ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បរ​ទេសមួយ​ធ្វើ​ផ្ទះវីឡា​ប្រមាណ​៣០០​ទុក​ចោលលើភ្នំ​

1 នាទី មុន
  • កំពត

ខេត្តកំពត ៖ សំណង់​ជា​ម៉ូត​ផ្ទះ​លំហែ​ដែលគេ​ដឹង​ថា​មាន​ចំនួន​៣០០​ខ្នង សាងសង់​ដោយក្រុមហ៊ុន​បរទេស​មួយ និង​ចំណាយ​ប្រាក់​អស់​រាប់​លាន​ដុល្លារ​រួច​ទៅ​ហើយ គឺជា​សំណង់​ដែល​គេ​សាងសង់​នៅ​លើ​ភ្នំ​ចំនួន​២ ក្នុងភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ និង​កំពុង​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​សម្រាប់​អ្នកកាសែត…

ខេត្តកំពត ៖ សំណង់​ជា​ម៉ូត​ផ្ទះ​លំហែ​ដែលគេ​ដឹង​ថា​មាន​ចំនួន​៣០០​ខ្នង សាងសង់​ដោយក្រុមហ៊ុន​បរទេស​មួយ និង​ចំណាយ​ប្រាក់​អស់​រាប់​លាន​ដុល្លារ​រួច​ទៅ​ហើយ គឺជា​សំណង់​ដែល​គេ​សាងសង់​នៅ​លើ​ភ្នំ​ចំនួន​២ ក្នុងភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ និង​កំពុង​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​សម្រាប់​អ្នកកាសែត ។ សំណង់ផ្ទះលំហែ​ម៉ូត​ជា​វីឡា​នេះ គេ​សាងសង់​តាំងពី​ឆ្នាំ​២០១៩​មក​តែ​មិន​ទាន់​ហើយ មាន​ន័យ​ថា សាងសង់​បាន​ត្រឹមតែ​បុក​គ្រឹះ និង​បុក​សសរ​ឡើង ហើយ​ក៏​ទុក​ចោល ។

បើសិនជា​មើល​ត្រឡប់​ក្រោយ​បន្តិច​នោះ គឺ​ការ​បោះបង់​សំណង់​នេះ មិន​បន្ត​សាងសង់​នោះ គឺ​ខណៈ​ដែល​ពិភពលោក​នេះ​ផ្ទុះ​នូវ​ជំងឺឆ្លង​សាហាវ​នោះ​គឺ​កូ​វី​ដ​-១៩ ។ ផ្ទះ​វីឡា​ដែល​គេ​ទុក​ចោល​នេះ ស្ថិត​នៅ​កណ្ដាល​ព្រៃ​ភ្នំ ដែល​ផ្ទះ​ខ្លះ​ក៏​ធ្វើ​រួចរាល់ និង​ផ្ទះ​ខ្លះ​ទៀត​គ្រាន់តែ​ចាក់​គ្រឹះ​សសរ​ចោល ហើយ​ក៏​បាន​ផ្អាក​ការ​សាងសង់​ទៅ​វិញ ។ បើ​យោង​តាម​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​រក​អនុ​ផល​ព្រៃឈើ ដូច​ជា​បោចវល្លិ​នៅ​ទីនោះ បាន​និយាយ​ប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥​ថា ផ្ទះ​ដែល​គេ​ធ្វើ​ទុក​ចោល​នេះ មាន​ប្រមាណ​៣០០​ខ្នង ហើយ​ក្រុមហ៊ុន​សាងសង់​ជា​ជនបរទេស បាន​ឈប់​ដំណើរការ​ជា​យូរ​ឆ្នាំ​ហើយ ។

ឯ​មូលហេតុ​នៃ​ការ​ផ្អាក​សាងសង់ ឮ​ថា​អត់​លុយ ហើយ​គ្មាន​អ្នក​ណា​ចូល​ទៅ​ទិញ ព្រោះ មាន​តែ​ជនបរទេស​ទេ​ដែល​ចូល​ចិត្ត​ទៅ​រស់នៅ​កន្លែង​ស្ងាត់​ៗ​បែប​នេះ ។ អ្នករាយការណ៍​ព័ត៌មាន​បាន​ព្យា យាម​ចង់​ជួប​តំណាង​ក្រុមហ៊ុន ឬ​អ្នក​ទទួលខុសត្រូវ​លើ​គម្រោង​សាងសង់​សំណង់ផ្ទះ​វីឡា​នេះ​ដែរ តែ​មិន​អាច​ទាក់ទង​បាន​ដោយសារ​គ្មាន​អ្នក​ណា​ដឹង​ថា មាន​បញ្ហា​អ្វីខ្លះ ទាក់ទិន​នឹង​ការ​បោះបង់​សំណង់​លើ​ភ្នំ​នេះ​ទេ ។ ជាមួយ​នេះ ក៏​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​ដែរ តែ​មិន​អាច​ទទួល​បាន​ព័ត៌មាន​ទាក់ទិន​នឹង​ផ្ទះ​វីឡា ដែល​គេ​សាងសង់​នៅ​លើ​ភ្នំ​រហូត​ដល់​៣០០​ខ្នង​នេះ​ទេ ។

ខេត្តកំពត ជា​ខេត្ត​មួយ​ដែល​សម្បូរ​ទៅ​ដោយតំបន់​ទេសចរណ៍ធម្មជាតិ​ជា​ច្រើន រាប់​ចាប់​តាំងពី​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ និង​កែ​ច្នៃ ប្រវ​ត្តិ​សាស្ត្រ វប្បធម៌ ភ្នំ ព្រែក និង​ក​សិ​-​ទេសចរណ៍ជាដើម ។ តំបន់​នីមួយ​ៗ ត្រូវ​បាន​បែងចែក​ជា៤​ផ្នែក​សំខាន់​ៗ​ដូច​ជា ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ក្រុង​កំពត សំណង់​បេតិកភណ្ឌ ដងព្រែក​កំពង់បាយ និង​ទី​ជនបទ​នៃ​ខេត្តកំពត ។ សក្តានុ​ពល​នៃ​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ជិត​ឆ្ងាយ​មក​កម្សាន្ត​មិន​ចេះ​ជិនណាយ ពិសេស​ជនបរទេស​មក​ពី​អឺ​រុ​ប គឺ​ពេញ​និយម​មក​លំហែកាយ​នៅ​ខេត្តកំពត ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​ខេត្តសៀមរាប ។

ដូច្នេះ​ហើយ ទើប​ផ្ទះ​លំហែកាយ​ជា​ច្រើន​នៅ​តាម​ដងព្រែក​ទឹកឈូ បាន​ក្លាយជា​ការ​ទាក់ទាញ ។ ខេត្តកំពតមាន​តំបន់​ទេសចរណ៍​ចំនួន​៣៩​កន្លែង ក្នុង​នោះ​មាន​តំបន់​សមុទ្រ ទឹកធ្លាក់ ព្រៃកោង​កាង និង​តំបន់​ព្រៃ​ភ្នំ​ជាដើម ។ ចំណែក​ផ្ទះវីឡា​ដែល​គេ​ទុក​ចោល គឺ​ស្ថិត​នៅ​លើ​ភ្នំ​ខ្វៀន ដែលជា​ទស្ស នីយភាព​ព្រៃ​ភ្នំ​ដ៏​ត្រកាល ។ បើ​គិត​ពី​រយៈពេល​នៃ​ការ​ទុក​ចោល​សំណង់​នេះ គឺ​៦​ឆ្នាំ​ហើយ គិត​ចាប់ពី​ពេល​សាងសង់​នៅ​ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ