ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​​ ជូន​វីរ​កងទ័ព​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៧ ខេត្តព្រះវិហារ

2 ម៉ោង មុន

​ខេត្តព្រះ​វិហារ​ ៖ ក្នុង​ស្មារតី​ផ្សារ​ភ្ជាប់​ជាមួយ​សមរភូមិ​មុខ និង​ជា​ការ​ចង​ចាំ បង្ហាញ​ពី​ក្តី​គោរព​ដឹងគុណ​ជា​និច្ច​ចំពោះ​បងប្អូន​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តាម​ព្រំដែន​ការពារ​ជាតិ​មាតុភូមិ នៅ​ក្នុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០…

​ខេត្តព្រះ​វិហារ​ ៖ ក្នុង​ស្មារតី​ផ្សារ​ភ្ជាប់​ជាមួយ​សមរភូមិ​មុខ និង​ជា​ការ​ចង​ចាំ បង្ហាញ​ពី​ក្តី​គោរព​ដឹងគុណ​ជា​និច្ច​ចំពោះ​បងប្អូន​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តាម​ព្រំដែន​ការពារ​ជាតិ​មាតុភូមិ នៅ​ក្នុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែល​នឹង​ឈាន​មក​ដល់​នា​ពេល​ខាង​មុខ​នេះ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​សាកសួរ​សុខទុក្ខ ព្រមទាំង​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន នៃ​កងពលតូច​អន្តរាគមន៍​លេខ​៧ នៅ​ទិស​ព្រះ​វិហារ​ ។

នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ដែល​ជា​និច្ចកាល សម្តេច​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់​ចំពោះ​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​បងប្អូន​កងទ័ព​នៅ​សមរភូមិ​មុខ​។ ក្នុង​ន័យ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តែងតែបាន​កៀរគរ​នូវ​ធនធាន សម្ភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ ដើម្បី​ចូលរួម​ចំណែក​សម្រាល​ការ​លំបាក និង​លើកទឹកចិត្ត​ដល់​វីរ​កងទ័ព ​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​ ។

ឯកឧត្តម ហេង សួរ បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​នាយទាហាន និង​ពល​ទាហាន​ទាំងអស់​ នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​នោះ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន នៃ​កងពលតូច​អន្តរាគមន៍​លេខ​៧ ហើយ​ក្នុង​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង ក៏​ដូច​ជា​តំណាង​សមាគម​សហជីព រោងចក្រ​សហគ្រាស បងប្អូន​កម្មករនិយោជិត និង​និយោជក​ទាំងអស់ ពិតជា​ចង​ចាំ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​គោរព​ដឹងគុណ​ ចំពោះ​ការ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ​ក្នុង​បុព្វហេតុ​ការពារ​សេចក្តីសុខ​សាន្ត​របស់​អ្នក​សមរភូមិ​ក្រោយ និង​ប្រទេស​ជាតិ​យើង​ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​ពង្រឹង​សម្ព័ន្ធមេត្រីភាព​រវាង​ស្ថាប័នរដ្ឋ និង​សមរភូមិ​មុខ គឺជា​ការ​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​ខឿន​ការពារ​ជាតិ​ឱ្យ​កាន់តែ​រឹង​មាំ ក្រោម​ពាក្យស្លោក «​ការពារ​ជាតិ​ដើម្បី​ទាំងអស់​គ្នា ទាំងអស់​គ្នា​ដើម្បី​ការពារ​ជាតិ​» ​។ តាម​រយៈ​នេះ​ជា​ទៀងទាត់ រៀង​រាល់​ឆ្នាំ ចាប់តាំងពី​ឆ្នាំ ២០០៨​មក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តែង​បាន​ចុះ​សាកសួរ​សុខទុក្ខ​កងទ័ព​ដែល​ជា​អង្គភាព​សម្ព័ន្ធមេត្រីភាព​ក្នុង​១​ឆ្នាំ ២​ដង គឺ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ ព្រម​ជាមួយនឹង​ការ​ពាំនាំ​នូវ​អំណោយ​ឧបត្ថម្ភ​ផ្សេង​ៗ​មក​ជាមួយ​ផង​ដែរ ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនភាព និង​សមិទ្ធផល​នានា​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​សម្រេច​បាន​ក្រោម​គោលនយោបាយ ​និង​ចក្ខុវិស័យ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​។ ភាព​ជោគជ័យ​ទាំងនេះ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យ​មានការ​រីក​ចម្រើន​ជា​លំដាប់ ដែល​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ​។

គណៈប្រតិភូ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រគល់​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ជូន​ដល់​កងពលតូច​អន្តរាគមន៍​លេខ​៧ រួម​មាន​គ្រឿង​ឧបភោគបរិភោគ សម្ភារៈ​ប្រើប្រាស់​ចាំបាច់ និង​ថវិកា​មួយ​ចំនួន ដើម្បី​ផ្សារ​ភ្ជាប់​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ ជា​ការ​លើកទឹកចិត្ត និង​ត្រៀម​ទទួល​អំណរ​សាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​កក់ក្តៅ ​៕ អត្ថបទសហការ