបាញ់តាមចិត្ត? សូម្បីតែកងរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិក៏មានសិទ្ធិបាញ់តដៃវិញដែរបើពួកគេរងការវាយប្រហារ។
នៅក្នុងបញ្ហានេះ អង់គ្លេសថានឹងមានការពិភាក្សាលម្អិតនៅក្នុងគម្រោងជួបគ្នានាពេលខាងមុខ។ ចុះបើរុស្ស៊ីមិនគាំទ្រការបញ្ជូនកងរក្សាសន្តិភាពរបស់អឺរ៉ុបទៅអ៊ុយក្រែន តើត្រូវគិតយ៉ាងម៉េច? អ្នកនាំពាក្យអង់គ្លេសសូមឱ្យក្រឡេកមើលរុស្ស៊ីវិញ។ រុស្ស៊ីបានហៅកងទ័ពកូរ៉េខាងជើងទៅជួយច្បាំងខ្លួននៅតំបន់ខឺសនោះម៉េចវិញ? អង់គ្លេស និងបារាំងនៅតែបន្តអំពាវនាវឱ្យអាមេរិកជួយធានាសន្តិសុខជាតិរបស់អ៊ុយក្រែន។ បើមិនបានបញ្ជូនកងទ័ពទៅទេ ហោចណាស់គួរជួយជ្រោមជ្រែងពីក្រោយខ្នងក៏អស់ចិត្តដែរ។ បើមិនដូច្នេះទេ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពក៏មិនប្រាកដថារុស្ស៊ីលែងវាយអ៊ុយក្រែនដែរ។
បើគេស្ដាប់ជំហររបស់រុស្ស៊ីវិញម្ដង រុស្ស៊ីចាប់ផ្ដើមជំទាស់នឹងផែនការនេះជាបណ្ដើរៗហើយ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកអាឡិចសាន់ដឺ គ្រូសស្កូ (Alexander Grushko) ថ្លែងថារដ្ឋាភិបាលរបស់លោកទាមទារដាច់ខាតមិនឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ហើយត្រូវតែជាប្រទេសអព្យាក្រឹត។ លក្ខខណ្ឌនេះត្រូវតែសរសេរយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។ អនុរដ្ឋមន្ត្រីរូបនេះថ្លែងថាដើម្បីឱ្យកិច្ចព្រមព្រៀងសន្តិភាពអាចនៅស្ថិតស្ថេរយូរអង្វែងទៅបានលុះត្រាតែធ្វើតាមការទាមទាររបស់រុស្ស៊ី។ ខាងលើនេះជាការដកស្រង់ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters), ស៊ីអឹនអឹន (CNN) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ