ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកយុទ្ធនាការហែលទឹកទន្លេមេគង្គចម្ងាយ១២០ គីឡូម៉ែត្រ ដើម្បីជួយសង្គ្រោះសត្វផ្សោតរបស់កម្ពុជា

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​អភិរក្ស​របស់​ប្រទេស​កម្ពុជា និង​អន្តរជាតិ​បាន​នឹង​កំពុង​ចាប់ផ្តើម​យុទ្ធនាការ​ហែល​ទឹកទន្លេ​មេគង្គ ដែល​មាន​ចម្ងាយ​១២០​គីឡូម៉ែត្រ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២០ ខែមីនា ឆ្នាំ​២០២៥ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សត្វ​ផ្សោត​ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​អភិរក្ស​របស់​ប្រទេស​កម្ពុជា និង​អន្តរជាតិ​បាន​នឹង​កំពុង​ចាប់ផ្តើម​យុទ្ធនាការ​ហែល​ទឹកទន្លេ​មេគង្គ ដែល​មាន​ចម្ងាយ​១២០​គីឡូម៉ែត្រ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២០ ខែមីនា ឆ្នាំ​២០២៥ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សត្វ​ផ្សោត​ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ​កម្ពុជា និង​ចូលរួម​កៀរគរ​មូលនិធិ​សម្រាប់​ការ​អភិរក្ស ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​ភាគី​ពាក់ព័ន្ធ​បាន​លើក​ឡើង​ថា យុទ្ធនាការ​ហែល​ទឹកទន្លេ​មេគង្គ​ចូលរួម​ដឹកនាំ​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (MAFF) គាំទ្រ​ដោយ​រដ្ឋបាល​ជលផល អង្គការ WWF-​កម្ពុជា អង្គការ​ក្រុម​អភិវឌ្ឍន៍ជនបទ​កម្ពុជា គណៈកម្មការ​ថនិកសត្វ​សមុទ្រ សហរដ្ឋអាមេរិក កម្មវិធី​ស្រាវជ្រាវ​សត្វ ផ្សោត Sarasota នៅ​សួនសត្វ Brookfield ក្នុង​ទីក្រុង Chicago សហរដ្ឋអាមេរិក​, IUCN Cetacean Specialist Group និង Oceania Conservation ។

សម្រាប់​បេសកកម្ម​នេះ គឺជា​ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​សត្វ​ផ្សោត​ដែល​រង​ការ​គំរាមកំហែង​បំផុត​មួយ​របស់​ពិភពលោក ។ សត្វ​ផ្សោត ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ផុត​ពូជ ដែល​បច្ចុប្បន្ន​វត្តមាន​របស់​សត្វ​ផ្សោត​មាននៅ​ក្នុង​ចម្ងាយ​១២០​គីឡូម៉ែត្រ​រវាង​ខេត្តស្ទឹងត្រែង និង​ក្រចេះ ។ ខណៈ​ពេល​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ដែល​កំពុង​បន្ត​នេះ​បាន​ជួយ​ធ្វើ​ឱ្យ​ចំនួន​របស់​វា​មាន​ស្ថេ​រ​ភាព ប៉ុន្តែ​ការ​គំរាមកំហែង​ក៏​នៅ​តែ​បន្ត​បង្ក​គ្រោះថ្នាក់​ដល់​ចំនួន​សត្វ​ផ្សោត​ទឹកសាប​នេះ ដូច​ជា ការ​ជាប់​ទៅ​នឹង​នៅ​ក្នុង​ឧបករណ៍​នេសាទ​ដោយ​ចៃដន្យ (​ហៅ​ថា «bycatch») ការ​បាត់បង់​ទីជម្រក និង​ការ​នេសាទ​ខុសច្បាប់​ជាដើម ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖«​ក្នុង​រយៈពេល​៤​ថ្ងៃនេះ ក្រុម​អ្នក​ហែល​ទឹកនឹង​បន្ត​ហែល​តាម​ដង​ទន្លេមេគង្គ អមដំណើរ​ដោយ​ក្រុម​សុវត្ថិភាព​ជិះទូក កា​យ៉ាក និង​ទូក​ឆ្នាំ​ទន្លេ​ដើម្បី​ជួយ​គាំទ្រ​សកម្មភាព​ហែល​ទឹក ។ បេសកកម្ម​នេះ​នឹង​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​ស៊ូទ្រាំ និង​ការ​លះបង់​របស់​អ្នកចូលរួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ឱកាស​មួយ ដើម្បី​កត់ត្រា​មើល​សត្វ​ផ្សោត កំណត់​អត្តសញ្ញាណ​នៃ​ការ​គំរាមកំហែង​នានា និង​ប្រមូល​យក​សំណាក​ទាំងឡាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់ និង​ដកហូត​ម៉​ង នេសាទ​ដែល​បោះបង់​ចោល​ចេញពី​ទន្លេ​» ។

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ៖ «​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​រៀបចំ​យុទ្ធនាការ​ហែល​ទឹក ទន្លេមេគង្គ​នេះ ដោយសារ​យើង​កំពុងធ្វើការ​ក្នុង​ទិស​ដៅ​ដូច​គ្នា​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ។ ដូច​លទ្ធផល បាន​បង្ហាញ​ហើយ​ថា រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​តែ​បន្ត​កើនឡើង ហើយ​នេះ គឺជា​ភស្តុ​តាង​ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​កម្មវិធី​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​របស់​យើង​» ។

សូម​ជម្រាប​ថា មូលនិធិ​ដែល​រៃ​អង្គាស​បាន​ពី​ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​ដោយ​ផ្ទាល់​ដល់​កម្មវិធី​អភិរក្ស​សត្វ​ផ្សោត គាំទ្រ​ដល់​ឆ្នាំ​ទន្លេ​ដែល​តែងតែ​ចុះ​ល្បាត​ជា​ប្រចាំ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​តាមដាន និង​ការពារ​ទីជម្រក​របស់​សត្វ​ផ្សោត ។ បន្ថែម​ពីលើ​នេះ ធនធាន​ទាំងនេះ​ក៏​នឹង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ជំរុញ​ការងារ​ស្រាវជ្រាវ និង​ជំរុញ​កិច្ចសហការ​កាន់តែ​ខ្លាំង​រវាង​កម្មវិធី​អភិរក្ស​សត្វ​ផ្សោត​សមុទ្រ និង​ទឹកសាប​នៅ​កម្ពុជា ។

លោក ចាប វិបុល នាយក​អង្គការ WWF-​កម្ពុជា បាន​លើក​ឡើង​ថា «​ការ​ការពារ​ចំនួន​សត្វ​ផ្សោត គឺ​ទាមទារ​វិធីសាស្ត្រ និង​ការ​ចូលរួម​ទាំងអស់​គ្នា​ពី​អ្នក​អភិរក្ស អ្នក​បង្កើត​គោលនយោបាយ និង​សហគមន៍​មូលដ្ឋាន ។ យុទ្ធនាការ​ហែល​ទឹក ទន្លេមេគង្គ​នេះ គឺជា​សក្ខីភាព​នៃ​កិច្ចការ​សហការ និង​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ការ​អភិរក្ស​» ។

យុទ្ធនាការ​ហែល​ទឹកទន្លេ​មេគង្គ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មានការ​គាំទ្រ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវវិទ្យា​សត្វ​ផ្សោត​នៃ​កម្មវិធី​ស្រាវជ្រាវ​សត្វ​ផ្សោត Sarasota នៅ​សហរដ្ឋអាមេរិក ដែល​បាន​បង្កើត​វេទិការ​រៃ​អង្គាស​ថវិកា​អន្តរជាតិ ដើម្បី​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​សត្វ​ផ្សោត ។ អ្នក​រៀបចំ​យើង​សង្ឃឹមថា បញ្ហា​ប្រឈម​នឹង​ជំរុញ​ឱ្យ​មានការ​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ៗ​សម្រាប់​គំនិត​ផ្តួចផ្តើម​នានា​ក្នុង​គោលបំណង​ធានា​ដល់​អនាគត​នៃ​សត្វ​ផ្សោត​របស់​កម្ពុជា ។

ចំណែក លោកស្រី​បណ្ឌិត Frances Gulland ប្រធាន​គណៈកម្មការ​ថនិកសត្វ​សមុទ្រ​អា​មេ​រិ​កបាន​មាន​ប្រសាសន៍​តំណាង​ឱ្យ​ក្រុម​អ្នក​ហែល​ទឹក​ថា ៖ «​យុទ្ធនាការ​ហែល​ទឹកទន្លេ​មេគង្គ​នេះ គឺ​វា​ជា​បេសកកម្ម ដើម្បី​ការពារ​ផ្សោត​ដែល​ជិត​ផុត​ពូជ​របស់​កម្ពុជា និង​ទន្លេមេគង្គ ហើយ​ក៏​ជា​ការ​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​ចូលរួម​គាំទ្រ​ផង​ដែរ ។ យើង​ត្រូវ​តែ​ធ្វើ សកម្មភាព​ឥឡូវនេះ ដើម្បី​ធានា​ថា មនុស្ស​ជំនាន់​ក្រោយ​នឹង​បានឃើញ​សត្វ​ដ៏​អស្ចារ្យ​ទាំងនេះ​ដែល​រីក​ចម្រើន​នៅ​ក្នុង​ទន្លេមេគង្គ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ឆ្នាំ​២០១៦ សត្វ​ផ្សោត​នៅ​ក្នុង​អន្លង់​ឈើទាល​កៀក​ជាប់​ទៅ​នឹង​ព្រំប្រទល់​កម្ពុជា​-​ឡាវ​ត្រូវ​បាន​ប្រកាស​ថា ផុត​ពូជ​ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ឆ្នាំ​២០២២ ។ ការ​បាត់បង់​នេះ​បង្ហាញ​ពី​ចំណាត់ការ​ជា​បន្ទាន់ ដើម្បី​ការពារ​ផ្សោត​ដែល​នៅ​សេសសល់​ក្នុង​ទន្លេមេគង្គ ។

ប្រសិនបើ​យើង​មិន​ធ្វើ​សកម្មភាព​ឥឡូវនេះ​ទេ​យើង​នឹង​ប្រឈម​នឹង​ការ​បាត់បង់​សត្វ​ដ៏​អស្ចារ្យ​ទាំងនេះ​ជា​រៀង​រហូត ។ ចូលរួម​ជាមួយ​យើង​ទាំងអស់​គ្នា ដើម្បី​ការពារ​អនាគត​របស់​សត្វ​ផ្សោត និង​ទន្លេមេគង្គ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ