រាជធានីភ្នំពេញ ៖ ចាប់តាំងពីអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រហូតដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធត្រូវដកខ្លួនចេញឲ្យប្រញាប់ បើមិនដូច្នេះទេ សាច់ស្អុយនោះនឹងកាត់ចេញហើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្ត្រីដែលពាក់ ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីនេះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃនឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង ។
ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងមហាផ្ទៃ ។ ក្នុងពិធីខាងលើនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមឧបកនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋមន្ត្រីនៅតាមបណ្តាក្រសួងនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។
ប្រមុខក្រសួងមហាផ្ទៃបានមានប្រសាសន៍ត្រង់ៗថា «បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះ មិនធំដុំដូចបច្ចុប្បន្នឡើយ» ។ ដូច្នេះ ឯកឧត្តមបានព្រមានឱ្យដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លៀតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក ។
សូមបញ្ជាក់ថា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដោយក៏បានផ្ដោតលើបញ្ហាគ្រឿងញៀននេះដែរ ពោលគឺមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវទទួលការអនុវត្តវិធានការវះកាត់សាច់ស្អុយ ដោយបណ្ដេញចេញពីក្របខណ្ឌ និងទទួលខុសត្រូវចំពោះមុខច្បាប់ ។
មិនត្រឹមតែអ្នកដែលជួញដូរនោះទេ មន្ត្រីស៊ីវិល និងកងកម្លាំងដែលប្រើប្រាស់គ្រឿងញៀន តួយ៉ាងក្រសួងមហាផ្ទៃ ក៏បានអនុវត្តវិធានការបណ្ដេញចេញពីក្របខណ្ឌចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការសេពគ្រឿងញៀននេះផងដែរ ៕
ចែករំលែកព័តមាននេះ