ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​៖ ប្រជាធិបតេយ្យ​ទទួល​ស្តាប់​មតិ​ភាគតិច តែ​ការ​សម្រេច​នៅ​លើ​មតិ​ភាគច្រើន

19 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​បញ្ជាក់​ថា កម្ពុជា​ប្រកាន់​យក​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​យក​ការបោះ​ឆ្នោត…

រាជធានី​ភ្នំពេញ​ ៖ លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​បញ្ជាក់​ថា កម្ពុជា​ប្រកាន់​យក​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​យក​ការបោះ​ឆ្នោត ​ជា​យន្តការ​សម្រេច​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ ។

​អ្នកនាំពាក្យ​បាន​សរសេ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ នៅ​ថ្ងៃ​ទី​១២​​ខែមីនា ឆ្នាំ​២០២៥ ថា​​ ការ​បោះ​ឆ្នោត​ត្រូវធ្វើ​ឡើងជា​ទៀងទាត់​រយៈពេល​៥​ឆ្នាំ​ម្តង ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ដោយ​កំណត់​យក​មតិ​ភាគច្រើន ​ជា​អ្នក​ឈ្នះ និង​ដឹកនាំ​ប្រទេស​។ ដំណើរការ​ប្រជាធិបតេយ្យ បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ​ប្រកបដោយ​សុខ​សន្តិភាព និង​កាន់តែ​ចាក់​គ្រឹះ​រឹង​មាំ​ជាលំដាប់​នៅ​លើ​ទឹកដី​កម្ពុជា ​។

​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ ៖ «​ក្នុង​របប​ប្រជាធិបតេយ្យ គេ​ទទួល​ស្តាប់​មតិ​ភាគតិច តែ​ការ​សម្រេច គឺ​នៅ​លើ​មតិ​ភាគច្រើន មាន​ន័យ​ថា គ្មាន​ក្រុម​ណាមួយ ​ត្រូវ​បាន​ទាត់ចោល​ទេ​។ អ្នក​នៅ​ក្នុង​ក្រុម​មតិ​ភាគតិច​ ក៏​មាន​សិទ្ធិ​បញ្ចេញមតិ និង​លើក​ពី​សំណូមពរ​នានា បាន​ដែរ​»​ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ប្រសិនបើ​មតិយោបល់​ ឬ​សំណូមពរទាំងនោះ ​សម​ហេតុផល ក្រុម​មតិ​ភាគច្រើន​ អាច​យក​ទៅ​ពិចារណា​ដើម្បី​ជា​ធាតុ​ចូល ​ឬ​ដោះស្រាយ​តាមការ​ជាក់​ស្តែង​។ ប៉ុន្តែ​ប្រសិនបើ​មតិយោបល់​នោះ​ មិន​សម​ហេតុផល ​ឬ​គ្រាន់តែ​ ដើម្បី​បម្រើ​មហិច្ឆតា​ន​យោបាយ​ផ្ទាល់ខ្លួន​ ដូចដែល​ក្រុម​មនុស្ស​មួយ​ចំនួន​ បាន​ធ្វើ គ្មាន​ការ​ចាំបាច់​ ដែល​ត្រូវ​លើកយក​មកពិចារណា​ឡើយ ​។

លោក ប៉ែន បូ​ណា​ បាន​គូសបញ្ជាក់​ថា​ ៖ «​នៅ​កម្ពុជា មាន​មនុស្ស​មួយ​ចំនួន​តូច ជា​ពិសេស​ក្រុម ​ដែល​ប្រកាន់​មនោគមន៍វិជ្ជា​ជ្រុលនិយម​ហួសហេតុ ហាក់ដូចជា​កំពុង​វង្វេង​នៅលើ​វិ​ថី​ប្រជាធិបតេយ្យ​នេះ ដោយ​ពួក​គេ​ហៅ​ខ្លួនឯង​ថា «​អ្នក​ប្រជាធិបតេយ្យ​» ប៉ុន្តែ អ្វី​ដែលពួក​គេ​ធ្វើ ផ្ទុយ​ស្រឡះ​ពី​គន្លង​ប្រជាធិបតេយ្យ​។ ជាក់ស្តែង ពួក​គេ​ចាញ់ឆ្នោត ​តែ​បែរ​ជា​ដេញអ្នក​ឈ្នះ​ឆ្នោត​ឱ្យ​ចុះ​ចេញពី​តំណែង​។

ជាមួយ​គ្នា​នោះ​ដែរ​ ​អ្នកនាំពាក្យ ​បន្តថា ពួក​គេ​កៀរគរ​មនុស្ស​មួយ​ចំនួន​តូច ​ដែល​ពេល​ខ្លះ​ មិន​ដល់​១%​ផង ឱ្យធ្វើ​បា​តុកម្ម ​ហើយដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល ​ឱ្យធ្វើ​តាម​អ្វី​ដែលខ្លួន​ចង់បាន​។ អាក្រក់​ជាង​នេះ ពួក​គេ​ប៉ុនប៉ង ប្រើ​កម្លាំង​ក្រៅច្បាប់​ ដែល​ហៅ​ថា ចលនា «​បដិវត្តន៍​ពណ៌​» ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​។ ក្រៅពី​នោះ នៅ​មាន​ក្រុម​អង្គការ​សង្គម​ស៊ី​វិល មួយ​ចំនួន ដែល​បង្កើត​ឡើង​ដោយ​មនុស្សមួយ​ក្រុម​តូច បែរជា​តាំងខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ​ហើយ​ដាក់សម្ពាធ​ទៅ​លើ​រាជរ​ដ្ឋា​ភិ​បាល​ឱ្យធ្វើ​តាម​អ្វី ​ដែល​ខ្លួន​ចង់បាន​ ។ ក៏​ដូច​ជា​ក្រុម​អ្នកនយោបាយ​ជ្រុលនិយម​ដែរ ក្រុម​អង្គការ​សង្គម​ស៊ី​វិល ​លម្អៀង​ទាំងនោះ តែង​យក​រឿង​អវិជ្ជមាន​តិចតួច ​ដែល​កើតឡើង​ក្នុង​សង្គម ​ទៅ​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​វាយតម្លៃ​សភាពការណ៍​ទូ​ទាំង​ប្រទេស ​ដោយ​មិន​ខ្វល់​ទាល់តែ​សោះ​ពី​ចំណុច​វិជ្ជមាន​ដ៏​ច្រើន​លើសលប់​ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​។ ដូច្នេះ ដើម្បី​ពង្រឹង ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជម្រើស​មាន​តែ​មួយគត់ គឺ​ការ​ប្រើប្រាស់​យន្តការ​បោះ​ឆ្នោត ដោយ​គោរព​តាម​ការ​សម្រេចចិត្ត​របស់​ប្រជា​ពលរដ្ឋ​ភាគច្រើន និង​គោរព​ច្បាប់​កម្ពុជា ​។

រាជរដ្ឋាភិបាល ​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ ដែល​ទទួល​សំឡេង​គាំទ្រ​ភាគច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ​មានការ​ទទួលខុសត្រូវ​ខ្ពស់​និង​មាន​គោលនយោបាយ ​ដែល​ត្រូវ​អនុវត្ត​តាម​ការ​សន្យា​ជាមួយ​ម្ចាស់​ឆ្នោត ដោយ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ណាមួយ មក​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​តាម​ទំ នើ​ង​ចិត្តបាន​ឡើយ​។ ដូច្នេះ សូមអ្នក​វង្វេង​ប្រជាធិបតេយ្យ​ទាំងឡាយ​យល់​ឱ្យ​ច្បាស់​និង​គួរ តែ​ប្រញាប់​កែខ្លួន​ជា​បន្ទាន់ ពោល​គឺ កែ​របៀប​ធ្វើការ​ឱ្យ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ បើ​មិន​ដូច្នោះ​ទេ ត្រូវ​កែ​ឈ្មោះ​ដោយ​មិន​ត្រូវ​តាំងខ្លួន​ជា «​អ្នក​ប្រជាធិបតេយ្យ​» ទៀត​ទេ ពីព្រោះ​អំពើ​របស់​អ្នក​មិន​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ឡើយ តែ​វា​គឺជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​ទៅ​វិញ​ទេ​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ