ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​ថៃ​រង្គោះរង្គើ​ខ្លាំង ក្រោយ Madam Pang លាតត្រដាង​បំណុល​ដ៏​ច្រើន​របស់​សមាគម

19 ម៉ោង មុន

ប្រទេស​ថៃ ៖ ពិភព​បាល់ទាត់​ក្នុង​ប្រទេស​ថៃ កំពុង​មាន​ភាព​រង្គោះរង្គើ​ខ្លាំង បន្ទាប់​ពី​លោកស្រី Nualphan Lamsam ដែល​គ្រប់​គ្នា​ស្គាល់​ថា Madam Pang…

ប្រទេស​ថៃ ៖ ពិភព​បាល់ទាត់​ក្នុង​ប្រទេស​ថៃ កំពុង​មាន​ភាព​រង្គោះរង្គើ​ខ្លាំង បន្ទាប់​ពី​លោកស្រី Nualphan Lamsam ដែល​គ្រប់​គ្នា​ស្គាល់​ថា Madam Pang ប្រធាន​សមាគម​បាល់ទាត់​ថៃ​បច្ចុប្បន្ន បាន​ចេញ​មុខ​លាតត្រដាង​រឿង​បំណុល​សមាគម​ដ៏​ច្រើន និង​ភាព​មិន​ប្រក្រតី​ផ្នែក​ហិរញ្ញវត្ថុ ដែល​ប​ន្សុ​ល​ទុក​ពី​ការ​ដឹកនាំ​របស់​ប្រធាន​សមាគម​មុន លោក Somyot Pumpanmuang ។

អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥ Madam Pang បាន​សម្រក់​ទឹកភ្នែក​ពេល​បង្ហើប​ថា សមាគម​បាល់ទាត់​ថៃ ហៅ​កាត់​ថា FAT ជាប់​បន្ទុក​បំណុល​ជាង​៣.៦​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​ដឹកនាំ​របស់​ប្រធាន​មុន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាគម​ក៏​ចាញ់ក្តី​នៅ​តុលាការ​កំពូល និង​ត្រូវ​ផ្តល់​សំណង​ដល់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ក្នុងស្រុក Siam Sport ទឹកប្រាក់ ១០.៦​លាន​ដុល្លារ ពាក់ព័ន្ធ​សំណង​ជុំវិញ​កិច្ចសន្យា​ដែល​ត្រូវ​បាន​ផ្តាច់​ដោយ​អយុត្តិធម៌​កាលពី​ឆ្នាំ ២០១៦ អំឡុង​ពេល​ដែល​លោក Somyot នៅ​កាន់​តំណែង​។ ហើយ​លើស​ពី​នេះ​ទៀត FAT ក៏​បាន​ជំពាក់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA លើ​ទឹកប្រាក់​៥​លាន​ដុល្លារ​ពី​កម្ចី​ឆ្នាំ ២០២០ ដែល​ត្រូវ​តែ​សង​នៅ​ឆ្នាំ ២០៣០​។

ការ​ចោទប្រកាន់​លើ​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​មិន​ត្រឹមត្រូវ និង​ការ​លាងលុយកខ្វក់​ក៏​បាន​កើតឡើង​ផង​ដែរ ពិសេស​ទាក់ទង​នឹង​ការ​លក់​សិទ្ធិ​ផ្សាយ​ការ​ប្រកួត​លី​គ​បាល់ទាត់​ថៃ (Thai League) និង​សេវាកម្ម​វិភាគ​ទិន្នន័យ​នៅ​បរទេស​ផង​ដែរ​។

Madam Pang បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នៅ​ពេល​ខ្ញុំ​កាន់​តំណែង​ប្រធាន​សមាគម គ្មាន​អ្វី​ក្រៅពី​បំណុល​នោះ​ទេ​។ ខ្ញុំ​សុំ​ការ​អាណិតអាសូរ និង​ការ​គាំទ្រ​ពី​អ្នកគាំទ្រ ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រោះ​បញ្ហា​ទាំងនេះ ត្រូវ​តែ​ដោះស្រាយ​ដោយ​ខ្ញុំ និង​ក្រុមប្រឹក្សាភិបាល ប៉ុន្តែ​បញ្ហា​ទាំងនេះ​មិន​បាន​កើតឡើង អំឡុង​ពេល​ខ្ញុំ​កាន់​តំណែង​នោះ​ទេ​»​។

សេដ្ឋីនី និង​ជា​អ្នកជំនួញ​ដ៏​ល្បី​របស់​ប្រទេស​ថៃ​រូប​នេះ បាន​ចោទប្រកាន់​លោក Somyot និង​ក្រុមការងារ​លោក​ថា ប្រើប្រាស់​មូលនិធិ​ខុស​គោលដៅ រួម​ទាំង​ការ​ចំណាយ​ជិត ៩០​ម៉ឺន​ដុល្លារ​លើ​ថ្លៃ​សេវា​ផ្លូវច្បាប់​សម្រាប់​បណ្តឹង​ប្រឆាំង​ក្រុមហ៊ុន Siam Sport​។ លោក Somyot ក៏​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ទទួល​ប្រាក់បៀវត្សរ៍​ដោយ​គ្មាន​ការ​អនុញ្ញាត​ជិត​៣​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ពី​ក្រុមហ៊ុន​គ្រប់គ្រង​លី​គ​បាល់ទាត់​ថៃ Thai League ដោយ​ជំរុញ​ឱ្យ​មានការ​ស៊ើបអង្កេត​ដោយ​អាជ្ញាធរ​កីឡា​ផង​ដែរ ខណៈ​ដែល​លោក​បាន​អះអាង​ថា​បាន​សង​ប្រាក់​ជាង​៩៥​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ FAT ប៉ុន្តែ Madam Pang ថា នាយកដ្ឋាន​ហិរញ្ញវត្ថុ​សមាគម​មិន​បាន​រក​ឃើញ​កំណត់​ត្រា​នៃ​ការ​សង​ប្រាក់​នោះ​ទេ​។

យ៉ាងណាមិញ កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន Madam Pang ដែល​ចូល​កាន់​តំណែង​ជា​ប្រធាន FAT កាលពី​ខែកុម្ភៈ ឆ្នាំ​មុន បាន​ប្រកាស​ថា សមាគម​បាល់ទាត់​ថៃ ដែល​កំពុង​ជាប់​គាំង​ផ្នែក​ហិរញ្ញវត្ថុ បាន​សម្រេចចិត្ត​ប្តឹង​លោក Somyot អតីត​ប្រធាន FAT ដែល​កាន់​តំណែង​ពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ដល់​ខែកុម្ភៈ ឆ្នាំ​២០២៤ និង​ជា​អតីត​អគ្គស្នងការ​នគរបាល​ភូមិន្ទ​ថៃ ជុំវិញ​ការ​ចោទប្រកាន់​រឿង​គ្រប់គ្រង​ហិរញ្ញវត្ថុ​មិន​ត្រឹមត្រូវ​។

សូម​ជម្រាប​ថា លោកស្រី Nualphan Lamsam គឺជា​អ្នក​ស្នង​មរតក​គ្រួសារ​មាន​បំផុត​មួយ​របស់​ប្រទេស​ថៃ ជាមួយ​ទ្រព្យ​សុទ្ធ​ចំនួន ៨៩០​លាន​ដុល្លារ​អា​មេ​រិ​ក​។ អ្នកស្រី​ធ្លាប់​ជា​អ្នកគ្រប់គ្រង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ផ្នែក​បុរស​ក្នុង​ឆ្នាំ ២០២១ និង​២០២២ អំឡុង​ពេល​នោះ អ្នកស្រី​បាន​ចាយប្រាក់​ប្រមាណ​១.៧​លាន​ដុល្លារ ហើយ​ក្រុម​បាន​ឈ្នះ​ពានរង្វាន់ AFF Cup ពីរ​លើក​ជាប់​ៗ​គ្នា​។

លោកស្រី​ឈ្នះ​ឆ្នោត​ក្លាយជា​ប្រធាន​សមាគម​កីឡាបាល់ទាត់​ថៃ កាលពី​ខែកុម្ភៈ ឆ្នាំ​មុន បន្ទាប់​ពី​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​លើសលប់​ចំនួន ៦៨ លើ ៧៣ ដើម្បី​ក្លាយជា​ស្ត្រី​ទី​មួយ​នៅ​ក្នុង​តំណែង​នេះ​៕ ដកស្រង់ ៖ Bangkok Post, Thai News Agency, AFP និង VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ