ទីក្រុងម៉ូស្គូ៖ នៅថ្ងៃអង្គារសប្ដាហ៍នេះនឹងមានកិច្ចជំនួបធំតាមទូរស័ព្ទរវាងត្រាំ និងពូទីនដើម្បីនិយាយអំពីបញ្ហាអ៊ុយក្រែន។ គម្រោងជួបសន្ទនាគ្នានេះកើតមានឡើងបន្ទាប់ពីលោកត្រាំបញ្ជូនសំណើនៃបទឈប់បាញ់ទៅជូនលោកពូទីនពិនិត្យមើលកាលពីសប្ដាហ៍មុន។ លោកពូទីនគ្រាន់តែអ៊ឺអើតែមាត់ទទេ ប៉ុន្តែសម្រេចសម្រួចនៅទីបញ្ចប់មិនចុះហត្ថលេខាទទួលយកទេ។
លោកពូទីនស្នើសុំឱ្យសរសេរឡើងវិញឱ្យបានលម្អិត។ គម្រោងជួបសន្ទនាគ្នានេះធ្វើឡើងបន្ទាប់ពីលោកពូទីនផ្ញើលិខិតជូនលោកត្រាំដើម្បីបញ្ជាក់ជំហររបស់លោក និងជៀសវាងការអាក់អន់ស្រពន់ចិត្ត ឬយល់ច្រឡំថាលោកបដិសេធបំណងល្អ។ រុស្ស៊ីបានផ្ញើត្រឡប់ទៅវិញនូវលក្ខខណ្ឌ១ចំនួនសម្រាប់ពិចារណាដាក់បញ្ចូលទៅក្នុងបទឈប់បាញ់ដែលរៀបចំនៅពេលក្រោយទៀត។
លោកត្រាំមិនទាន់បញ្ចេញប្រតិកម្មធំដុំចំពោះការច្រានចោលបទឈប់បាញ់នោះទេ លោកគ្រាន់តែនិយាយដោយខ្លីថានេះជាដំណឹងអាក្រក់។ ដូច្នេះ ថ្នាក់ដឹកនាំទាំង២យល់ថាចាំបាច់ណាស់ត្រូវតែនិយាយគ្នាដោយផ្ទាល់ឱ្យដឹងសខ្មៅម្ដង។ តាមពិត គម្រោងជួបគ្នាលើកនេះខាងរុស្ស៊ីនៅរក្សាភាពស្ងៀមស្ងាត់សិន។ ប៉ុន្តែលោកត្រាំបានបង្ហើបប្រាប់អ្នកសារព័ត៌មានកាលពីយប់មិញនៅពេលលោករៀបឡើងជិះយន្តហោះទៅផ្លរីដា។
ក្រោយមក នៅពេលអ្នកសារព័ត៌មានសួរនាំអំពីរឿងនេះ វិមានក្រឹមឡាំងទទួលស្គាល់ថាពិតមានគម្រោងជួបសន្ទនាគ្នាតាមទូរស័ព្ទមែន។ លោកត្រាំកាលពីមុនស្បថចូលកាន់តំណែង លោកធ្លាប់សន្យាថានឹងបិទបញ្ចប់សង្គ្រាមអ៊ុយក្រែននៅក្នុងរយៈពេល២៤ម៉ោង។ ប៉ុន្តែលោកប្រហែលជាចាប់ផ្ដើមទទួលស្គាល់ជាបណ្ដើរៗហើយថាបញ្ហានេះមានលក្ខណៈស្មុគស្មាញខ្លាំង។
លោកត្រាំថាយើងនឹងពិនិត្យមើលលទ្ធភាពនៃការបញ្ចប់សង្គ្រាម «សង្គ្រាមនេះអាចនឹងចប់ ហើយអាចនឹងមិនចប់»។ លោកត្រាំថាយើងនឹងរង់ចាំអ៊ុតលទ្ធផលទាំងអស់គ្នា។ នៅថ្ងៃអង្គារសប្ដាហ៍នេះ យើងអាចនឹងដឹងថាតើមានអ្វីសម្រាប់យកមកប្រកាសជាសាធារណៈ។ លោកនឹងនិយាយគ្នាជាមួយលោកពូទីននៅថ្ងៃអង្គារ។ ក្រុមការងាររបស់លោកបានធ្វើកិច្ចការជាច្រើនកាលពីចុងសប្ដាហ៍កន្លងទៅ។ យើងចង់ដឹងថាតើអាចនឹងបញ្ចប់សង្គ្រាមនេះបាន ឬមិនបាន។
កាលពីព្រឹកថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស បញ្ជាក់ថាពិតមានគម្រោងជួបសន្ទនាគ្នាមែន។ ប៉ុន្តែលោកសូមមិននិយាយលម្អិតពេកទេ។ លោកថាយើង (រុស្ស៊ី) ពុំដែលនិយាយអ្វីមុនព្រឹត្តិការណ៍កើតឡើងទេ ហើយខ្លឹមសារសំខាន់ៗនៃគម្រោងសន្ទនាគ្នារវាងប្រធានាធិបតីទាំង២ក៏មិនមែនជាអ្វីដែលយើងត្រូវយកមកនិយាយមុនពួកគាត់ជួបគ្នានោះដែរ។
លោកត្រាំថ្លែងថាបញ្ហាទឹកដី និងរោងចក្រអគ្គិសនីជាប្រធានបទដែលស្ថិតនៅក្នុងគម្រោងជួបសន្ទនាគ្នា។ យើងនឹងនិយាយអំពីទឹកដី។ យើងនឹងនិយាយអំពីរោងចក្រអគ្គិសនី។ លោកចាត់ទុកថានេះជាការបែងចែកភាគលាភ ឬទ្រព្យសម្បត្តិគ្នា។ តាំងពីឆ្នាំ២០២២ រុស្ស៊ីបានប្រកាសដាក់បញ្ចូលទឹកដីអ៊ុយក្រែននៅតំបន់បួនគឺដូញែត និងលូហាននៅភាគខាងកើត និងខឺសុន និងហ្សាប៉ូរីហ្សៀនៅភាគអាគេ្នយ៍ជាទឹកដីរុស្ស៊ី។ ចំណែកតំបន់គ្រីម៉េត្រូវរុស្ស៊ីដាក់បញ្ចូលជាទឹកដីខ្លួនតាំងពីឆ្នាំ២០១៤។
ឥឡូវនេះ ដោយសារខ្លួនកំពុងមានប្រៀបខ្លាំងនៅក្នុងសមរភូមិយោធា រុស្ស៊ីក៏ប្រកាន់ជំហររឹងនៅក្នុងសមរភូមិការទូតផងដែរ។ រុស្ស៊ីនៅតែទាមទារលក្ខខណ្ឌដដែលឡើងវិញនូវបីចំណុចសំខាន់ៗ ១-អ៊ុយក្រែនត្រូវទទួលស្គាល់ទឹកដីដែលបាត់បង់ទៅរុស្ស៊ី, ២-មិនត្រូវចូលជាសមាជិកអង្គការណាតូ និង៣-មិនត្រូវមានកងទ័ពបរទេសនៅលើទឹកដីអ៊ុយក្រែនទេទោះបីជាកងរក្សាសន្តិភាពក៏ដោយ។ ជាពិសេសរឹតតែមិនបានទៅទៀតបើសិនកងរក្សាសន្តិភាពនោះមកពីរដ្ឋជាសមាជិកអង្គការណាតូ។ ខាងលើនេះជាការដកស្រង់ពីទីភ្នាក់ងារព័ត៌មានអេភី (AP), គេហទំព័រអាល់ចាស៊ីរ៉ា (al-Jazeera) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ