រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់ឧកញ៉ាទាំងអស់នៅកម្ពុជាជួយទិញស្រូវរបស់កសិករ ដើម្បីជាផ្នែកមួយជួយដល់ពួកគាត់ នៅពេលប្រមូលផល។

នៅក្នុងឱកាសជួបជាមួយសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី ១៤ ខែ មីនា សម្ដេចតេជោសូមឲ្យសមាគមឧកញ៉ា ដែលមានអ្នកវិនិយោគច្រើននៅទីនេះ ជួយទៅដល់វិស័យកសិកម្ម ការគាំទ្រនូវតម្លៃស្រូវ និងតម្លៃកសិផល ជាពិសេស តម្លៃស្រូវច្រើនតែពិបាក»។
សម្តេចតេជោបានលើកឡើងថា នៅពេលដែលវិបត្ដិស្រូវ ដែលប្រជាជនត្រូវការលក់ មានឧកញ៉ាខ្លះ គាត់ត្រូវការជួយឧបត្ថម្ភប្រជាជនជាអង្ករ ដូច្នេះ ឧកញ៉ាទាំងអស់អាចទៅជួយទិញស្រូវ ដើម្បីមកកិនទៅជាអង្ករ ហើយយកទៅចែកចាយជូនប្រជាជន ឬក៏ដូចជាកម្មកររបស់ខ្លួន។
បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យគួរតែពិនិត្យអំពីការខិតខំ ដើម្បីបង្កើតតម្លៃបន្ថែម តាមរយៈនូវផលិតកម្មកសិកម្ម ដែលកម្ពុជាមានច្រើនណាស់ ដូចជាស្វាយចន្ទីជាដើម ដែលកម្ពុជាកំពុងតែប្រែក្លាយទៅជាប្រទេស ដែលដាំស្វាយចន្ទីស្រស់ច្រើងជាងគេ នៅលើពិភពលោកផងដែរ។
សម្តេចបានគូសបញ្ជាក់ថា បើសិនជាកម្ពុជា ដាំដំណាំឧស្សាហកម្មបានច្រើន ដូចជាស្វាយចន្ទី ទន្ទឹមនឹងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ក៏អាចបង្កើតបាននូវ គម្រប់ព្រៃឈើកាន់តែធំ ដែលធានាឲ្យភាពបៃតងរបស់កម្ពុជា ដែលចំណុចនេះ គួរតែត្រូវបានរួមគ្នា ឲ្យកម្ពុជាក្លាយទៅជាកសិឧស្សាកម្ម និងកសិពាណិជ្ជកម្ម ៕
ចែករំលែកព័តមាននេះ