ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋានកង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​គ្នា

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ជូនបង​​ប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាម ជាកិច្ចការសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន ។…

រាជធានីភ្នំពេញ ៖ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ជូនបង​​ប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាម ជាកិច្ចការសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន ។

យោងតាមលោករដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គមបន្តថា ខ្ញុំសង្កេតឃើញ​ បងប្អូនអ្នក​សារព័ត៌មានភាគច្រើនគោរពបានល្អនូវស្តង់ដារសុវត្ថិភាពការពារខ្លួន ពេលចុះបំពេញភារកិច្ចយកព័ត៌មាននៅតាមទីតាំងនានាដែលមានការប្រយុទ្ធគ្នាដូចជាពាក់អាវកាក់ និងមួកមានសញ្ញា«សារព័ត៌មាន» ឬ​««PRESS» ។

លោកបន្តថា ខ្ញុំសូមលើកទឹកចិត្តនិងជំរុញបងប្អូនអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវវិធានការនេះ ។ ករណីបងប្អូនសារព័ត៌មានត្រូវការអាវកាក់«សារព័ត៌មាន»សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍​នៃក្រសួងព័ត៌មាន។

ជាមួយគ្នានេះ ខ្ញុំក៏បានសង្កេតឃើញអ្នកសារព័ត៌មានមួយចំនួនមិនទាន់បំពេញនិយាមស្តង់ដារសុវត្ថិភាពនេះនៅឡើយ ។ ខ្ញុំក៏សង្កេតឃើញថា បងប្អូនអ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់សម្លៀកបំពាក់ ឬមួក និងសម្ភារៈមួយចំនួន ដែលស្រដៀងនឹងឯកសណ្តាន និងសម្ភារៈកងទ័ព ដែលអាចបង្កើតឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យសត្រូវឈ្លានពានគិតថាជាកងទ័ព។

ដើម្បីបញ្ចៀសនូវរាល់ហានិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយចំពោះអ្នកសារ​ព័ត៌​មានជាតិ និងអន្តរជាតិ រួមនឹងបងប្អូនប្រជាពលរដ្ឋ ដូច្នេះ គួរបងប្អូនចៀសវាងការប្រើប្រាស់សម្លៀក​បំពាក់ សម្ភារៈដែលមានពណ៌ស្រដៀងនឹងកងកម្លាំងប្រដាប់អាវុធ ។

​យោងតាមច្បាប់​ជនស៊ីវិលគ្រប់រូប មិនត្រូវបានអនុញ្ញាតដាច់ខាតឱ្យស្លៀកពាក់ ឬប្រើប្រាស់​នូវ​ឯកសណ្ឋានកងទ័ព ឯកសណ្ឋានសមត្ថកិច្ច ឬសម្លៀកបំពាក់ដែលមានលក្ខណៈស្រដៀងទៅនឹងឯកសណ្ឋានកងទ័ព ឬឯកសណ្ឋានសមត្ថកិច្ចឡើយ។ ដូច្នេះសូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងអនុវត្តឱ្យម៉ត់ចត់។ រូបខាងក្រោមនេះ ជាពណ៌សម្លៀកបំពាក់ និងសម្ភារៈដែលបងប្អូនអ្នកសារព័ត៌មានគួរប្រកាន់​យក។ សូមអរគុណ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ