ទីក្រុងហាណូយ៖ នៅពេលសង្គ្រាមពាណិជ្ជកម្មពិភពលោកចាប់ផ្ដើមឡើងកម្ដៅកាន់តែខ្លាំង ជនជាតិវៀតណាមខ្លះបែរជាមានសុទិដ្ឋិនិយមទៅវិញ។ និយាយនេះមិនមែនមានន័យថាសប្បាយលើគំនរទុក្ខអ្នកដទៃនោះទេ។ ប៉ុន្តែពួកគេចង់បម្លែងកាលានុវត្តភាពនេះទៅជាឱកាសសម្រាប់ការស្វែងរកផលប្រយោជន៍។ លោកត្រាំប្រកាសដំឡើងពន្ធទៅលើទំនិញរបស់ម៉ិកស៊ីកូ កាណាដា អឺរ៉ុប ចិន និងប្រទេសដទៃទៀត។
លោកត្រាំសម្រេចចិត្តដំឡើងពន្ធ២៥%ទៅលើដែកថែប និងអាលុយមីញ៉ូមដោយអនុវត្តចាប់ពីថ្ងៃពុធនេះតទៅ។ ជាពិសេស កាណដាដំឡើងដល់៥០%។ នៅក្នុងស្ថានភាពនេះ ថ្វីដ្បិតប្រទេសខ្លះអាចនឹងរងគ្រោះខ្លាំងគួរសម ប៉ុន្តែប្រជាជនវៀតណាមខ្លះរស់នៅទីក្រុងហាណូយដែលអ្នកសារព័ត៌មានជួបសម្ភាសប្រាប់ថាការដំឡើងពន្ធនេះជាក្ដីសង្ឃឹមសម្រាប់វៀតណាម។
សព្វថ្ងៃនេះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៥ពិភពលោកខាងនាំដែកទៅលក់នៅអាមេរិក។ ឈ្មួញទិញ-លក់ដែកនៅវៀតណាមគិតថាការដំឡើងពន្ធរបស់ត្រាំអាចនឹងជួយក្រុមហ៊ុនក្នុងស្រុកព្រោះពួកគេភាគច្រើនធ្លាប់ត្រូវដំឡើងពន្ធ២៥%កាលពីឆ្នាំ២០១៨។ លោកចាន់ថាញ់ធួន (Tran Thanh Tuan) យល់ថាទីណាមានបញ្ហាប្រឈម ទីនោះនឹងមានឱកាសហុចឱ្យ។
បុរសវ័យ៤៧ឆ្នាំរូបនេះយល់ថាក្រុមហ៊ុនដែលធ្លាប់នាំចេញដែកទៅលក់នៅអាមេរិកនៅពេលដំឡើងពន្ធបែបនេះពួកគេអាចស្វែងរកទីផ្សារដទៃទៀតដើម្បីលក់ចេញ។ ការដំឡើងពន្ធរបស់ត្រាំធ្វើឱ្យប៉ះពាល់ទំនិញស្ទើរតែគ្រប់វិស័យព្រោះផលិតផលជាច្រើនផលិតពីលោហធាតុទាំង២ប្រភេទនេះ ឧទាហរណ៍ដូចជាខ្ចៅ ប៊ូឡុង បន្ទះប៊ូលដូហ្សឺ និងកំប៉ុងទឹកក្រូចជាដើម។
វៀតណាមរំពឹងថាខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាមេរិកនៅសប្ដាហ៍នេះបន្ទាប់ពីមានកិច្ចជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិកទទួលបន្ទុកខាងពាណិជ្ជកម្ម និងថាមពល។ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាលវៀតណាមដែលអ្នកសារព័ត៌មានបាននៅថ្ងៃនេះ៕
ចែករំលែកព័តមាននេះ