ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​គី​ស្ថាន​សម្រុក​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​មជ្ឈិមបូព៌ា មុន​ពេល​កិច្ចចរចា​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់

5 ម៉ោង មុន

ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ ៖ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ផ្តោត​ទៅ​លើ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ (Islamabad) នា​ចុង​ស​ប្តា​ហ៍​នេះ ជា​ពេល​ដែល​ប្រទេស​ប៉ា​គី​ស្ថាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជំនួប​ការទូត​ដ៏​សំខាន់​បំផុត គឺ​កិច្ចចរចា​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ដើម្បី​បញ្ចប់សង្គ្រាម​នោះ អ្វី​ដែល​គ្រប់​គ្នា​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ…

ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ ៖ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ផ្តោត​ទៅ​លើ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ (Islamabad) នា​ចុង​ស​ប្តា​ហ៍​នេះ ជា​ពេល​ដែល​ប្រទេស​ប៉ា​គី​ស្ថាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជំនួប​ការទូត​ដ៏​សំខាន់​បំផុត គឺ​កិច្ចចរចា​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ដើម្បី​បញ្ចប់សង្គ្រាម​នោះ អ្វី​ដែល​គ្រប់​គ្នា​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ គឺ​ខែល​ការពារ​មេឃ​របស់​ប៉ា​គី​ស្ថាន​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន India Today ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៦​។

ជាមួយ​កិច្ចចរចា​ដែល​មាន​ហានិភ័យ​ខ្ពស់ នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៦ ប៉ា​គី​ស្ថាន​ហាក់ដូចជា​មិន​ប្រថុយប្រថាន​នឹង​រឿង​នេះ​ឡើយ ពិសេស​ដើម្បី​ធានា​សុវត្ថិភាព​យន្តហោះ​គណៈប្រតិភូ​អ៊ី​រ៉​ង់​ពី​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​នោះ កងទ័ពអាកាស​ប៉ា​គី​ស្ថាន​បាន​បង្កើត​ប្រតិបត្តិការ​សន្តិភាព​ដ៏​ធំ​បំផុត​មួយ ដោយ​ប្រញាប់ប្រញាល់​បញ្ជូន​កង​យន្តហោះ​ចម្បាំង យន្តហោះ​ដឹក​ជញ្ជូន C-130 យន្តហោះ​ចាក់​ប្រេង និង​យន្តហោះ​ស៊ើបការណ៍ និង​គ្រប់គ្រង​ដែនអាកាស​កម្រិត​ខ្ពស់ AWACS ទៅ​កាន់​មជ្ឈិមបូព៌ា​។

ទំហំ​ខែល​ការពារ​អាកាស ដែល​ត្រូវ​បាន​អ្នកជំនាញ​ខ្លះ​ហៅ​ថា «​អ្នក​អមដំណើរ​ដែកថែប​» បាន​គូសបញ្ជាក់​ពី​សម្ពាធ​ដ៏​ធំ​ដែល​ប៉ា​គី​ស្ថាន​កំពុង​ស្ថិត​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ជំនួប​ការទូត​ដ៏​សំខាន់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ​ប្រែ​ក្លាយទៅជា​បន្ទាយ​ដ៏​រឹង​មាំ ស្រប​ពេល​ប៉ា​គី​ស្ថាន​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ខ្លួន​សកម្ម​ខ្លាំង​នៅ​ក្នុង​ដែន​ភាគ​ខាងត្បូង និង​ខាងលិច​។ រដ្ឋមន្ត្រី​មហាផ្ទៃ​ប៉ា​គី​ស្ថាន លោក Mohsin Naqvi បាន​ប្រាប់​កាសែត​នៅ​ក្នុងស្រុក The Dawn ថា ផែនការ​ដ៏​ទូលំទូលាយ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ផ្តល់​សន្តិសុខ​ដ៏​រឹង​មាំ​បំផុត​ដល់​ភ្ញៀវ​បរទេស​ទាំងអស់​។

អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក JD Vance ត្រូវ​បាន​រាយការណ៍​កំពុង​តែ​ដឹកនាំ​គណៈប្រតិភូ​អា​មេ​រិ​ក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ​រួច​ហើយ​។ ចំណែក​ខាង​អ៊ី​រ៉​ង់ ការ​ចរចា​ទំនងជា​ដឹកនាំ​ដោយ​ប្រធាន​សភា លោក Mohammad Ghalibaf និង​រដ្ឋមន្ត្រី​ការ​បរទេស លោក Abbas Araghchi​។ ប្រសិនបើ​ការ​ចរចា​កើតឡើង​មែន នោះ​វា​នឹង​ក្លាយជា​ជំនួប​ទល់មុខ​គ្នា​កម្រិត​ខ្ពស់​បំផុត​រវាង​គូប្រជែង​ទាំង​ពីរ ចាប់តាំងពី​បដិវត្តន៍​អ៊ិ​ស្លា​ម​ឆ្នាំ ១៩៧៩​។

ដោយសារ​តែ​កងទ័ពអាកាស​អ៊ី​រ៉​ង់​ស្ទើរតែ​ទាំងស្រុង​ត្រូវ​បាន​បំផ្លាញ​ក្នុង​សង្គ្រាម​នោះ ប៉ា​គី​ស្ថាន​បាន​ដាក់​ពង្រាយ​កង​យន្តហោះ​របស់​ខ្លួន​យ៉ាងច្រើន ដើម្បី​បង្កើត​ខែល​ការពារ​ពីលើ​អ៊ី​រ៉​ង់ និង​ឈូង​សមុទ្រ​ពែ​រ្ស សម្រាប់​អមដំណើរ​គណៈប្រតិភូ​ប្រទេស​នេះ​។

ទិន្នន័យ​តាមដាន​ជើងហោះហើរ​សកល​បាន​បង្ហាញ​ថា បណ្តា​យន្តហោះ​ចម្បាំង​ប៉ា​គី​ស្ថាន JF-17 Thunder និង F-16 បាន​បង្ហាញ​វត្ត​មាននៅ​ជិត​ទីក្រុង​កំពង់​ផែ បាន​ដា អា​បាស់ (Bandar Abbas) របស់​អ៊ី​រ៉​ង់​។ យន្តហោះ​ទាំងនេះ នឹង​អមដំណើរ​យន្តហោះ​ដឹក​គណៈប្រតិភូ​អ៊ី​រ៉​ង់​ទៅ​កាន់​ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ ដែល​ចំណាយពេល​ប្រហែល​៣​ម៉ោង​។ ក្រៅពី​នេះ កងទ័ពអាកាស​ប៉ា​គី​ស្ថាន​ក៏​បាន​ដាក់​ពង្រាយ​បណ្តា​យន្តហោះ​ដឹក​ប្រេង IL-78 ដើម្បី​រក្សា​ឱ្យ​យន្តហោះ​ចម្បាំង​ហោះហើរ​លើ​អាកាស​បាន​យូរ​។
មិន​ត្រឹមតែ​ប៉ុណ្ណោះ ប៉ា​គី​ស្ថាន​ក៏​បាន​ដាក់​ពង្រាយ​យន្តហោះ C-130 Hercules សម្រាប់​ភស្តុ​ភារ និង​ការ​គាំទ្រ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ប្រព័ន្ធ​ព្រមាន និង​គ្រប់គ្រង​ដែនអាកាស ឬ​យន្តហោះ​ស៊ើប​ការ AWACS រហស្សនាម​ថា «​គ្រាប់ភ្នែក​នៅ​លើ​មេឃ​» កំពុង​រក្សា​ការ​ឃ្លាំមើល​ជា​បន្តបន្ទាប់​លើ​ដែនអាកាស​ពី​ប្រទេស​ប៉ា​គី​ស្ថាន​ទៅ​ឈូង​សមុទ្រ​ពែ​រ្ស​។

គួរ​ឱ្យ​ចាប់អារម្មណ៍​ការ​ដាក់​ពង្រាយ​នេះ មិន​ត្រឹមតែ​កំណត់​ចំពោះ​ដែនអាកាស​របស់​អ៊ី​រ៉​ង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យន្តហោះ​ចម្បាំង​ប៉ា​គី​ស្ថាន​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជិត​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម និង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ប៉ា​គី​ស្ថាន​មាន​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ជា​យុទ្ធសាស្ត្រ​ជាមួយ​ផង​ដែរ​។

ទាំងនេះ គឺជា​ការ​សម្គាល់​លើ​ការ​ដាក់​ពង្រាយ​កងទ័ពអាកាស ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​សម្រាប់​ប៉ា​គី​ស្ថាន​អត្ថន័យ គឺ ច្បាស់លាស់ និង​កុំ​ប្រថុយប្រថាន​។ លោក Ishtiaq Ahmad សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Quaid-e-Azam ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ បាន​លើក​ឡើង​ថា «​ពិភពលោក​ទាំងមូល​កំពុង​តាមដាន​ដោយ​អន្ទះសារ ចំពោះ​លទ្ធផល​នៃ​ការ​ចរចា​នេះ ដោយសារ​អនាគត​នៃ​តំបន់​អាស្រ័យ​លើ​កិច្ចចរចា​នេះឯង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ