ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ចំនួន​១៣​នាក់​ទៅ​តុលាការ

18 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​ជល់​មាន់​ចំនួន​១៣​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ចាត់ការ​តាម​នីតិវិធី ក្រោយ​បញ្ចប់​ការ​សួរនាំ ។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​បាន​និយាយ…

ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​ជល់​មាន់​ចំនួន​១៣​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ចាត់ការ​តាម​នីតិវិធី ក្រោយ​បញ្ចប់​ការ​សួរនាំ ។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​បាន​និយាយ ។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​ថា លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយា​ល័យ​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ទាំង​១៣​នាក់​នោះ ទៅ​កាន់​សាលាដំបូង​ខេត្ត ក្រោយ​បញ្ចប់​ការ​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ យោង​តាម​របាយការណ៍​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ទាំង​១៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ឆ្មក់​ចូល​ទៅ​បង្ក្រាប​០២​ទីតាំង​ព្រម​ៗ​គ្នា ក្នុង​ពេល​តែ​មួយ កាលពី​រសៀល​ថ្ងៃ​ទី​១៦ មីនា ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹក ឃុំ​ជ្រៃ ស្រុក​ថ្មគោល ។

មន្ត្រី​ជំនាញ​បាន​និយាយ​ថា អ្នកលេង​ល្បែង​ជល់​មាន់​ទាំង​១៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​បង្ក្រាប​០២​ទីតាំង​ផ្សេង​ៗ​គ្នា​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​មនុស្ស​១៣​នាក់ សមត្ថកិច្ច​ក៏​រឹបអូស​បាន​វត្ថុ​តាង​មួយ​ចំនួន​ដែរ រួម​មាន​៖ មាន់​ជល់​ចំនួន​០៥​ក្បាល សង្វៀន​ចំនួន​០១ ជញ្ជីង​សម្រាប់​ថ្លឹង​ផ្គូរ​ផ្គង​មាន់​ចំនួន​០១ ម៉ូតូ​ចំនួន​០៧​គ្រឿង ម៉ូតូ​កង់​បី​ចំនួន​០១​គ្រឿង រួម​នឹង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

គួរ​កត់​សម្គាល់ថា ល្បែង​បញ្ជល់មាន់​នេះ ហាក់​កំពុង​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង នៅ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តបាត់ដំបង ។ ល្បែង​បញ្ជល់មាន់​នេះ ត្រូវ​បាន​គេ​ចាត់ទុកជា​ល្បែងភ្នាល់ ស៊ីសង​ខុសច្បាប់ តែ​គេ​មិន​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច នៅ​ក្នុង​មូលដ្ឋាន​ចុះ​បង្ក្រាប​ម្ដងណា​ទេ ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ឃុំ​ឃិ​ត​គ្នា​រវាង​សមត្ថកិច្ច​មូលដ្ឋាន​ជាមួយនឹង​ក្រុម​អ្នក​ញៀន​ល្បែង​ខុសច្បាប់​ទាំងនេះ ។ ដោយសារ​គ្មាន​ការ​អើពើ​ពី​កម្លាំង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​គេ​ឃើញ​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​ទៅ​នេះ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​បាន​ឆ្មក់​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ជល់​មាន់នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ជា​បន្តបន្ទាប់ ។

នៅ​ពេល​បែកធ្លាយ​ព័ត៌មាន ឬ​ត្រូវ​ចុះ​បង្ក្រាប​ដោយ​កម្លាំង​ការិយាល័យ​ជំនាញ​បែប​នេះ កម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន តែ​ឆ្លើយ​ដោះសា​រថា «​ពួក​គេ​មិន​បានដឹង ឬ​គ្រប់គ្រង​អ្នក​ញៀន​ល្បែង​ទាំងនេះ​មិន​បាន ព្រោះ​ពួក​អ្នក​ល្បែង​តែង​ណាត់គ្នា​បើក​សង្វៀន​ឆ្ងាយ​ៗ និង​នៅ​ក្នុង​ព្រៃ​ដែល​សមត្ថកិច្ច​ពិបាក​តាមដាន​»​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ថា រាល់​ល្បែងស៊ីសង​ខុសច្បាប់ ដែល​បើក​លេង​បើ​ទោះជា​នៅ​កន្លែង​ណា នៅ​ក្នុងស្រុក​ណា​ក៏​ដោយ ឲ្យ​តែមន្ត្រី​យើង​ទ​ទូល​បាន​ព័​ត៏​មាន​ជាក់លាក់ លោកស្នងការ​នឹង​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​បង្ក្រាប​ភ្លាម ហើយ​យើង​នៅ​តែ​បន្ត​កិច្ច​ប្រតិបត្តិការ បង្ក្រាប​ល្បែងស៊ីសង​នេះ​ជា​បន្តបន្ទាប់​ទៀត ទោះ​កើត​មាននៅ​ស្រុក​ណា​ក៏​ដោយ ។

លោកស្នងការ​រង​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជួយ​ផ្ដល់​ព័ត៌មាន​អំពី​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ទាំងអស់​ដែល​កំពុង​ប្រព្រឹត្ត មក​កាន់​កម្លាំង​សមត្ថកិច្ច ដើម្បី​ងាយ​ស្រូល​ក្នុង​ការ​ចុះ​បង្ក្រាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ