ខេត្តព្រៃវែង ៖ ក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ស្ថានីយថ្លឹងទម្ងន់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានឆ្មក់ចុះចាប់រថយន្តយីឌុប ដឹកស្រូវចំនួន ៩គ្រឿង ធ្វើការអប់រំ និងផាកពិន័យតាមច្បាប់ ដោយសារតែរថយន្តដឹកស្រូវទាំងនោះ បានដឹកលើសទម្ងន់ ដែលច្បាប់អនុញ្ញាតិ ។
ការចាប់ឃាត់រថយន្តដឹកស្រូវខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១២ មីនា នៅលើកំណាត់ផ្លូវជាតិលេខ៣១០ ក្នុងភូមិសាស្ត្រឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ។
មន្ត្រីជំនាញ ដែលចុះក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា រថយន្តយីឌុប ដឹកស្រូវ ដែលត្រូវបានចាប់ឃាត់ទាំងអស់មានចំនួន ៩គ្រឿង ក្នុងនោះក្រោយ ពីបានថ្លឹងរួច រកឃើញថា រថយន្ត ៣គ្រឿង បានដឹកលើសទម្ងន់ក្រោមកម្រិត ៥% មន្ត្រីជំនាញ បានធ្វើការផាកពិន័យជាទឹកប្រាក់ទៅតាមច្បាប់ រួចអនុញ្ញាតិឱ្យបន្តដំណើរទៅមុខទៀតបាន ។
ដោយឡែករថយន្តចំនួន ៦ គ្រឿងផ្សេងទៀតបានផ្ទុកទម្ងន់លើសកម្រិត ២០% មន្ត្រីជំនាញបានធ្វើការផាកពិន័យជាទឹកប្រាក់ទៅតាមច្បាប់ ហើយឃាត់រថយន្តទុករយៈពេល១ឆ្នាំ ដោយឱ្យឈ្មួញជាម្ចាស់រថយន្ត យកស្រូវទៅលក់នៅព្រំដែនសិន រួចទើបនាំយករថយន្តទៅរក្សាទុកនៅស្ថានីយ៍ថ្លឹងទម្ងន់ ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងស្រុកព្រះស្ដេច ។
មន្ត្រីជំនាញ បានបញ្ជាក់ថា ការឆ្មក់ចុះចាប់ឃាត់រថយន្តយីឌុបធំៗ ដែលដឹកលើសទម្ងន់ នៅតាមដងផ្លូវនេះ គឺធ្វើឡើងដើម្បីការពារផ្លូវឱ្យគង់វង្សប្រើប្រាស់បានយូរ ហើយក៏ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទូទៅផងដែរ ៕





ចែករំលែកព័តមាននេះ