កីឡដ្ឋានក្លិបបាល់ទាត់ធំជាងគេទាំង១០ នៅលើពិភពលោក
អន្តរជាតិ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ក្លិបបាល់ទាត់ Manchester United ទើបតែបានប្រកាសពីគម្រោងយក្សសាងសង់កីឡដ្ឋានថ្មីធំជាងគេនៅចក្រភពអង់គ្លេស…
អន្តរជាតិ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ក្លិបបាល់ទាត់ Manchester United ទើបតែបានប្រកាសពីគម្រោងយក្សសាងសង់កីឡដ្ឋានថ្មីធំជាងគេនៅចក្រភពអង់គ្លេស…
អន្តរជាតិ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ក្លិបបាល់ទាត់ Manchester United ទើបតែបានប្រកាសពីគម្រោងយក្សសាងសង់កីឡដ្ឋានថ្មីធំជាងគេនៅចក្រភពអង់គ្លេស តម្លៃ២,៥ពាន់លានដុល្លារអាមេរិក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានដល់១០ម៉ឺននាក់ ជំនួសកីឡដ្ឋានបច្ចុប្បន្ន Old Trafford ។
លោក Jim Ratcliffe សហម្ចាស់ក្លិបបានគូសបញ្ជាក់ថា កីឡដ្ឋានថ្មីនេះ គ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០៣០ ហើយនឹងក្លាយជាកីឡដ្ឋានបាល់ទាត់ដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោក។ ដូច្នេះតាមរយៈគម្រោងយក្សរបស់ក្លិប Man United តើតំណែងកីឡដ្ឋានក្លិបបាល់ទាត់ធំជាងគេទាំង ១០ នៅលើពិភពលោកមានការប្រែប្រួលអ្វីខ្លះ?
ខាងក្រោមនេះ គឺជាកីឡដ្ឋានក្លិបបាល់ទាត់ធំជាងគេទាំង ១០ នៅលើពិភពលោក ដែលចេញផ្សាយដោយសារព័ត៌មាន TNT Sports កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ៖
១-កីឡដ្ឋាន Camp Nou ក្លិប Barcelona ផ្ទុកអ្នកទស្សនា ១០៥,០០០នាក់
Camp Nou ទឹកដីរបស់ក្លិបយក្សអេស្ប៉ាញ Barcelona ជាកីឡដ្ឋានក្លិបបាល់ទាត់ធំជាងគេបំផុតនៅលើពិភពលោក ធ្លាប់ទទួលរៀបចំការប្រកួតពានរង្វាន់ World Cup ចំនួន៥ប្រកួត ក៏ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ ១៩៩០ រវាងក្រុម Man United និង Bayern Munich ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កីឡដ្ឋានបច្ចុប្បន្នកំពុងតែស្ថិតក្រោមការជួសជុលអភិវឌ្ឍ និងកែលម្អឡើងវិញ ដោយតម្រូវឱ្យក្រុមឈុតធំ ត្រូវលេងនៅកីឡដ្ឋានផ្សេងជំនួសបណ្តោះអាសន្ន ចាប់តាំងពីរដូវកាល ២០២៣/២៤ រហូតមកទល់ពេលនេះ។ នៅពេលការងារសាងសង់កែលម្អបញ្ចប់តាមគម្រោងនៅឆ្នាំ ២០២៦ នោះ កីឡដ្ឋានមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ នឹងមានសមត្ថភាពផ្ទុកអ្នកទស្សនាដល់ ១០៥,០០០នាក់ និងបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបចុងក្រោយបំផុត។
២-កីឡដ្ឋានថ្មី Manchester United ផ្ទុកអ្នកទស្សនា ១០០,០០០នាក់
កីឡដ្ឋានថ្មីរបស់ក្លិបយក្សអង់គ្លេស Manchester United នឹងក្លាយជាកីឡដ្ឋានដ៏ធំបំផុតនៅចក្រភពអង់គ្លេស ហើយពេលការសាងសង់បញ្ចប់ជាស្ថាពរ កីឡដ្ឋាននេះ នឹងក្លាយជាកីឡដ្ឋានក្លឹបបាល់ទាត់ធំជាងគេទី២ នៅលើពិភពលោក។
កីឡដ្ឋានថ្មីនេះ នឹងជំនួសកីឡដ្ឋានចាស់ «Old Trafford» ដែលជាទឹកដីប្រវត្តិសាស្ត្ររបស់ខ្លួនអស់រយៈពេលជាង១០០ឆ្នាំមកហើយ ខណៈកីឡដ្ឋានបច្ចុប្បន្ន ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនា ៧៤,១៤០នាក់មួយនេះ គ្មានការអភិវឌ្ឍន៍ឡើងវិញគួរឱ្យកត់សម្គាល់ ចាប់តាំងពីឆ្នាំ ២០០៦។
៣-កីឡដ្ឋាន FNB ក្លិប Kaizer Chiefs ផ្ទុកអ្នកទស្សនា ៩៤,៧៩៧នាក់
ពហុកីឡដ្ឋាន KNB មានមូលដ្ឋាននៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងបានបើកដំណើរការនៅឆ្នាំ ១៩៨៩ ហើយក៏ជាវេទិកាថ្លែងសុន្ទរកថាដ៏ល្បីល្បាញរបស់លោក Nelson Mandela នៅពេលលោកត្រូវបានដោះលែងពីពន្ធនាគារ។
មួយឆ្នាំបន្ទាប់ពីត្រូវបានជួសជុលកែលម្អ ពហុកីឡដ្ឋានមួយនេះ បានទទួលរៀបចំការប្រកួតបើកឆាកវគ្គសន្សំពិន្ទុពូល A ពានរង្វាន់ World Cup ឆ្នាំ ២០១០ របស់ក្រុមម្ចាស់ផ្ទះអាហ្វ្រិកខាងត្បូងនៃការប្រកួត World Cup 2010 វគ្គផ្តាច់ព្រ័ត្រ ក៏ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលអេស្ប៉ាញយកឈ្នះហូឡង់ផងដែរ។ ក្រៅពីជាកីឡដ្ឋានបាល់ទាត់ FNB ក៏រៀបចំសម្រាប់ការប្រកួតបាល់ឱបផងដែរ។
៤-កីឡដ្ឋាន Azteca ក្លិប America និង Cruz Azul ផ្ទុកអ្នកទស្សនា ៨៧,៥២៣នាក់
នៅឆ្នាំ ២០២៦ កីឡដ្ឋាន Azteca នឹងក្លាយជាកីឡដ្ឋានតែមួយគត់ ដែលទទួលរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ World Cup ចំនួន៣លើក នៅពេលដែលម៉ិកស៊ិកធ្វើជាសហម្ចាស់ផ្ទះជាមួយសហរដ្ឋអាមេរិក និងកាណាដា។
កីឡដ្ឋាននេះ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏ល្បីបំផុតរបស់កីឡាបាល់ទាត់ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ១៩៧០ នៅពេលប្រេស៊ីលឈ្នះអ៊ីតាលី ៤ទល់នឹង១ ក៏ជាំទីទាំងកើតមានគ្រាប់បាល់ប៉ះដៃចូលទី ឬ «Hand of God» របស់វីរបុរសអាហ្សង់ទីន Diego Maradona ទល់នឹងអង់គ្លេសក្នុងឆ្នាំ ១៩៨៦ ។ សម្រាប់លីគកំពូលម៉ិកស៊ិក La Liga MX ក្លិប America និង Cruz Azul បានសម្រេចប្រើប្រាស់កីឡដ្ឋាននេះរួមគ្នា សម្រាប់ការប្រកួតក្នុងផ្ទះរបស់ពួកគេ។
៥-កីឡដ្ឋាន Santiago Bernabeu ក្លិប Real Madrid ផ្ទុកអ្នកទស្សនា ៨៥,០០០នាក់
កីឡដ្ឋានរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid ដែលត្រូវបានកែលម្អផ្នែកខាងមុខតាំងពីឆ្នាំ ២០១៩ ហើយបច្ចុប្បន្នមានសមត្ថភាពផ្ទុកអ្នកទស្សនាបានដល់ ៨៥,០០០នាក់ នៅពេលបញ្ចប់ការសាងសង់ទីលានប្រកួត និងដំបូល ដែលជាការបង្កើនសមត្ថភាពផ្ទុកអ្នកទស្សនាពីមុនចំនួន ៨១,០៤៤នាក់។
៦-កីឡដ្ឋាន Mas Monumental ក្លិប River Plate ផ្ទុកអ្នកទស្សនា ៨៤,៥៦៧នាក់
ក្រៅអំពីជាកីឡដ្ឋានរបស់ក្លិបយក្សអាហ្សង់ទីន River Plate កីឡដ្ឋានដ៏ល្បីល្បាញមួយនៅលើពិភពលោកមួយនេះ ក៏ជារៀបចំសម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ហើយក៏ជាកីឡដ្ឋានដែលបានបង្កើតរឿងរ៉ាវជាប្រវត្តិសាស្ត្រជាច្រើន នៅក្នុងពិភពបាល់ទាត់ផងដែរ។
៧-កីឡដ្ឋាន Signal Iduna Park ក្លិប Dortmund ផ្ទុកអ្នកទស្សនា ៨១,៣៦៥នាក់
កីឡដ្ឋានចាក់ឬសរឹងមាំនៅប្រទេសអាល្លឺម៉ង់មួយនេះ គឺជាកីឡដ្ឋានស្ថិតក្នុងចំណោមកីឡដ្ឋានបាល់ទាត់ល្បីល្បាញបំផុតនៅទ្វីបអឺរ៉ុប ដោយសារទិដ្ឋភាពព៌ណលឿងពាសពេញផ្នែកខាងក្នុងកីឡដ្ឋាន ឬហៅថា «Yellow Wall» ពីសំណាក់អ្នកគាំទ្ររបស់ក្រុម Borussia Dortmund ។
កីឡដ្ឋាននេះបានបើកជាផ្លូវការនៅឆ្នាំ ១៩៧៤ ប៉ុន្តែត្រូវបានជួសជុលកែលម្អឡើងវិញ មុនការប្រកួត World Cup ឆ្នាំ ២០០៦ ដើម្បីបង្កើនសមត្ថភាពផ្ទុកអ្នកទស្សនាដល់ ៨១,៣៦៥នាក់។
៨-កីឡដ្ឋាន Monumental ក្លិប Universitario de Deportes ផ្ទុកអ្នកទស្សនា ៨០,០៩៣នាក់
ជាមួយសមត្ថភាពផ្ទុកអ្នកទស្សនា ៨០,០៩៣នាក់ បានធ្វើឱ្យកីឡដ្ឋានក្នុងប្រទេសប៉េរូមួយនេះ ក្លាយជាកីឡដ្ឋានធំទីពីរនៅអាមេរិកខាងត្បូង ដោយសាងសង់ក្នុងឆ្នាំ ២០០០ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ កីឡដ្ឋាននេះ ក៏បានធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Libertadores ឆ្នាំ ២០១៩ រវាងក្រុម Flamengo និងក្រុម River Plate ផងដែរ។
៩-កីឡដ្ឋាន San Siro ក្លិប AC Milan និង Inter Milan ផ្ទុកអ្នកទស្សនា ៨០,០១៨នាក់
បើនិយាយពី San Siro អ្នកគាំទ្របាល់ទាត់ច្បាស់ជាស្គាល់យ៉ាងច្បាស់ ដោយវាស្ថិតក្នុងចំណោមកីឡដ្ឋានដ៏ល្បីបំផុតរបស់ពិភពលោករបស់ក្រុមយក្សអ៊ីតាលី AC Milan និង Inter Milan។ ឈរក្នុងនាមជាកីឡដ្ឋានដ៏ធំបំផុតក្នុងប្រទេសអ៊ីតាលី San Siro ឆ្លងកាត់រឿងរ៉ាវជាប្រវត្តិសាស្ត្រជាច្រើននៃការប្រកួត World Cup ការប្រគុំតន្ត្រី និងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំរបស់អឺរ៉ុបចំនួន ៤។
យ៉ាងណាមិញ San Siro ត្រូវបានកំណត់ថានឹងត្រូវវាយកម្ទេចចោល ហើយសាងសង់ជំនួសវិញ បន្ទាប់ពីរៀបចំពិធីបើកកីឡាអូឡាំពិករដូវរងានៅឆ្នាំ ២០២៦ ប៉ុន្តែចាប់តាំងពីពេលនោះមក កីឡដ្ឋាននេះរួចផុតការវាយកម្ទេចចោល ដោយសារតែបេតិកភណ្ឌវប្បធម៌ដ៏ស្រស់បំព្រងរបស់វា។
១០-កីឡដ្ឋាន Stade des Martyrs ក្លិប AS Vita ផ្ទុកអ្នកទស្សនា ៨០,០០០នាក់
Stade des Martyrs គឺជាទឹកដីរបស់ក្លិប AS Vita ដែលស្ថិតក្នុងចំណោមកីឡដ្ឋានដ៏ល្បី និងទាក់ទាញបំផុតរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ កីឡដ្ឋានដែលមានទីតាំងនៅទីក្រុង Lingwala មួយនេះ ធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតជាច្រើនរបស់ក្រុមជម្រើសជាតិកុងហ្គោផងដែរ៕ ប្រភព ៖ TNT Sports
ចែករំលែកព័តមាននេះ