ខេត្តបាត់ដំបង ៖ ភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង លាយមកជាមួយនូវខ្យល់កន្ត្រាក់បំផ្លាញលំនៅឋានប្រជាពលរដ្ឋអស់ជាង១០០ខ្នង ហើយរន្ទះបានបាញ់សម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ដែលប៉ះទង្គិចទៅលើស្រុកចំនួន០៧ក្នុងខេត្តបាត់ដំបង ។

របាយការណ៍របស់ស្នងការខេត្តបានឲ្យដឹងថា ភ្លៀងបានធ្លាក់រាយប៉ាយស្ទើរគ្រប់កន្លែងក្នុងខេត្តបាត់ដំបង ប៉ុន្តែមានស្រុកចំនួន០៧ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលបណ្ដាលឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណ១០៧ខ្នង និងស្លាប់មនុស្សប្រុសម្នាក់ រីឯស្ត្រីម្នាក់ទៀតរងរបួស ។
យោងតាមរបាយការណ៍ដដែលនៅស្រុកសំឡូតរន្ទះបានបាញ់ស្ត្រីម្នាក់ឈ្មោះហៀន ហាំ អាយុ៤១ឆ្នាំ រស់នៅភូមិដូនត្រឹក ឃុំតាសាញ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មណ្ឌលសុខភាពភ្លាមៗដែរ ។ នៅស្រុកបាណន់ រន្ទះបានបាញ់បុរសម្នាក់ឈ្មោះ ថ្លាន់ សុខាន់ អាយុ២៨ឆ្នាំ នៅភូមិអូរស្លាប៉ាង ឃុំតាគ្រាម បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ដោយឡែក ស្រុកចំនួន០៥ទៀតបានរងគ្រោះដោយខ្យល់កន្ត្រាក់រួមមាន ៖ ស្រុកសំពៅលូន បានប៉ះទង្គិចទៅលើឃុំចំនួន០២ គឺឃុំសិរីមានជ័យ និងឃុំជ្រៃសីម៉ា ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋទាំង០២ឃុំនេះ ខូចខាតអស់ចំនួន២៥ខ្នង ។
ស្រុកសង្កែប៉ះទៅលើឃុំកំពុងព្រៀង បង្កឲ្យមានការខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន០៣ខ្មង ។ ស្រុកគាស់ក្រឡនៅឃុំឆ្នាល់មាន់ ខូចខាតផ្ទះតែ០១ខ្នងប៉ុណ្ណោះ ។ ស្រុកបវេលប៉ះទៅលើឃុំអំពិលប្រាំដើម ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន២៤ខ្នង ។ ប៉ុន្តែស្រុកឯកភ្នំក់ធ្ងន់ធ្ងរជាងគេ ប៉ះទង្គិចទៅលើឃុំពាមឯក តែមួយប៉ុណ្ណោះ តែខូចខាតផ្ទះរហូតដល់ទៅ៥៤ខ្នង ។ សរុបការខូចខាតដោយសារគ្រោះមហន្តរាយនេះ លំនៅឋានប្រជាពលរដ្ឋប្រមាណ១០៧ខ្នង និងស្លាប់មនុស្សម្នាក់ របួសម្នាក់ ដោយសាររន្ទះបាញ់ ។

តាមរយៈរបាយការណ៏ខាងលើនេះ គឺស្រុកចំនួន០៧បានប៉ះទង្គិចនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះយ៉ាងកាចសាហាវបំផុត រីឯតាមបណ្ដាស្រុកផ្សេងៗទៀត ក៏មានភ្លៀងធ្លាក់ តែពុំមានប្រទះនឹងគ្រោះមហន្តរាយធម្មជាតិនារដូវប្រាំងនេះ ។ ពេលនេះ សមត្ថកិច្ច និងអាជ្ញាធរ តាមបណ្ដាស្រុកនានាន ដែលរងគ្រោះ បាននិងកំពុងចុះត្រូតពិនិត្យដល់ទីតាំងកើតហេតុ ដើម្បីធ្វើរបាយការណ៍និងជួយសង្គ្រោះបឋម៕


ចែករំលែកព័តមាននេះ