ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ចិន​បញ្ជាក់​ថា ព្រះមហាក្សត្រ​មាន​ព្រះ​រោគ​មហារីក​នៅ​ក្រពេញ​ប្រូ​ស្តា​ត មិន​ទាន់​អនុញ្ញាត​ស្តេច​យាង​មក​វិញ​ទេ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​បាន​បញ្ជាក់​ថា ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​បាន​បញ្ជាក់​ថា ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា មាន​ព្រះ​រោគ​មហារីក​នៅ​ក្រពេញ​ប្រូ​ស្តា​ត (Prostate Cancer) ។

យោង​តាម​ព្រះរាជ​សារ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០២៦ មាន​ព្រះរាជ​បន្ទូល​ថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​ក្រាបថ្វាយបង្គំ​សម្តេចព្រះ​មហាសង្ឃរាជ​ទាំង​ពីរគណៈ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ និង​ទូល​ថ្វាយ​-​ជម្រាប​ជូន សម្តេច ព្រះ​ញាតិវង្សានុវង្ស បងប្អូន​ជនរួមជាតិ​ទាំងអស់ ព្រះ​មេត្តា និង​មេត្តា​ជ្រាប​ថា តាម​ការ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​ល្អិតល្អន់​ជាទី​បំផុត​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​រដ្ឋធានីប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បញ្ជាក់​ថា បច្ចុប្បន្ន នេះ ទូលព្រះបង្គំជាខ្ញុំ មាន​ព្រះ​រោគ​មហារីក​នៅ​ក្រពេញ​ប្រូ​ស្តា​ត (Prostate Cancer) ។

ព្រះ​អង្គ​បញ្ជាក់​ថា «​តាម​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ព្រះ​អនុញ្ញាត និង​អនុញ្ញាត​គង់​ប្រថាប់​បន្ត​ទៀត ហើយ​ពុំ​ទាន់​អាច​យាង​និវត្តន៍​ទៅ​កាន់​មាតុប្រទេស​នៅ​ពេល​នេះ​បាន​ទេ​» ។ ព្រះ​អង្គ​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា ក្រុម​គ្រូពេទ្យ​តម្រូវ​ឱ្យ​ទូលព្រះបង្គំ​ខ្ញុំ ព្រះករុណា​ខ្ញុំ ចូល​គង់​ប្រថាប់​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​តាម​វេជ្ជបញ្ជា​នឹង​ថែរក្សា​ព្រះរាជ​សុខភាព​មួយ​រយៈពេល​ពី​មួយ​ខែ​ទៅ​ពីរ​ខែ​បន្ត​ទៀត ។

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០​នេះ ទូល​ព្រះ បង្គំ​ជា​ខ្ញុំ ខ្ញុំព្រះករុណា​ខ្ញុំ និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ផ្ញើ​សេចក្តី​នឹករលឹក​ជា​ពន់ពេក និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​បារមី វត្ថុ​ស័ក្តិសិទ្ធិ​នានា​ក្នុង​លោក និង​ទេវតា​ឆ្នាំ​ថ្មី ប្រសិទ្ធពរ​ជ័យ សិរី​មង្គល បវរ​មហាប្រសើរ ថ្វាយ​សម្តេច ព្រះ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ ប្រគេន​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ថ្វាយ និង​ជូន​សម្តេច ព្រះ​ញាតិវង្សានុវង្ស និង​ជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​បាន​ប្រកប​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​ព្រះពុទ្ធ​ពរ​គ្រប់​ប្រការ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ