តើពេលនេះ ស្ថាប័នពាក់ព័ន្ធគិតដល់ណាហើយរឿងអនុសាសន៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងការបង្កើតការសម្តែងសិល្បៈនៅលានជល់ដំរីនៃបរិវេណបុរាណដ្ឋានអង្គរ ដើម្បីទាក់ទាញភ្ញៀវទេសចរ? រឿងនេះជាការបង្កើតឱកាស និងព្រឹត្តិការណ៍ក៏ដូចជា ផលិតផលថ្មីមួយធ្វើឲ្យទីបុរាណដ្ឋានអង្គរកាន់តែរស់រវើក ដើម្បីកុំអោយដូចអ្នកដែលធ្លាប់តែរិះគន់កន្លងមកថា «អ្នកទេសចរមកលេងអង្គរដើរមើលតែថ្ម» ។ ជាទូទៅ…
តើពេលនេះ ស្ថាប័នពាក់ព័ន្ធគិតដល់ណាហើយរឿងអនុសាសន៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងការបង្កើតការសម្តែងសិល្បៈនៅលានជល់ដំរីនៃបរិវេណបុរាណដ្ឋានអង្គរ ដើម្បីទាក់ទាញភ្ញៀវទេសចរ?
រឿងនេះជាការបង្កើតឱកាស និងព្រឹត្តិការណ៍ក៏ដូចជា ផលិតផលថ្មីមួយធ្វើឲ្យទីបុរាណដ្ឋានអង្គរកាន់តែរស់រវើក ដើម្បីកុំអោយដូចអ្នកដែលធ្លាប់តែរិះគន់កន្លងមកថា «អ្នកទេសចរមកលេងអង្គរដើរមើលតែថ្ម» ។

ជាទូទៅ ប្រសិនបើមិនមានអ្នកជំនាញបកស្រាយច្បាស់លាស់អំពីសំណង់ប្រាសាទដ៏មហិមានេះភ្ញៀវទេសចរពិតជារិះគិតបែបនោះមែន ហើយពួកគេមើលអង្គរយើងត្រឹមតែជាសំណង់ថ្មបុរាណ ដែលសង់នៅកណ្តាលធម្មជាតិតែប៉ុណ្ណោះ ។ ប៉ុន្តែដល់តែពួកគេបានស្តាប់ការបកស្រាយការណែនាំទើបពួកគេលាន់មាត់ និងស្គាល់តម្លៃ ។
ឥឡូវនេះ យើងមានមគ្គុទេសទេសចរណ៍ជាច្រើននៅចាំជួយណែនាំ និងមានឆ្មាំអង្គរជួយគ្រប់គ្រងសណ្តាប់ធ្នាប់ ហើយក៏មានអាជ្ញាធរអប្សរាចាំជួយតម្រែតម្រង់ការគ្រប់គ្រង និងអភិរក្សក៏ដូចជា រៀបចំទីបុរាណដ្ឋាននោះឲ្យកាន់តែមានស្ថានភាពប្រសើរខុសពីពេលមុន ។ ប៉ុន្តែប្រសិនបើស្ថាប័នពាក់ព័ន្ធអាចបង្កើតនូវព្រឹត្តិកាណ៍ដូចដែលនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍នោះ គឺជាការបន្ថែម និងបញ្ជាក់ ហើយក៏ជាសក្ខីកម្មកាន់តែប្រត្យក្សបន្ថែមទៀតអំពីអង្គរ ។

ថ្មីៗនេះ ពោល គឺនៅចុងខែកុម្ភៈ នៅពេលបិទសន្និបាតក្រសួងទេសចរណ៍សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលបានជំរុញឲ្យឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈក៏ដូចជា អាជ្ញាធរអប្សរារៀបចំបង្កើតកម្មវិធីនៃការសម្ដែងសិល្បៈនានា ដើម្បីទាក់ទាញភ្ញៀវទេសចរដែលចញពីទស្សនាប្រាសាទផ្សេងៗនាពេលរសៀល ។
សម្តេច បានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធបង្កើនផលិតផលទេសចរណ៍ ដើម្បីបង្កើតភាពរីករាយដល់ភ្ញៀវ និងសុវត្ថិភាព ដោយណែនាំឱ្យក្រសួងទាំងពីរ សិក្សាបង្កើតកម្មវិធីបន្ថែម ពិសេសការសម្ដែងសិល្បៈ ដើម្បីបន្ថែមរសជាតិ និងភាពរស់រវើកនៅក្នុងការបង្ហាញនូវតម្លៃនៃប្រាង្គប្រាសាទបុរាណកម្ពុជា និងបង្កើតការថ្ពក់ចិត្តទាក់ទាញភ្ញៀវទេសចរបន្ថែម ។ សម្តេចក៏បានបង្ហាញនូវចេតនា និងគោលបំណងលើកទឹកចិត្តឱ្យអភិបាលខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ ដែលជាបណ្តាខេត្តសំបូរប្រាសាទនិងទីបុរាណដ្ឋាននៅក្នុងប្រទេស គិតគូររួមគ្នាជារួមដាក់គោលដៅទេសចរណ៍ សម្រាប់ប្រទាក់ក្រឡាឱ្យភ្ញៀវទៅទស្សនា ។

ប្រសិន បើស្ថាប័នពាក់ព័ន្ធរៀបចំ និងប្រែក្លាយអនុសាសន៍នេះចេញជាក់ស្តែង វានឹងក្លាយទៅជាកាតាលីករបន្ថែមសកម្មភាពមួយថ្មីបំផុតសម្រាប់អ្នកទេសចរនៅខេត្តសៀមរាប ។ វាក៏ជាការផ្តល់ឱកាសឲ្យភ្ញៀវទេសចរស្គាល់ពីរបាំកម្ពុជា ស្គាល់អរិយធម៌របស់កម្ពុជា ហើយក៏ជាផ្នែកមួយផ្តល់ឱកាសឲ្យក្រុមការងារសិល្បៈដែលភាគច្រើនសឹងតែបោះបង់អាជីពនេះអស់ព្រោះតែបញ្ហាក្រពះផងដែរ ។
នៅពេលថ្ងៃពេលភ្ញៀវទេសចរដើរលេងអង្គរមគ្គុទេសទេសចរណ៍ប្រាកដជាមិនភ្លេចទេនិយាយ និងលើកតម្កើងសម្រស់អប្សរាប្រាប់ភ្ញៀវទេសចរទាំងឡាយ និង រឿងកូសមុទ្រទឹកដោះ ប៉ុន្តែវា គឺជាចម្លាក់ថ្ម ។ ដូច្នេះប្រសិនបើពេលព្រលប់បន្តិចពួកគេបានឃើញនាថការីរបាំព្រះរាជទ្រព្យសម្តែងពត់ពេនខ្លួនប្រាណ តាមភ្លេងបុរាណនៅកណ្តាលថ្មសាន្ត នោះពួកគេនឹងកាន់តែជក់ចិត្តបន្ថែម ហើយពិតជានឹងជាប់ចិត្តចំពោះសម្រស់អង្គរនិងអប្សរារបស់យើង ។

កុំមើលស្រាលតម្លៃនៃរបាំបុរាណជាពិសេស គឺរបាំព្រះរាជទ្រព្យដែលជាមរតកវប្បធម៌អរូបិយតំណាងឲ្យមនុស្សជាតិដែលត្រូវបានចុះបញ្ជីរបស់អង្គការយូណេស្កូឲ្យសោះ ។ ថ្មីៗនេះនៅពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនឹងសមាគមសិល្បករខ្មែរបាននាំយករបាំនេះទៅសម្តែងនៅសារមន្ទីរ Quai Branly នាទីក្រុងប៉ារីស ភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ដែលអង្គុយទស្សនាបានទះដៃកងរំពងអបអរភាពអស្ចារ្យនៃមរតកមនុស្សជាតិមិនអាចកាត់ថ្លៃមួយនេះដែលធ្វើឱ្យយើងក្នុងនាមជាខ្មែរ មានមោទកភភាពបំផុត ។
នៅប៉ារីសឯណោះពួកគេគាំទ្រ ប៉ុន្តែបើពួកគេបានមកលេងនៅអង្គរហើយពួកគេបានឃើញរបាំនេះសម្តែងនៅអង្គរកន្លែងដើមកំណើតនៃរបាំនេះនោះ គឺកាន់តែអស្ចារ្យ ។ ដូចនេះ ស្ថាប័នពាក់ព័ន្ធគួរតែប្រញ៉ាប់រៀបចំអនុសាសន៍របស់នាយករដ្ឋមន្ត្រីចេញឲ្យបានឆាប់ ដើម្បីជាកាតាលីករមួយចំណែកនៅក្នុងការលើកកម្ពស់ភាពរស់រវើកនៃកម្មវិធីទេសចរណ៍កម្ពុជា ។
អ្វីដែលយើងត្រូវចាំ គឺបើយើងចង់ទាក់ទាញទេសចរណ៍បរទេសអោយបានកាន់តែច្រើន យើងត្រូវតែធ្វើអោយប្រាកដថាពួកគេបានសុខ សប្បាយ និង រំភើបអារម្មណ៍តាមរយ:បានឃើញអ្វីដែលប្លែក និងអស្ចារ្យរបស់កម្ពុជា ។ ដូច្នេះពួកគេនឹងវិលត្រឡប់ទៅប្រទេសវិញជាមួយនឹងអនុស្សាវរីយ៍ដ៏ល្អហើយបន្តប្រាប់ដល់ជនជាតិរបស់ពួកគេអំពីបទពិសោធន៍របស់ពួកគេក្នុងការដើរកម្សាន្តនៅកម្ពុជា ។ ជាលទ្ធផល ពួកគេនឹងជួយទាក់ទាញភ្ញៀវមកកម្ពុជាបន្ថែមទៀត ដោយធ្វើអោយវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើន ៕



ចែករំលែកព័តមាននេះ