ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​សន្យា​ទុក​ជីវិត​ឱ្យ​ទាហាន​អ៊ុយ​ក្រែន​តម​តា​ម​សំណូម​ពរ​របស់​ត្រាំ

11 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ តប​តាម​សំណូម​ពរ​របស់​លោក​ត្រាំ​ដែល​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​តទៅ​ទៀត​ លោក​ពូទីន​ប្រកាស​​ថា​កង​ទ័ព​អ៊ុយ​ក្រែន​ដែល​នៅសេស​សល់​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខឺស និង​ដែល​កំពុង​ជាប់​នៅ​ក្នុង​ការ​​ឡោម​ព័ទ្ធ​នោះ​ពួក​គេ​ត្រូវ​លើក​ដៃ​សូម​ចុះ​ចាញ់​។​ លោក​នឹង​ទុក​ជីវិត​ឱ្យ​ពួក​គេ​។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ឱ្យ​ពួក​គេ​រួច​ខ្លួន​ វិល​ទៅ​ផ្ទះ​វិញ​ទេ​ ត្រូវ​ចាប់​ធ្វើ​ជា​ឈ្លើយ​សឹក​ ឬ​ត្រូវ​កាត់​ទោស​ពី​បទ​ចោទ​ប្រកាន់​ផ្សេង​ៗ​។​…

ទី​ក្រុង​ម៉ូស្គូ៖ តប​តាម​សំណូម​ពរ​របស់​លោក​ត្រាំ​ដែល​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​តទៅ​ទៀត​ លោក​ពូទីន​ប្រកាស​​ថា​កង​ទ័ព​អ៊ុយ​ក្រែន​ដែល​នៅសេស​សល់​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខឺស និង​ដែល​កំពុង​ជាប់​នៅ​ក្នុង​ការ​​ឡោម​ព័ទ្ធ​នោះ​ពួក​គេ​ត្រូវ​លើក​ដៃ​សូម​ចុះ​ចាញ់​។​ លោក​នឹង​ទុក​ជីវិត​ឱ្យ​ពួក​គេ​។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ឱ្យ​ពួក​គេ​រួច​ខ្លួន​ វិល​ទៅ​ផ្ទះ​វិញ​ទេ​ ត្រូវ​ចាប់​ធ្វើ​ជា​ឈ្លើយ​សឹក​ ឬ​ត្រូវ​កាត់​ទោស​ពី​បទ​ចោទ​ប្រកាន់​ផ្សេង​ៗ​។​ គ្រាន់​តែ​មិន​សម្លាប់​​ចោល​តែ​ប៉ុណ្ណោះ​។

លោក​ពូទីន​សង្កត់​ធ្ងន់​ថា​មេ​ដឹក​នាំ​របស់​ពួក​គេ​ (អ៊ុយ​ក្រែន​) ត្រូវ​ប្រាប់​កូន​ចៅ​របស់​ខ្លួន​នៅ​ខឺស​ទម្លាក់​អាវុធ​​​ និង​លើក​ដៃ​ចុះ​ចាញ់​ដើម្បី​ជៀស​វាង​ការ​បាត់​បង់​ជីវិត​យុទ្ធ​ជន​របស់​ខ្លួន​។ ប៉ុន្តែ​អ៊ុយ​ក្រែន​មិន​ទទួល​ស្គាល់​ថា​ខ្លួន​កំពុង​រង​ហានិភ័យ​នៅ​ខឺស​ទេ​។ ទី​ក្រុង​កៀ​វទទួល​ស្គាល់​ថា​ស្ថាន​ការណ៍​សឹក​នៅ​ខឺស​កំពុង​ពិបាក​ខ្លាំង​។ ​​កង​ទ័ព​របស់​ខ្លួន​រង​ការ​វាយ​ប្រហារ​ខ្លាំង​ពី​រុស្ស៊ី​។

ប៉ុន្តែ​កៀវ​ថា​នោះ​ជា​ការ​ដក​ថយ​តាម​យុទ្ធ​សាស្ត្រ​សង្គ្រាម​តែ​ប៉ុណ្ណោះ​។ ផ្ទុយ​ទៅ​វិញ​ រុស្ស៊ី​អះ​អាង​ថា​កង​ទ័ព​អ៊ុយ​ក្រែន​ត្រូវ​ខ្លួន​វាយ​បំបែក​ជា​ចម្រៀក​ៗ​​​ និង​នៅ​ដាច់​ៗ​ពី​គ្នា​។ ម៉្យាង​ទៀត​ រុស្ស៊ី​​ប្រកាស​ពី​ការ​រំដោះ​បាន​ទី​ក្រុង​ទាំង​អស់​មក​វិញ​​ផង​ដែរ​។​ ​កាល​ពី​ម្សិល​មិញ លោក​ពូទីន​ប្រកាស​​ជម្រើស​ពីរ​សម្រាប់​ពួក​គេ​ «លើក​ដៃ​ចុះ​ចាញ់, បើ​មិន​ដូច្នេះ​ទេ​មាន​តែ​ផ្លូវ​មរណៈ​​ប៉ុណ្ណោះ​»។​

កាល​ពី​យប់​មិញ លោក​ត្រាំបង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​លោក​ស្នើ​ឱ្យ​លោក​ពូទីន​អនុ​គ្រោះ​ទុក​ជីវិត​ឱ្យ​យុទ្ធ​ជន​អ៊ុយ​ក្រែន​រាប់​ពាន់​នាក់​។ យោ​ងតាម​លោក​ត្រាំ​ អ្នក​ទាំង​នោះ​ត្រូវ​រុស្ស៊ី​ព័ទ្ធ​ជាប់​អស់​ហើយ​ ហើយ​​អាច​ប្រឈម​នឹង​សេចក្ដី​ស្លាប់​គ្រប់​ពេល​វេលា​។

នៅ​ពេល​និយាយ​ដល់​រឿង​នេះ​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ទៅ​ដល់​ករណី​​ដែល​កង​ទ័ព​អាល្លឺម៉ង់​ជាង​៣០​ម៉ឺន​នាក់​ត្រូវ​ជាប់​នៅ​ក្នុង​​ការ​ឡោម​ព័ទ្ធ​នៅ​ទី​ក្រុង​ស្តាលីន​ក្រាត​ (Stalingrad) (បច្ចុប្បន្ន​ដូរ​ឈ្មោះ​ទៅ​ជា​វ៉ុល​ហ្គោ​ក្រាត​ – Volgograd) កាល​ពី​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​​។​ ពួក​គេ​មិន​អាច​តស៊ូ​បាន​យូរ​ឡើយ​ នៅ​ទី​បំផុត​គឺ​មាន​តែ​លើក​ដៃ​សូម​ចុះ​ចាញ់​រុស្ស៊ី​តែ​ប៉ុណ្ណោះ​។

ប្រភព​ខ្លះ​ថា​មុន​នឹង​ឈាន​ដល់​ការ​មាន​ជ័យ​ជម្នះ​លើ​អ៊ុយក្រែន​នៅ​ខឺស​នោះ កង​ទ័ព​រុស្ស៊ី​បាន​ដើរ​តាម​បំពង់​បង្ហូរ​ឧស្ម័ន​ចម្ងាយ​ជាង​ដប់​គីឡូ​ម៉ែត្រ​​ដើម្បី​វាយ​ឆ្មក់​ពី​​​ក្រោយ​ខ្នង​ និង​កាត់​ផ្ដាច់​ខ្សែ​ការ​ពារ​របស់​អ៊ុយ​ក្រែន​។ កាល​ពី​ពេល​វាយ​កង​ទ័ព​អាល្លឺម៉ង់​ក៏​ស្រដៀង​គ្នា​ដែរ​។ កាល​នោះ ពេល​ខ្លះ​កង​ទ័ព​សូវៀត​ហែល​នៅ​ក្នុង​លូ​ទឹក​ស្អុយ​ទៅ​វាយ​អាល្លឺម៉ង់​ពី​ក្រោយ​ខ្នង​។

លោក​ត្រាំ​​ស្នើ​សុំ​យ៉ាង​ទទូច​​ឱ្យ​លោក​ពូទីន​ទុក​ជីវិត​ឱ្យ​​ពួក​គេ​។ បើ​មិន​ដូច្នេះ​ទេ​នឹង​ក្លាយ​ជា​ការ​កាប់​សម្លាប់​ដ៏​ធំ​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​។ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​ លោក​​ពូទីន​មិន​ជំទាស់​នឹង​បំណង​ល្អ​របស់​ត្រាំ​ទេ​។ លោក​ថា​កង​ទ័ព​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ទៅ​លើ​ជន​ស៊ីវិល​​​ប្រៀប​បាន​នឹង​អំពើ​ភេរវ​កម្ម​ដូច្នោះ​ដែរ​។ ប៉ុន្តែ​លោក​ក៏​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ជា​មួយ​ពួក​គេ​ដែរ​។ លោក​យល់​​ចិត្ត​របស់​លោក​ត្រាំ​ដែល​គិត​គូរ​អំពី​​បញ្ហា​មនុស្ស​ធម៌​។​​​

​លោក​ពូទីន​​​​បញ្ជាក់​ថា​បើ​ពួក​​គេ​ទម្លាក់​អាវុធ​សូម​ចុះ​ចាញ់ លោក​ធានា​ថា​នឹង​ទុក​ជីវិត​ឱ្យ​ពួក​គេ​ និង​ជួយ​យក​អាសា​ពួក​​គេ​ស្រប​ទៅ​តាម​ច្បាប់​​អន្តរ​ជាតិ​ និង​ច្បាប់​របស់​ប្រទេស​រុស្ស៊ី​។​ តប​តាម​ការ​អំពាវ​នាវ​របស់​លោក​​ត្រាំ លោក​ពូទីន​យល់​ថា​មេ​ធំ​ៗ​របស់​អ៊ុយ​ក្រែន​នៅ​ទី​ក្រុ​ងកៀវ​ត្រូវ​តែ​ប្រាប់​​កង​ទ័ព​ទាំង​នោះ​ដាក់​អាវុធ​សូម​ចុះ​ចាញ់​។ អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​រុស្ស៊ី​​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ថា​បើ​​កង​ទ័ព​ទាំង​នោះ​​​មិន​ទម្លាក់​អាវុធ​ចុះ​​ទេ​ យើង​ត្រូវ​តែ​កម្ទេច​ពួក​គេ​ចោល​ឱ្យ​អស់​។ ​

ងាក​ទៅ​ស្ដាប់​ពី​ខាង​អ៊ុយ​ក្រែន​វិញ​ម្ដង​។ នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​អ៊ុយ​ក្រែន​បាន​​​បដិសេធ​ព័ត៌​មាន​ដែល​ថា​កង​ទ័ព​ខ្លួន​អស់​ផ្លូវ​ដើរ​ហើយ​នៅ​ពេល​នេះ​ ហើយ​កំពុង​ជាប់​នៅក្នុង​​ការ​ឡោម​ព័ទ្ធ​។ លោក​ចាត់​ទុកថា​នោះ​ជា​ព័ត៌​មាន​ក្លែង​ក្លាយ​ដែល​ប្រឌិត​ឡើង​ដោយ​រុស្ស៊ី​ដើម្បី​ក្រឡុក​ស្ថាន​ការណ៍​នយោ​បាយ​ និង​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​អ៊ុយ​​ក្រែន និង​ប្រទេស​ជា​ដៃ​គូ​របស់​អ៊ុយ​ក្រែន​តែ​ប៉ុណ្ណោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ