ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFC Challenge League ៖ រក​ឃើញ​២​ក្រុម​ឡើង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ខណៈ​២​ក្រុម​ទៀត​នឹង​ដឹង​នៅ​យប់​នេះ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ពានរង្វាន់ AFC Challenge League រដូវ​កាល ២០២៤-២៥ បាន​រក​ឃើញ​២​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​២​ក្រុម​ទៀត…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ពានរង្វាន់ AFC Challenge League រដូវ​កាល ២០២៤-២៥ បាន​រក​ឃើញ​២​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​២​ក្រុម​ទៀត នឹង​ត្រូវ​ដឹង​នៅ​យប់​នេះ​។

តំបន់​ខាងលិច ក្រុម​តំណាង​អូ​មង់ Al-Seeb ម្ចាស់​ជើងឯក​ពានរង្វាន់ AFC Cup ឆ្នាំ ២០២២ បាន​ធ្លាក់​ចេញពី​ពានរង្វាន់ AFC Challenge League ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​ក្រុម​តំណាង​គុយ​វ៉ែត Al-Arabi សរុប​ទាំង​ពីរ​ជើង​លទ្ធផល ២​ទល់​នឹង​៣​។ ស្រប​ពេល​ក្រុម​តំណាង​តួ​ក​ម៉េ​នី​ស្ថាន FK Arkadag បាន​យកឈ្នះ​លើ​ក្រុម​តំណាង​ឥណ្ឌា East Bengal សរុប​ទាំង​ពីរ​ជើង​លទ្ធផល ៣​ទល់​នឹង​១​។ ដូច្នេះ Al-Arabi នឹង​ត្រូវ​តទល់​នឹង Arkadag នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​ចំនួន​ពីរ​ជើង នៅ​ថ្ងៃ​ទី​៩ និង​ទី​១៦ ខែមេសា ឆ្នាំ​២០២៥​។

ដោយឡែក តំបន់​ខាងកើត ក្រុម​តំណាង​មី​យ៉ា​ន់​ម៉ា Shan United ត្រូវ​បើកទ្វារ​កីឡដ្ឋាន Thuwunna ទទួល​ស្វាគមន៍​ក្រុម​តំណាង​កម្ពុជា ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​ថ្ងៃនេះ វេលា​ម៉ោង ៥:៣០​នាទី​ល្ងាច ដ្បិត​កាលពី​ជើង​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពួក​គេ​ចាញ់​ធ្ងន់​ក​លទ្ធផល ២​ទល់​នឹង​៦​។ មួយគូ​ទៀត​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ ក្រុម​តំណាង​ឥណ្ឌូ​ណេ​ស៊ី Madura United ត្រូវ​បើកទ្វារ​កីឡដ្ឋាន Gelora Joko ទទួល​ក្រុម​តំណាង​ឆាយ​នី​ស​តៃប៉ិ Tainan City វេលា​ម៉ោង​៨:៣០​នាទី​យប់ ខណៈ​កាលពី​ជើង​ទី​១ នៅ​កីឡដ្ឋាន Kaohsiung Nanzih Football បញ្ចប់​ទៅ​លទ្ធផល​ស្មើគ្នា គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​។

សូម​ជម្រាប​ជូន​ថា AFC Challenge League រដូវ​កាល ២០២៤-២៥ ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC បែងចែក​ជា​២​តំបន់ តំបន់​ខាងកើត និង​តំបន់​ខាងលិច ដោយ​ប្រកួត​វគ្គ​ចែក​ពូ​ល​ទៅ​តាម​តំបន់​រៀងខ្លួន ដើម្បី​ចម្រាញ់​យក​ក្រុម​បន្ត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ រហូត​ដល់​រក​ឃើញ​មួយ​ក្រុម​ពី​តំបន់​ខាងកើត និង​មួយ​ក្រុម​ពី​តំបន់​ខាងលិច ដើម្បី​ទូទាត់​គ្នា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

ពានរង្វាន់​កម្រិត​ទី​៣ ប្រចាំ​តំបន់​អាស៊ី AFC Challenge League រដូវ​កាល​នេះ ចំណាយ​លើ​ប្រាក់​រង្វាន់​សរុប​ចំនួន ៤,៤២០,០០០​ដុល្លារ​។ ១៨​ក្រុម​ចូល​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​នីមួយ​ៗ ទទួល​បាន​ប្រាក់​រង្វាន់ ១០​ម៉ឺន​ដុល្លារ​។ ក្រុម​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន ៨​ម៉ឺន​ដុល្លារ​បន្ថែម​។ ក្រុម​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាន ១២​ម៉ឺន​ដុល្លារ​បន្ថែម​។ ចំណែក​ក្រុម​រងជើង​ឯក​បាន​ប្រាក់​រង្វាន់ ៥០​ម៉ឺន​លាន​ដុល្លារ ខណៈ​ក្រុម​ជើងឯក​បាន​ប្រាក់​រង្វាន់ ១​លាន​ដុល្លារ​។ ដូច្នេះ​ក្រុម​ឈ្នះ​ជើងឯក​នឹង​ទទួល​ប្រាក់​រង្វាន់​សរុប​ចំនួន ១,៣​លាន​ដុល្លារ រីឯ​ក្រុម​រងជើង​ឯក​រកបាន​សរុប​ចំនួន ៨០​ម៉ឺន​ដុល្លារ​។

រហូត​មក​ទល់​ពេល​នេះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​រកបាន ១៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដាក់​ក្នុង​ហោប៉ៅ​រួច​ហើយ នឹង​ត្រៀម​ក្លាយជា​ម្ចាស់​ប្រាក់​រង្វាន់ ១២​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ប្រសិនបើ​ពួក​គេ​យកឈ្នះ Shan United នៅ​ល្ងាច​នេះ​៕ រូបភាព ៖ Preah Khan Reach Svay Rieng FC និង AFC Challenge League

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ