ខេត្តសៀមរាប៖ ពិធីបួងសួងសុំសេចក្តីសុខចម្រើនជូនចំពោះកម្ពុជា នៅបរិវេណប្រាសាទអង្គរវត្ត ប្រារព្ធធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវជាភរិយាឥស្សរជនមួយចំនួនទៀត បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៥។
ពិធីបួងសួងនេះ ធ្វើឡើងក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក-ព្រះអង្គចម បារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរ ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ មហាបុព្វបុរសដូនតាខ្មែរ ដួងព្រលឹងមេទ័ពតូច-ធំ សូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ជាតិសុខសាន្តត្រាណ រីកចម្រើននិងអភិវឌ្ឍជាលំដាប់ ចៀសឆ្ងាយពីសត្រូវឈ្លានពាន យាយីទាំងឡាយ ជាពិសេសគឺសូមតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប រួមទាំងវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៍ មានសុខសុវត្ថិភាព រស់នៅប្រកបរបររកទទួលទានមានបាន៕
ចែករំលែកព័តមាននេះ