ខេត្តមណ្ឌលគិរី ៖ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤០០គ្រួសារ មកពីទាំង ០៤សង្កាត់ ក្នុងក្រុងសែនមនោរម្យ។
ពិធីនេះត្រូវបានរៀបចំឡើងនៅមជ្ឍមណ្ឌលទីក្រុងពាណិជ្ជកម្មមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសមត្ថកិច្ចទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាល-អភិបាលរងក្រុងសែនមនោរម្យ តំណាងក្រុមហ៊ុនឯកជន មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ថង សាវុន បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានសម្តែងនូវការយល់ចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងឱកាសបុណ្យទានប្រពៃណីជាតិ ដើម្បីធានាថាបងប្អូនទាំងអស់មានលទ្ធភាព និងបរិយាកាសរីករាយក្នុងការទទួលទេវតាឆ្នាំថ្មី។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំសុខភាព បង្កើនការបង្កបង្កើនផល និងចូលរួមជាមួយអាជ្ញាធរក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ បន្ថែមពីនេះ ឯកឧត្តមក៏បានជូនពរដល់លោកយាយ លោកតា និងបងប្អូនទាំងអស់ ឱ្យទទួលបាននូវពរជ័យទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមអភិបាលខេត្ត រួមជាមួយគណៈអធិបតី បានអញ្ជើញផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈចាំបាច់មួយចំនួន ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន ម៉ឹង ទ័រ ជី លី ហ្សុងហ្គូ ស៊ាងម៉ៅ ឆេង ដើម្បីជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមដើម្បីសម្រាលបន្ទុកជីវភាពបានមួយកម្រិត ៕








ចែករំលែកព័តមាននេះ