ខេត្តស្វាយរៀង ៖ កម្មករកម្មការនីរោងចក្រផលិតស្បែកជើងកីឡាជាង១ពាន់នាក់ លើកគ្នាតវ៉ា និងធ្វើកូដកម្មមិនចូលធ្វើការ មូលហេតុថៅកែរោងចក្រជនជាតិចិនផ្អាកការងារកម្មករកម្មការិនី ដោយគ្មានមូលហេតុ និងមិនបើកប្រាក់ខែឲ្យកម្មករនិយោជិក តាមកាលកំណត់។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២០ ធ្នូ ២០២៥ នៅក្នុងរោងចក្រផលិតស្បែកជើងកីឡា ស្ថិតនៅភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ។ បើតាមតំណាងកម្មករកម្មការិនីបានប្រាប់កោះសន្តិភាពថា ការធ្វើកូដកម្មនេះ គឺតវ៉ាឲ្យថៅកែ រោងចក្រគោរពគោលការច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា និងបើកប្រាក់ឈ្នួលតាមកាលកំណត់។

ប្រភពបន្តថា ថៅកែរោងចក្រជនជាតិចិនបានផ្អាកការងារកម្មករនិយោជិកដោយគ្មានមូលហេតុមិនបានប្រាប់មុន ហើយមិនបើកប្រាក់ឈ្នួលឲ្យកម្មករកម្មការិនីតាមកាលកំណត់ ។ទាក់ទិនករណីនេះដែរ លោកអ៊ូ សាខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានមានប្រសាសន៍នារសៀលនេះថា ការដែលកម្មករកម្មការិនីធ្វើកូដកម្មនេះ ផ្តើមឡើងដោយថៅកែរោងចក្រផ្អាកការងារកម្មករកម្មការិនី គឺក្រុមហ៊ុនកាត់បន្ថយបុគ្គលិក កម្មករនិយោជក ដោយក្រុមហ៊ុនមានបញ្ហារអាក់រអួលពីអ្នកបញ្ជាទិញ ។ ដូច្នេះត្រូវកាត់បន្ថយការផលិត និងកាត់បន្ថយកម្មករនិយោជក ហើយថៅកែរោងចក្រមិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់កម្មរកម្មការិនីនិយោជកបានដឹងទេ ស្រាប់តែបញ្ឈប់ការងារតែម្តង ។ ទី២-ការបើកប្រាក់ឈ្នួលមិនទាន់តាមកាលកំណត់ ។

ចំពោះកម្មករនិយោជកដែលមានឈ្មោះផ្អាកការងារ ទាមទាឲ្យថៅកែរោងចក្រអនុវត្តតាមគោលការច្បាប់ការងារ ត្រូវបើកប្រាក់ផលប្រយោជន៍ ជូនកម្មករនិយោជក់ដែលបានបញ្ឈប់ ។ លោកអ៊ូ សាខឿន បានបញ្ជាក់ថា រហូតមកដល់ម៉ោង២ និង១០នាទីរសៀលនេះ ក្រុមការងារនៃមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្របសម្រួលរហូតបានដោះស្រាយបញ្ចប់ដល់កិច្ចព្រមព្រៀង តាមសំណើរបស់កម្មករកម្មការិនីដោយទាមទារ ហើយកម្មករកម្មការិនីបានរំសាយ រួចនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន និងចូលមកធ្វើការវិញនៅព្រឹកថ្ងៃចន្ទ ទី២២ ធ្នូ ២០២៥ ៕

ចែករំលែកព័តមាននេះ