រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោបាយ ដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះ ភាពជាអ្នកដឹកនាំ ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី១២ មីនា ឆ្នាំ២០២៥ ថា កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹកនាំបក្សនយោបាយមួយ ក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះ តែបើកមាត់និយាយ តែពាក្យសម្តីប្រហោងក្នុងដូចស្គរ។ ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយម ដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោក ដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ ។
អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានលើកឡើងថា ជាក់ស្តែង កាលពីលោកស្រី អោងសាន ស៊ូជី ឈ្នះការបោះឆ្នោតនៅភូមា បុគ្គលឱកាសនិយមនេះ ក៏ទៅភ្ជាប់ខ្លួនជាមួយលោកស្រី ស៊ូជី ហើយប្រកាសថា កម្ពុជា នឹងមានស្ថានភាពនេះដែរ។ ប៉ុន្តែ ពេលលោកស្រី អោងសាន ស៊ូជី ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាល លោកស្រី មិនអាចធ្វើអ្វីដូចកាលពីនៅជាមេដឹកនាំបក្សប្រឆាំងទេ។ សម រង្ស៊ី ក៏ខកចិត្តហើយបិទមាត់ឈប់និយាយរឿងនេះ។ ក្រោយមកទៀត ពេលលោក អានវ៉ា អ៊ីប្រាហ៊ីម ឈ្នះឆ្នោតនៅម៉ាឡេស៊ី សម រង្ស៊ី ក៏ប្រញាប់ភ្ជាប់ខ្លួនជាមួយលោក អានវ៉ា ហើយប្រកាសថា កម្ពុជានឹងមានថ្ងៃនោះដែរ។ ប៉ុន្តែទីបំផុត លោក សម រង្ស៊ី និងគូកន ត្រូវគេហាមប្រាមមិនឱ្យជាន់ទឹកដីម៉ាឡេស៊ី ដើម្បីធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ឡើយ។ សម រង្ស៊ី ក៏ខកចិត្តម្តងទៀត ។
ប្រភបបន្តថា ទោះជាយ៉ាងនេះក្តី ក៏អ្នកនយោបាយ ដែលចាស់តែអាយុ តែខ្វះភាពចាស់ទុំខាងនយោបាយរូបនេះ នៅតែមិនព្រមភ្ញាក់កំណើតឡើយ។ ក្រោយពីបានភ្ជាប់ខ្លួន ជាមួយចលនាបដិវត្តន៍ពណ៌ ដែលកើតឡើងជាហូរហែនៅមជ្ឈឹមបូព៌ា លោក សម រង្ស៊ី ក៏បានភ្ជាប់ខ្លួន ទៅនឹងចលនាបះបោរនៅស្រីលង្កា និងចលនាបដិវត្តន៍ពណ៌ នៅបង់ក្លាដេស ជាដើម។ ប៉ុន្តែ ទីបំផុត! ក៏ស្ងាត់មាត់វិញ ពេលឃើញស្ថានភាពប្រទេសទាំងនោះ នៅជាប់ផុងក្នុងជម្លោះរ៉ាំរ៉ៃ គ្មានដំណោះស្រាយ។ និយាយជារួម សម រង្ស៊ី មិនដែលទទួលផលប្រយោជន៍អ្វីសោះ ពីព្រឹត្តិការណ៍ទាំងនោះ ក្រៅពីការខកចិត្ត ទោះបីជាគាត់ខំហក់លោតតោងកន្ទុយក្បិនគេ ឡើងវិលក្បុង ដូចស្វាលេងប៉ាហ៊ីក៏ដោយ ។
អ្នកនាំពាក្យបានបញ្ជាក់ថា ៖ “ឥឡូវនេះ ពេលលឺថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទើតេ ត្រូវបានចាប់ខ្លួន ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្នុងព្រឹត្តិការណ៍បង្ក្រាបគ្រឿងញៀន ដែលធ្វើឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់នោះ អ្នកនយោបាយឱកាសនិយមរូបនេះ ក៏រត់ទៅតោងព្រឹត្តិការណ៍នោះ ជាថ្មីម្តងទៀត ដោយឥតអៀនខ្មាស និងដោយប្រើភាសា ដែលគាត់ទន្ទេញចាំមាត់ដដែលៗថា រឿងបែបនេះ នឹងកើតឡើងចំពោះសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា” ។
អ្នកនាំពាក្យ រដ្ឋាភិបាល បានចំអកយ៉ាងដូច្នេះថា បុគ្គលជ្រុលនិយម ដែលខួរក្បាលដិតដាមដោយភាពខ្មៅងងឹតឥតពន្លឺរូបនេះ ភ្លេចគិតថា សម្តេចតេជោ គឺជាមេដឹកនាំ ដែលបានផ្លាស់ប្តូរជោគវាសនាកម្ពុជា និងពលរដ្ឋខ្មែរទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីជិតស្លាប់មកមានជីវិតឡើងវិញ ប្តូរពីអត់បាយមកសម្បូរសប្បាយគ្មានខ្វះអ្វីឡើយ។ ប្តូរពីស្បែកដណ្តប់ឆ្អឹង មកមានព្រលឹងស្រស់ថ្លាគ្រប់គ្នា។ ប្តូរពីសង្គ្រាមមកសន្តិភាព ប្តូរពីមានផ្លូវអត់មនុស្សដើរ មកកកស្ទះចរាចរណ៍គ្រប់កន្លែង។ ប្តូរពីគំនរផេះផង់មកជាការអភិវឌ្ឍស្គុសស្គាយ។ អង្គការសហប្រជាជាតិ ក៏ទើបតែអនុម័តឱ្យកម្ពុជា ចាកចេញពីបណ្តាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច។ ដូច្នេះ ពាក្យសម្តីរបស់លោក សម រង្ស៊ី គ្មានន័យអ្វីក្រៅពីបង្ហាញពីភាពល្ងឹតល្ងង់របស់ខ្លួននោះឡើយ ។
ដោយសារ តែភាពងងឹតងងុលជ្រុលនិយមនេះហើយ ទើបលោក សម រង្ស៊ី ក្លាយជាអ្នកនយោបាយដ៏មហាបរាជ័យម្នាក់ នៅកម្ពុជា។ នៅក្នុងឆាកនយោបាយជាតិ បុគ្គលរូបនេះ កាន់តែឯកោអស់អ្នកគាំទ្រ ខណៈដែលនៅលើឆាកអន្តរជាតិ គ្មានមេដឹកនាំបរទេសណានិយាយពីឈ្មោះបុគ្គលនេះទៀតឡើយ។ នេះហើយ ដែលហៅថា អ្នកនយោបាយអង្ករកំប៉ុង វិលក្បុងដោយសារតែរត់តោងកន្ទុយក្បិនគេ ដោយសារគ្មានគំនិតខ្លួនឯងជាទីពឹង ៕

ចែករំលែកព័តមាននេះ