ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ដើមឆ្នាំ​២០២៥​នេះ ស្ថានភាព​នៃ​សរសរ​ស្តម្ភ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​សំខាន់​ៗ​ដែល​រួម​មាន ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​បណ្តាក់ទុន គឺ​សុទ្ធតែ​មាន​ស្ថានភាព​ដ៏​វិជ្ជមាន​ជាមួយនឹង​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។ ប៉ុន្តែ​អ្នកវិភាគ​ស្នើ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ខណៈ​អា​មេ​រិ​ក​ដែល​ជាទី​ផ្សារ និង​បង្គោល​ធំ​នៃ​ចរន្ត​សេដ្ឋកិច្ច​ពិភពលោក​គ្រោង​ចេញ​គំនាប​ពន្ធ​លើ​ប្រទេស​ទូទៅ​ដែល​នាំ​ចូល​ប្រទេស​ខ្លួន​ហើយ…

នៅ​ដើមឆ្នាំ​២០២៥​នេះ ស្ថានភាព​នៃ​សរសរ​ស្តម្ភ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​សំខាន់​ៗ​ដែល​រួម​មាន ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​បណ្តាក់ទុន គឺ​សុទ្ធតែ​មាន​ស្ថានភាព​ដ៏​វិជ្ជមាន​ជាមួយនឹង​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។ ប៉ុន្តែ​អ្នកវិភាគ​ស្នើ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ខណៈ​អា​មេ​រិ​ក​ដែល​ជាទី​ផ្សារ និង​បង្គោល​ធំ​នៃ​ចរន្ត​សេដ្ឋកិច្ច​ពិភពលោក​គ្រោង​ចេញ​គំនាប​ពន្ធ​លើ​ប្រទេស​ទូទៅ​ដែល​នាំ​ចូល​ប្រទេស​ខ្លួន​ហើយ ។

របាយការណ៍​ផ្លូវការ​ដែល​ចេញផ្សាយ កាលពី​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ បានឱ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កម្ពុជា ឈាន​ដល់​តម្លៃ ៩,៤៤ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៥ កើនឡើង ១៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៤ ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​មាន​ទំហំ​៤,៤៦​ពាន់​លាន​ដុល្លារ ក្នុង​អំឡុង​ខែមករា ដល់​ខែកុម្ភៈ​ឆ្នាំ​នេះ​កើនឡើង​ជិត​១២​ភាគរយ ហើយ​ការ​នាំ​ចូល​សរុប​មាន​តម្លៃ​ជិត​៥​ពាន់​លាន​ដុល្លារ​កើនឡើង​២០,៦​ភាគរយ ។

ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ជា​ចម្បង​នូវ​ផលិតផល​កាត់ដេរ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរកង់ សំបក​កង់​រថយន្ត បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ កៅស៊ូ​ស្ងួត អង្ករ ចេក ស្វាយចន្ទី និង​ស្វាយ​ជាដើម ហើយ​បាន​នាំ​ចូល​វត្ថុធាតុដើម​សម្រាប់​កាត់ដេរ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ​ប្រេងឥន្ធនៈ​សម្ភារៈ​សំណង់ រថយន្ត និង​ម៉ូតូ និង​ទំនិញប្រើប្រាស់​ផ្សេង​ៗ​ទៀត​មក​វិញ ។

ដោយឡែក សម្រាប់​វិស័យ​ទេសចរណ៍​ដែល​ជា​វិស័យ​សេវាកម្ម​ដ៏​សំខាន់​របស់​ប្រទេស​វិញ ស្ថិតិ​កាលពី​ខែមករា បង្ហាញ​ថា បាន​កត់ត្រា​ភ្ញៀវ​បរទេស​សរុប​ចំនួន​៦១១.៨៩៤​នាក់​កើនឡើង​១៣,៣ ភាគរយ​ធៀប​នឹង​ខែ​ដូច​គ្នា កាលពី​ឆ្នាំ​មុន ស្រប​ពេល​ដែល​រដ្ឋាភិបាល​គ្រោង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​៧,៥​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ។

ក្រសួងទេសចរណ៍​កាលពី​ថ្ងៃ​អង្គា​រ៍​បាន​អះអាង​ថា ជនជាតិ​ថៃ​បាន​ឈរ​លើ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​ប្រទេស​វៀតណាម និង​ចិន ។ ដោយឡែក លើ​ផ្នែក​វិនិយោគ​វិញ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ​អង្គា​រ៍ បានឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥ ។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​១១២ ក្នុងអំឡុងពេល​ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ​នេះ​ដែល​បង្កើត​ការងារ​បាន​ប្រមាណ​៧​ម៉ឺន​នាក់ ។ ហើយ​គម្រោង​ធំ​ៗ​រួម​មាន រោងចក្រ​ផលិត​ឧបករណ៍​យានដ្ឋាន រោងចក្រ​ផលិត​សំបក​កង់​រថយន្ត រោងចក្រ​ដំឡើងរថយន្ត រោងចក្រ​កែ​ច្នៃ​ដែក រោងចក្រ​ផលិត​ផលិតផល​ផ្លា​ស្ទិ​ក រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ និង​រោងចក្រ​កាត់ដេរ និង​ទំនិញ​ធ្វើ​ដំណើរ ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​បែប​នេះ អ្នកវិភាគ​បាន​សារ​ទរ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ក៏​រំលេច និង​កន្ត្រាក់​ការ​ប្រុង​ប្រយ័ត្ន និង​លើកទឹកចិត្ត​ឲ្យ​កម្ពុជា​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​ហើយ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​សំពាធ​ពន្ធ និង ស្ថានភាព​នានា​ដែល​អាច​កើត​មាននៅ​លើ​ពិភពលោក ជា​ពិសេស គឺ​អ្វី​ដែល​ចេញពី​សេចក្តីសម្រេច​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។

លោក​បាន​លើក​ឡើង​ថា លោក​ត្រាំ ពិតជា​មិន​ខ្វល់​ពី​កម្ពុជា​ទេ ដោយសារ​តែ​ទីផ្សារ​តូច ប៉ុន្តែ​លោក​ធ្លាប់​បាន​បង្ហើប​ហើយ​ថា សហរដ្ឋអាមេរិក​នឹង​ទារពន្ធ​រាល់​ទំនិញ​ទាំងអស់​ប្រមាណ​ជា​១០​ភាគរយ ។ ក្រៅពី​នោះ សំពាធ​ពន្ធ​ដែល​លោក​ដាក់​លើ​ចិន កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក និង​សេចក្តី​សម្រេចចិត្ត​ផ្សេង​ៗ​នៅ​លើ ពិភពលោក គឺ​សុទ្ធតែ​មាន​ផល​ប៉ះពាល់​ដល់​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ